អ្នកវិទ្យាសាស្ត្រប្រើយន្តហោះពិសេស ដើម្បីសិក្សាអំពីកម្រិតពន្លឺព្រះច័ន្ទ ដែលពិបាកក្នុងសិក្សាកន្លងមក

134

(បរទេស)៖ ដើម្បីសិក្សាឲ្យបានច្បាស់អំពីកម្រិតពន្លឺរបស់ព្រះច័ន្ទ អ្នកវិទ្យសាស្រ្តអាមេរិកបានប្រើប្រាស់ប្រព័ន្ធតេឡេស្កូប ដែលអាចធ្វើដំណើរក្នុងផ្ទៃអាកាស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩។

កន្លងមកការដឹកនាំកម្មវិធីសិក្សាពីកម្រិតពន្លឺ ដែលព្រះច័ន្ទទទួលបានពីព្រះអាទិត្យ គឺពឹងផ្អែកទៅលើប្រព័ន្ធតេឡេស្កូប ឬកែវយឺតនៅជាប់នឹងផ្ទៃផែនដីយើងផ្ទាល់។ ប៉ុន្តែមធ្យោបាយបែបនេះ គឺមិនសូវជាអំណោយផលនោះឡើយ សម្រាប់ការវាស់ស្ទង់កម្រិតពន្លឺរបស់ព្រះច័ន្ទឲ្យបានត្រឹមត្រូវ ដោយសារបាំងស្រទាប់បរិយាកាសរបស់ផែនដី។

បើតាមទ្រឹស្តីខាងលើនេះ អ្នកវិទ្យាសាស្រ្តអាចបង្ហោះតេឡេស្កូបឡើងទៅទីអវកាស ដើម្បីប្រមូលទិន្នន័យឲ្យបានច្បាស់ជាងមុន ប៉ុន្តែឧបករណ៍នោះនឹង ពិបាកឲ្យពួកគេធ្វើការកែសម្រួលវាឲ្យសមស្របតាមគន្លងព្រះច័ន្ទ ព្រោះស្ថិតនៅក្នុងទីអវកាសឯណោះ។ ដូច្នេះហើយទើប អ្នកវិទ្យាសាស្រ្តបានប្រើប្រាស់យន្តហោះ ER-2 របស់ទីភ្នាក់ងារអវកាសអាមេរិក NASA សម្រាប់ហោះនៅរយៈកម្ពស់ខ្ពស់ ដែលអាចហោះនៅកម្ពស់ ២១គីឡូម៉ែត្រពីនីវ៉ូទឹកសមុទ្រ។

គួរជម្រាបថា យន្តហោះមានបំពាក់ឧបករណ៍វិទ្យាសាស្រ្តជាច្រើន សម្រាប់ការងារវាស់ស្ទង់កម្រិតពន្លឺរបស់ព្រះច័ន្ទ ក្រោមបេសកកម្មឈ្មោះថា Airborne Lunar Spectral Irradiance Mission ឬ Air-LUSI។ មកទល់ឥឡូវ បេសកកម្មនេះបានធ្វើការហោះហើរប៉ុន្មានជើងរួចមកហើយ ចេញពីមជ្ឈមណ្ឌល Armstrong Flight Research Center នៅរដ្ឋកាលីហ្វរញ៉ារបស់អង្គការ NASA ហើយសម្រាប់ទិន្នន័យនានា អាចនឹងទទួលបាននៅឆ្នាំខាងមុខ៕

480×240 Banner