យាន Juno ប្រទះឃើញព្យុះទើបកើតថ្មីលើភពព្រហស្បតិ៍ ដែលមានទំហំជិតប៉ុនទឹកដីអាមេរិក

131

(បរទេស)៖ យានអវកាស Juno របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ទើបតែប្រទះឃើញការចាប់កំណើត នៃព្យុះថ្មីមួយលើភពព្រហស្បតិ៍ (Jupiter) បន្ទាប់ពីវាបំពេញបេសកកម្មជុំវិញភពឧស្ម័នយក្សនេះ តាំងតែពីខែកក្កដា ឆ្នាំ២០១៦។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន RT នៅថ្ងៃសោរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៩។

អង្គការ NASA បានឲ្យដឹងថា របកគំហើញថ្មីខាងលើត្រូវសម្រេចបាន កំឡុងការហោះឆ្វែលចូលទៅកៀកកាលពីខែវិច្ឆិកា របស់យានអវកាស Juno ដែលស្ថិតនៅចម្ងាយប្រមាណ ៣,៥០០គីឡូម៉ែត្រពីភពព្រហស្បតិ៍។ កំឡុងពេលនោះ ក្រុមការងារបេសកកម្ម Juno បានប្រទះឃើញព្យុះថ្មីមួយ ដែលបានលេចរូបរាងឡើង នៅប៉ូលខាងត្បូងរបស់ភពព្រហស្បតិ៍។ ព្យុះថ្មីនោះមានកម្លាំងខ្យល់បក់ជាមធ្យមប្រហែល ៣៦២គីឡូម៉ែត្រក្នុងមួយម៉ោង ដែលស្មើនឹងកម្លាំងរបស់ព្យុះផ្សេងៗទៀតដែលនៅតំបន់នោះ បើទោះបីបច្ចុប្បន្នវាមានទំហំតូចជាងក៏ដោយ។

គួរជម្រាបថា វត្តមានព្យុះថ្មីនេះបានប្រែក្លាយទម្រង់នៃក្រុមព្យុះ នៅប៉ូលខាងត្បូងភពព្រហស្បតិ៍ ដែលកន្លងមកមានលក្ខណៈជារាងបញ្ចកោណ ទៅជាឆកោណវិញ។ អំឡុងការសិក្សាស្រាវស្រាវនៅក្បែរភពព្រហស្បតិ៍ នារយៈពេលប៉ុន្មានឆ្នាំមកនេះ យានអវកាស Juno បានប្រទះឃើញព្យុះធំៗ ជាច្រើននៅជុំវិញតំបន់ប៉ូលទាំងសងខាងរបស់ភពឧស្ម័នយក្សនេះ។ ក្នុងនោះព្យុះចំនួន ០៩ ស្ថិតនៅប៉ូលខាងជើង ហើយមានរង្វិលស្របទៅនឹងទិសនៃទ្រនិចនាឡិកា ខណៈព្យុះចំនួន ០៦ នៅប៉ូលខាងត្បូង (បូកជាមួយព្យុះថ្មីខាងលើឡើងដល់ ៧)។ ព្យុះទាំង ១៥នោះមានទំហំស្ទើរតែប៉ុនសហរដ្ឋអាមេរិកមួយទាំងមូល ខណៈព្យុះមួយថ្មីដែលទើបប្រទះឃើញ នោះមានទំហំតូចជាងព្យុះដទៃៗទៀត៕

480×240 Banner