ផ្កាយរណបអឺរ៉ុបទើបថតរូបព្រះច័ន្ទភពអង្គារ ដែលមានលក្ខណៈច្បាស់ខ្លាំង (រូបភាពខាងក្នុង)
(បរទេស)៖ ទីភ្នាក់ងារអវកាសអឺរ៉ុប ESA បានបញ្ចេញរូបភាពដ៏ច្បាស់ថ្មីៗ នៃព្រះច័ន្ទឈ្មោះថា ហ្វូបូស (Phobos) របស់ភពអង្គារ (Mars) ដែលមើលទៅដូចជាដុំអាចម៍ផ្កាយធំមួយប៉ុណ្ណោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញវែបសាយ Space នៅថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៩។
យានផ្កាយរណបនៃបេសកកម្ម Mars Express របស់អង្គការអវកាសអឺរ៉ុប ដែលកំពុងគោចរជុំវិញភពអង្គារ ទើបបានផ្តិតយករូបភាពថ្មីៗនៃព្រះច័ន្ទ Phobos នៅចម្ងាយខ្ទង់ ២,៤០០គីឡូម៉ែត្រពីវា កាលពីអំឡុងខែវិច្ឆិកាកន្លងទៅនេះ។ រូបភាពទាំងនោះបានបង្ហាញនូវស្លាមស្នាក និងរណ្តៅផ្សេងៗនៅលើផ្ទៃរបស់ Phobos ក្នុងកម្រិតយ៉ាងច្បាស់ ដោយសារវាត្រូវបំភ្លឺដោយពន្លឺពីព្រះអាទិត្យ។
បន្ថែមពីខាងលើនេះទៀត យានផ្កាយរណប Mars Express បានថតរូប Phobos ដល់ទៅជាង ៤០សន្លឹកឯណោះដើម្បីបង្កើនការយល់ដឹង បន្ថែមទៀតអំពីលក្ខណៈទូទៅរបស់វា។ ចំណុចដែលគួរឲ្យចាប់អាម្មរណ៍របស់ព្រះច័ន្ទ Phobos គឺរណ្តៅអាចម៍ផ្កាយដ៏ធំមួយហៅថា Stickney Crater ព្រមទាំងស្នាមឆ្នូតវែងៗនៅលើខ្លួនវា។
គួរជម្រាបថា រូបរាងរបស់ព្រះច័ន្ទ Phobos គឺមើលទៅដូចជាអាចម៍ផ្កាយមួយដុំយ៉ាងដូច្នោះ ខណៈវាមានមុខកាត់ទំហំ ១១គីឡូម៉ែត្រ និងប្រើពេល ០៨ម៉ោងដើម្បីវិលជុំវិញភពអង្គារមួយជុំ។ ភពអង្គារមានព្រះច័ន្ទតែពីរប៉ុណ្ណោះ ដោយមួយទៀតមានឈ្មោះថា Deimos ដែលមានទំហំតូចជាង Phobos ហើយក៏មានរូបរាងចម្លែកដូចអាចម៍ផ្កាយដែរ គឺមិនមូលដូចព្រះច័ន្ទរបស់ផែនដីឡើយ។ កន្លងមកអ្នកវិទ្យាសាស្ត្រធ្លាប់បានសន្និដ្ឋានថា Phobos និង Deimos អាចជាដុំអាចម៍ផ្កាយមកពីតំបន់ខ្សែក្រវាត់ Asteroid Belt ដែលស្ថិតនៅចន្លោះភពអង្គារ និងព្រហស្បតិ៍ ដែលត្រូវបានកម្លាំងទំនាញភពអង្គារបង្ខាំងទុក៕