ឯកសាររាប់ម៉ឺនច្បាប់ស្តីពី «ថាសហោះ» ត្រូវតម្កល់នៅសាកលវិទ្យាល័យកាណាដា ហើយព្រឹត្តិការណ៍ចម្លែកនៅឆ្នាំ១៩៦៧ ក៏មានដែរ…
(កាណាដា)៖ ផ្ទៃមេឃនៃភាគខាងជើងប្រទេសកាណាដា ក៏ជាជម្រុកនៃទិដ្ឋភាពអាថ៌កំបាំងដ៏ច្រើនស្អេកស្កាសផងដែរ បើធៀបនឹងតំបន់ល្បីៗមួយចំនួនលើលោករួមទាំងអាមេរិក ហើយក្នុងនោះវត្តមាននៃវត្ថុដ៏គួរឲ្យសង្ស័យ ដែលគេមិនអាចកំណត់អត្តសញ្ញាណ និងប្រភព ឬជាភាសាសាមញ្ញហៅថា ថាសហោះ (UFO) ក៏បានកើតមានឡើងនៅតំបន់នោះផងដែរ។
ឆាប់ៗនេះរាល់ឯកសារទាំងឡាយ ដែលពាក់ព័ន្ធទៅនឹងការប្រទះឃើញ ក៏ដូចជាតាមប្រមាញ់ព្រឹត្តិការណ៍ចម្លែកៗដូចខាងលើនេះ នឹងត្រូវបញ្ជូនទៅឲ្យសាកលវិទ្យាល័យ Manitoba ស្ថិតនៅក្នុងទីក្រុង Winnipeg នៃប្រទេសកាណាដាហើយ។ ក្រុមអ្នកសិក្សា និងធ្លាប់ងឿងឆ្ងល់អំពីរឿងរ៉ាវខាងលើនេះ ប្រាកដជាអន្ទះសាក្នុងការស្រាវជ្រាវឯកសារទាំងនោះជាក់ជាមិនខានឡើយ។
ការឧបត្ថម្ភឯកសារខាងលើនេះ ត្រូវបានបំផុសឡើងដោយលោក Chris Rutkowski អ្នកសិក្សាអំពី UFO ដ៏ល្បីឈ្មោះមួយរូបនៅកាណាដា ហើយឯកសារដែលត្រូវបានប្រមូលផ្តុំនាពេលនេះមានរហូតដល់ទៅជាង ៣០,០០០ច្បាប់ឯណោះ ដោយក្នុងនោះជាង ២០,០០០ជារបាយការណ៍ទូទៅស្តីអំពីការប្រទះឃើញ UFO និងជាង ១០,០០០ច្បាប់ទៀតស្តីពីរឿងរ៉ាវពាក់ព័ន្ធនឹង UFO ដែលជារបស់រដ្ឋាភិបាលកាណាដាផ្ទាល់តែម្តង។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺភាគច្រើននៃឯកសារទាំងអស់ ត្រូវបានផ្តោតសំខាន់ទៅលើការប្រទះឃើញ UFO នៅតំបន់ Falcon Lake ដែលត្រូវបានលោក Chris Rutkowski ចាត់ទុកថា «ជាឯកសារពាក់ព័ន្ធករណីជួបប្រទះ UFO ដ៏ល្អបំផុតរបស់កាណាដា»។ លោក Chris Rutkowski ថែមទាំងបានបញ្ជាក់ថា រឿងរ៉ាវនៅតំបន់ Falcon Lake គឺល្បីល្បាញខ្លាំងជាងវត្ថុអវកាសដែលហោះហើរលើរដ្ឋ New Mexico នៅឆ្នាំ១៩៤៧ នោះទៅទៀត ព្រោះអាមេរិកពេលនោះនៅតែមិនអាចដឹងថា តើមានអ្វីដែលបានកើតឡើងលើតំបន់ Roswell ឡើយ។
ឧប្បដិហេតុនៅតំបន់ Falcon Lake ពិតជាបានធ្វើឲ្យមន្ត្រីរដ្ឋាភិបាលអាមេរិក និងកាណាដា មិនអាចរកចម្លើយ និងពន្យល់អំពីរឿងរ៉ាវនោះដូចគ្នា។ ការប្រទះឃើញវត្ថុចម្លែកហោះហើរនៅលើតំបន់ Falcon Lake បានកើតមានឡើងកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៦៧ នៅពេលអ្នកស្រាវជ្រាវភូមិសាស្ត្រមួយរូបឈ្មោះ Stefan Michalak កំពុងធ្វើការសិក្សាមួយនៅក្បែរបឹង Falcon ក្នុងខេត្ត Manitoba។
ក្នុងអំឡុងពេលនៃការស្ទាបស្ទង់មួយក្នុងតំបន់នោះ លោក Stefan Michalak ត្រូវបានភ្ញាក់ផ្អើលដោយហ្វូងសត្វបក្សី ដែលហោះហើរឆ្លងកាត់លោកទាំងហ្វូងយ៉ាងកម្រោល។ យោងទៅតាមការរៀបរាប់ជាច្រើនដងរបស់ Michalak សត្វបក្សីទាំងនោះបានភៀសខ្លួន ចេញពីវត្ថុចំនួនពីរដែលមានរាងដូចបារីស៊ីហ្គា កំពុងហោះសំកាំងនៅលើផ្ទៃមេឃ ដោយវត្ថុមួយក្នុងចំណោមពីរនោះបានចេញទៅ ហើយដោយឡែកមួយទៀត បានធ្វើការចុះចតនៅវាលថ្មដែលស្ថិតនៅក្បែរនោះ។
លោក Michalak បានចំណាយពេលគូសវាសរូបរាងនៃយានអាថ៌កំបាំង នៅមុនពេលដែលលោកសម្រេចចិត្ត ធ្វើដំណើរទៅរកវា។ នៅពេលលោកស្ថិតនៅក្បែរនោះលោកមានអារម្មណ៍ថា មានចំហាយក្តៅមធ្យម ហើយនិងក្លិនស្ពាន់ធ័រ បូកថែមទាំងសំឡេងយានដ៏ទ្រហឹងខ្លាំងមែនទែន។ លោក Michalak អះអាងថា កម្តៅនៃចំហាយចេញពីយាននោះ គឺក្តៅខ្លាំងស្ទើរតែដុតរោលស្រោមដៃរបស់លោកទៅហើយ ខណៈសំឡេងយាននោះ គឺទំនងជាចេញក្នុងខ្លួនវាតែម្តង។
តាមពិតទៅអ្វីដែលលោក Michalak រំពឹងទុកពេលទ្វារយានកំពុងបើកនោះ គឺការមើលឃើញអាកាសយានិកអាមេរិក នៅក្នុងយាននោះប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងអ្វីដែលលោកបានឃើញ នោះគឺត្រឹមពន្លឺភ្លឺព្រាកៗនៅមុនទ្វារនោះបិទទៅវិញ ហើយបន្ទាប់មកយាននោះក៏បានហោះឡើង និងបានបង្វិលខ្លួនសន្សឹមៗ។ ប្រហោងតូចៗនៅផ្នែកខាងក្រៅនៃយាន បានបាញ់ចំហេះឥន្ធនៈដ៏ក្តៅចេញមកក្រៅ ដើម្បីរុញច្រានល្បឿនយានឲ្យហោះឡើងទៅបាត់ស្រមោល។
ហេតុការណ៍ខាងលើនេះបានធ្វើឲ្យមួក និងអាវរបស់លោក Michalak ឆេះខ្លោច ហើយលោកថែមទាំងបានរងរងរបួស ដោយការរលាកនៅត្រង់ពោះផងដែរ។ ទោះបីជាលោកបានទទួលការព្យាបាល នៅក្នុងមន្ទីរពេទ្យមួយនៅទីក្រុង Winnipeg ក្តី ក៏អការៈលោកហាក់មានភាពធ្ងន់ធ្ងរ ដូចជានៅមានការក្អួតចង្អោរ ឈឺក្បាល និងហេវហត់បន្តអស់ជាច្រើនសប្តាហ៍ បន្ទាប់ពីហេតុការណ៍ខាងលើនេះបានកើតឡើង។
ក្រោយមកពេលបានធូរស្រាលបន្តិច លោក Michalak បានរៀបរាប់រឿងរ៉ាវទាំងអស់ ប្រាប់ទៅដល់អាជ្ញាធរកាណាដា និអាមេរិក ហើយបន្ទាប់មកទៀត លោកក៏ត្រូវបានគេបញ្ជូនទៅកាន់គ្លីនិក Mayo នៃរដ្ឋ Minnesota សហរដ្ឋអាមេរិក ដើម្បីធ្វើការត្រួតពិនិត្យ និងវាយតម្លៃលើកាយសម្បទា ព្រមទាំងផ្នែកចិត្តសាស្ត្រ។ នៅទីបំផុតគ្លីនិក Mayo បានកំណត់ច្បាស់ថា លោក Michalak មានស្មារតីល្អ និងគ្មានភាពមិនប្រក្រតីណាមួយ បានកើតមានឡើងនោះឡើយ។
រយៈពេលប៉ុន្មានឆ្នាំក្រោយមកទៀត បំណែកលោហៈធាតុមួយត្រូវបានរកឃើញនៅតំបន់បឹង Falcon ដែលជាកន្លែង Michalak អះអាងថា បានប្រទះឃើញយានចម្លែក (UFO) ចុះចតកាលពីខែឧសភា ឆ្នាំ១៩៦៧។ ការធ្វើតេស្តលើវត្ថុនោះបានរកឃើញថា វាពិតជាមានផ្ទុកសារធាតុវិទ្យុសកម្ម (Radioactive) ខ្ពស់ខ្លាំងណាស់។ រហូតមកដល់បច្ចុប្បន្ននេះ ទាំងយោធាកាណាដា និងអាមេរិកផងដែរ នៅតែមិនទាន់អាចផ្តល់ចម្លើយ ដើម្បីពន្យល់អំពីព្រឹត្តិការណ៍នោះដដែល។
គួរបញ្ជាក់ថា រាល់កំណត់ត្រាទាំងអស់របស់លោក Rutkowski លើឧប្បត្តិហេតុនៅបឹង Falcon រួមទាំងការជួបប្រទះ UFO រាប់ពាន់ករណីផ្សេងទៀត នឹងត្រូវបើកទូលាយឲ្យគ្រប់គ្នាស្រាវជ្រាវ នៅឯបណ្ណាល័យតម្កល់ និងប្រមូលផ្តុំឯកសារពិសេសៗរបស់សាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា។ សាកលវិទ្យាល័យក៏បានបើកយុទ្ធនាការរៃអង្គាសប្រាក់ ដើម្បីជួយធ្វើឯកសារទាំងអស់នេះ ទៅជាឯកសារឌីជីថលផងដែរ៕
ប្រភព៖ សារព័ត៌មាន Space (ថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៩)
ប្រែសម្រួល៖ Cambo Space