សំនួរកាលពីកុមារ៖ ហេតុអ្វីព្រះច័ន្ទត្រូវបានគ្រប់គ្នាហៅថាព្រះច័ន្ទ?
(បរទេស)៖ បើគិតទៅនេះជាសំនួរកាលពីកុមារពិតមែន ប៉ុន្តែហេតុផលវិញនោះ គឺមិនអាចនឹកឃើញហើយឆ្លើយឲ្យតែរួចពីមាត់នោះឡើយ។ របកគំហើញ និងវត្ថុល្បីៗនានាអស់កាលជាយូរលង់មកហើយ តែងតែមានឈ្មោះតំណាលដែលចេញពីមាត់មនុស្សដំបូង និងត្រូវបានមនុស្សផ្សេងៗទៀតនិទានតាមរហូតក្លាយជាឈ្មោះ និងប្រវត្តិដើមរបស់វាតែម្តង។
ជាក់ស្តែងព្រះច័ន្ទរបស់ផែនដីយើងនេះ ដែលជាភាសាអង់គ្លេសហៅថា មូន (Moon) ប្រាកដណាស់ថា គឺមនុស្សជាអ្នកដាក់ឈ្មោះ Moon នេះឲ្យ និងត្រូវបានហៅតៗគ្នាមក។ ព្រះច័ន្ទពិតជាវត្ថុដ៏សំខាន់មួយនៅលើផ្ទៃមេឃ ហើយស្ទើរតែប្រជាជនគ្រប់តំបន់នៅទូទាំងពិភពលោក បានប្រើប្រាស់ព្រះច័ន្ទជាឧបករណ៍ ដើម្បពីកំណត់ខែដែលហៅថា ច័ន្ទគតិ។
ពាក្យថា Moon គឺអាចនិយាយបានថា ជាការកម្លាយមកពីពាក្យ មូណា (Mōna ) ដែលជាពាក្យអង់គ្លេសកាលពីសម័យបុរាណ។ Mōna ក៏ជាពាក្យដើមដូចជាពាក្យរបស់ជនជាតិអាមេរិកឡាទីនហៅថា មេទ្រី (Metri) ផងដែរ ដោយវាមានន័យថា ជាការគណនា ឬ មែនស៊ីស (Mensis) មានន័យថា ខែ។
ដូច្នេះសរុបសេចក្តីមក ហេតុដែលគេហៅព្រះច័ន្ទថា មូន (Moon) ក៏ព្រោះតែវាជាវត្ថុនៅលើផ្ទៃមេឃ ដែលមនុស្សពីបុរាណប្រើប្រាស់ដើម្បីគណនាពេលវេលា (ខែ) ប៉ុន្តែសម្រាប់ប្រភពជាក់ច្បាស់ថា ជាពាក្យចេញមកពីជាតិដើមមួយណានោះ គឺនៅតែស្ថិតក្នុងភាពស្រពិចស្រពិល ហើយជនជាតិផ្សេងៗទៀតក៏បានដាក់ឈ្មោះឲ្យវាផងដែរដូចជា ខ្មែរយើងហៅព្រះច័ន្ទថាព្រះច័ន្ទ ឬព្រះខែ (លោកខែ) ជាដើម។
ប៉ុន្តែ! តើហេតុអ្វីព្រះច័ន្ទភពផ្សេងមានឈ្មោះ តែព្រះច័ន្ទផែនដីយើងនៅតែត្រូវគេហៅថា ជាព្រះច័ន្ទដដែល? ពិតណាស់ គំនិតអំពីព្រះច័ន្ទត្រូវបានផ្លាស់ប្តូរចាប់តាំងពីឆ្នាំ១៦១០ គឺនៅពេលដែលតារាវិទូដ៏ល្បីល្បាញរបស់អ៊ីតាលីលោក Galileo Galilei បានរកឃើញព្រះច័ន្ទធំៗទាំង ៤ របស់ភពព្រហស្បតិ៍ជាលើកដំបូង ដែលក្រោយមកត្រូវបានគេដាក់ឈ្មោះថា ព្រះច័ន្ទ Ganymede, Calisto, Io និង Europa។
ជាបន្តបន្ទាប់មកទៀត ក្រុមតារាវិទូនៅទ្វីបអឺរ៉ុបក៏បានរកឃើញព្រះច័ន្ទនៅជុំវិញភពសៅរ៍ ក្នុងនោះមានដូចជា Titan, Enceladus និង Dion ផងដែរ។ វត្ថុទាំងអស់នេះត្រូវបានគេចាត់លំដាប់ថ្នាក់ទៅជាព្រះច័ន្ទ ក៏ព្រោះតែវាជាវត្ថុអវកាស ដែលគោចរកៀកទៅហ្នឹងភពមេរបស់វា ដោយគន្លងទៀងទាត់ ឬត្រូវបានឃាត់ទុកនៅទីនោះ ដោយកម្លាំងទំនាញរបស់មេពួកវា ដូចព្រះច័ន្ទរបស់ផែនដីយើងដែរ។
ដូច្នេះសរុបសេចក្តីជាលើកទីពីរ ពាក្យថាព្រះច័ន្ទបានប្រែក្លាយទៅជាប្រភេទ ឬលំដាប់ថ្នាក់នៃវត្ថុអវកាសមួយវិញ ហើយសម្រាប់ព្រះច័ន្ទរបស់ផែនដីយើង ក៏ត្រូវបានគេហៅឈ្មោះសម្គាល់ឲ្យផ្សេងទៀតផងដែរនោះគឺ លូណា (Lunar) ជាភាសាឡាទីន ឬអេស្ប៉ាញពីបុរាណ។ ការហៅថា Luna ឬ Lunar គឺជាការបញ្ចៀសភាពភ័ន្តច្រឡំមួយដែរ ខណៈដែលបច្ចុប្បន្ននេះការសិក្សាផ្នែកវិទ្យាសាស្ត្រ បានប្រែក្លាយពាក្យថាព្រះច័ន្ទ ទៅជាពាក្យសម្គាល់ប្រភេទ ឬលំដាប់ថ្នាក់ទៅហើយ៕
ប្រភព៖ សារព័ត៌មាន Space (ថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០១៩)
ប្រែសម្រួល៖ Cambo Space