កែវយឺតអវកាសឆ្លុះភពថ្មីឈ្មោះ CHEOPS នឹងហោះឡើងទៅទីអវកាសក្នុងពេលឆាប់ៗ…
(អឺរ៉ុប)៖ ទីភ្នាក់ងារអវកាសអឺរ៉ុប ESA កំពុងត្រៀមបាញ់បង្ហោះកែវយឺតអវកាសមួយគ្រឿងឈ្មោះថា ឆេអូបស៍ (CHEOPS ឬ Characterising Exoplanets Satellite) នាថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីឲ្យវាសិក្សាពីភពដែលនៅឆ្ងាយៗ ស្ថិតនៅប្រទេសផ្កាយដទៃពីយើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Futurism នៅថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩។
ខណៈកែវយឺតអវកាសអវកាសដែលធំៗជាងវាដូចជា Hubble របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ជាដើម ត្រូវបានអភិវឌ្ឍន៍ឡើងដើម្បីធ្វើការងារបានច្រើនចម្រុះគ្នា កែវយឺតអវកាស CHEOPS នេះ ត្រូវបានផលិតឡើងជាពិសេស សម្រាប់ការសិក្សាអំពីអង្កត់ផ្ចិត និងម៉ាសរបស់ភពអេលៀនដែលនៅក្រៅប្រព័ន្ធព្រះអាទិត្យ។ តាមរយៈការទទួលបានព័ត៌មានទាំងនេះ អ្នកវិទ្យាសាស្រ្តសង្ឃឹមថា នឹងអាចស្វែងរកឃើញ ភពដែលមានលទ្ធភាពទ្រទ្រង់ទម្រង់ជីវិតបាន។
បើតាមសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារ ESA កែវយឺតអវកាស CHEOPS នឹងត្រូវបាញ់បង្ហោះឡើងទៅទីអវកាសកម្ពស់ ៧០០គីឡូម៉ែត្រពីផ្ទៃផែនដី ហើយវានឹងចំណាយពេលយ៉ាងហោច ៣ឆ្នាំកន្លះ ដើម្បីប្រមូលទិន្នន័យជារៀងរាល់ថ្ងៃតែម្តង។ ទីភ្នាក់ងារអវកាសអឺរ៉ុបបានបញ្ជាក់ថា CHEOPS នឹងផ្តោតការឆ្លុះមើលជាសំខាន់ទៅលើប្រព័ន្ធផ្កាយនានា ដែលកន្លងមកត្រូវបានគេរកឃើញថា មានភពស្ថិតនៅទីនោះ។
គួរជម្រាបថា ទីភ្នាក់ងារអវកាសអាមេរិក NASA វិញក៏នឹងត្រូវបាញ់បង្ហោះកែវយឺតអវកាស-ផ្កាយរណបដ៏ធំមួយផងដែរ មានឈ្មោះថា James Webb Space Telescope នៅខែមីនា ឆ្នាំ២០២១។ កែវយឺតអវកាសនេះ មានសមត្ថភាពបំពេញការងារបានច្រើនយ៉ាង រួមមានទាំងការសំឡឹងមើលកាឡាក់ស៊ី ដែលមានអាយុកាលចំណាស់ៗខ្លាំងជាដើម៕