NASA បញ្ចេញផែនទីទឹកកកលើភពព្រះអង្គារ ដែលជាសញ្ញាដ៏ល្អសម្រាប់បេសកកម្មនៅថ្ងៃមុខ!
(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានបញ្ចេញផែនទីនៃភពអង្គារ (Mars) ដែលបង្ហាញតំបន់មួយអាចមានផ្ទុកទឹកកក នៅក្រោមផ្ទៃដីលើភពនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space នៅថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩។
ក្រុមអ្នកវិទ្យាសាស្រ្តរបស់អង្គការ NASA បានរកឃើញទីតាំងដ៏ល្អមួយ សម្រាប់បេសកកម្មនាថ្ងៃអនាគតរបស់ក្រុមអវកាសយានិក ដែលនឹងចុះទៅដល់ភពអង្គារ។ កន្លែងនោះស្ថិតនៅតំបន់ Arcadia Planitia នៃអឌ្ឍគោលខាងជើងរបស់ភពអង្គារ ហើយត្រូវគេជឿថា មានលាក់ទុកទឹកក្នុងទម្រង់ជាទឹកកកនៅក្រោមផ្ទៃដី និងមិនសូវជ្រៅប៉ុន្មានឡើយ ហើយវាក៏ជាទីតាំងដ៏ប្រសើរមួយ សម្រាប់ការបំពេញបេសកកម្មរបស់មនុស្សផងដែរ ដោយសារមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ និងមានសីតុណ្ហភាពមធ្យម។
ជាមួយគ្នានេះដែរទីភ្នាក់ងារអវកាស NASA បានលើកឡើងថា តាមរយៈការសិក្សាតទៅមុខទៀត ពួកគេអាចនឹងរកឃើញទីតាំងល្អៗបន្ថែម សម្រាប់ការចុះចតរបស់ក្រុមអវកាសយានិក ដែលអង្គការ NASA សង្ឃឹមថា នឹងអាចបញ្ជូនទៅដល់ភពអង្គារ នៅអំឡុងទសវត្សរ៍ឆ្នាំ២០៣០។ អង្គការ NASA ក៏សង្ឃឹមដែរថា ជាជាងការខិតខំនាំយកទឹកពីផែនដីទៅកាន់ភពអង្គារ ដើម្បីបំពេញតម្រូវការរបស់អវកាសយានិក ពួកគេអាចទទួលបានទឹកបរិភោគ និងប្រើប្រាស់ព្រមទាំងសមាសធាតុផ្សំរបស់ទឹក ដូចជាអុកស៊ីសែន និងអ៊ីដ្រូសែន សម្រាប់ធ្វើជាឥន្ធនៈរបស់គ្រាប់រ៉ុក្កែត នៅលើភពអង្គារផ្ទាល់តែម្តង។
គួរជម្រាបថា ផែនដីខាងលើត្រូវបានរៀបចំឡើង ដោយយោងទៅលើទិន្នន័យបានមកពីយានអវកាសចំនួនពីររបស់អង្គការ NASA គឺយាន Mars Reconnaissance Orbiter និង Mars Odyssey។ ផ្ទៃដីនៅលើភពអង្គារមានលក្ខណៈស្ងួតគ្មានទឹកឡើយ ព្រោះតែបរិយាកាសដ៏ស្តើងរបស់វា ពោលបើមានក៏ទឹកទាំងនោះ នឹងត្រូវហួតទៅក្នុងបរិយាកាស ឬទីអវកាសអស់ភ្លាមៗដែរ។ ប៉ុន្តែនៅតំបន់ប៉ូលរបស់ភពក្រហមនេះ មានវត្តមានទឹកគួរកត់សម្គាល់ក្នុងទម្រង់ជាទឹកកក តែវាមិនអំណោយផលសម្រាប់បេសកកម្មសិក្សា នារយៈពេលយូរនោះទេ ដោយសារនៅតំបន់ប៉ូលរបស់ភពអង្គារ មានសីតុណ្ហភាពត្រជាក់ខ្លាំង និងងងឹតរយៈពេលយូរថែមទៀត។
កាលពីដើមដំបូង ភពអង្គារត្រូវអ្នកវិទ្យាសាស្រ្តអះអាងថា ពិតជាមានទឹកហូរនៅលើផ្ទៃរបស់វា ប៉ុន្តែដោយសារពេលនោះស្រទាប់បរិយាសរបស់វា គឺមានកម្រាស់ក្រាស់ជាងបច្ចុប្បន្នឆ្ងាយ។ យោងតាមទ្រឹស្តីគួរឲ្យជឿជាក់ជាងគេ ឥទ្ធិពលព្រះអាទិត្យ ឬព្យុះព្រះអាទិត្យបានធ្វើឲ្យស្រទាប់បរិយាកាសភពអង្គារចុះស្តើងខ្លាំង រហូតស្ថិតក្នុងលក្ខណៈដូចសព្វថ្ងៃដែលមិនអាចទ្រទ្រង់វត្តមានទឹក នៅលើផ្ទៃរបស់វាបានទៀតឡើយ៕