បើថ្ងៃមុខជីវិតត្រូវរកឃើញលើព្រះច័ន្ទ Europa ឬ Enceladus ពួកវាទាំងនោះប្រហែលជា​បានកកើតនៅទីនោះផ្ទាល់

151

(អាមេរិក)៖ កន្លងទៅថ្មីៗនេះអ្នកស្រាវជ្រាវម្នាក់នៅសាកលវិទ្យាល័យ Purdue University នៃសហរដ្ឋអាមេរិកបានលើកឡើងថា ប្រសិនបើជីវិតពិតជាត្រូវរកឃើញ នៅក្នុងផ្ទៃសមុទ្រក្រោមផ្ទៃព្រះច័ន្ទទឹកកកដូចជា យូរ៉ូប៉ា (Europa) របស់ភពព្រហស្បតិ៍ (Jupiter) ឬក៏ អ៊ែនសេឡាដឹស (Enceladus) របស់ភពសៅរ៍ (Saturn) មែននោះ ពួកវាទំនងជាទម្រង់ជីវិតដើមសុទ្ធសាធ ដែលពុំមានប្រភពពីផែនដី ឬមួយពីកន្លែងណាផ្សេងឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​វែបសាយព័ត៌មាន Space នៅថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩។

អ្នកវិទ្យាសាស្រ្តជាច្រើនមានការជឿជាក់ថា ជីវិតអាចចល័តពីកន្លែងមួយទៅកន្លែងមួយទៀត ក្នុងប្រព័ន្ធព្រះអាទិត្យយើងតាមរយៈបំណែកថ្ម ដែលខ្ទាតចេញទៅក្នុងទីអវកាស ដោយសារព្រឹត្តិការណ៍ប៉ះទង្គិចជាមួយអាចម៍ផ្កាយ។ តួយ៉ាងជីវិតនៅលើផែនដីយើងផ្ទាល់ត្រូវគេសង្ស័យថា តាមពិតប្រហែលជាមានប្រភពដើម មកពីភពអង្គារឯណោះទៅវិញទេ ដ្បិតភពក្រហមនោះត្រូវអ្នកវិទ្យាសាស្រ្តជឿថា កាលពីយូរណាស់មកហើយ វាធ្លាប់ជាទីឋានដែលអាចទ្រទ្រង់ជីវិតបាន។

យ៉ាងណាមិញ ដោយតាមការពិសោធន៍អ្នកស្រាវជ្រាវខាងលើ គឺលោក ចាយ មេឡូស (Jay Melosh) ករណីបែបនោះ មិនអាចកើតឡើងលើព្រះច័ន្ទ Europa ឬ Enceladus ឡើយ។ ក្នុងន័យមួយវាគឺជាដំណឹងដ៏ល្អ ព្រោះថានៅក្នុងប្រព័ន្ធព្រះអាទិត្យ ទំនងមានប្រភេទទម្រង់ជីវិតច្រើនខុសគ្នា ជាជាងទម្រង់ជីវិតតែមួយ​ដែលត្រូវបានចែកចាយតៗគ្នា។ ម៉្យាងវិញទៀតវាក៏មានន័យថា ទម្រង់ជីវិតមិនមែនជាអព្ភូតហេតុអស្ចារ្យអ្វីឡើយ តែគឺជារឿងធម្មតាទូទៅនៅក្នុងចក្រវាឡយើងទៅវិញទេ។

គួរជម្រាបថា ក្នុងពេលខាងមុខយើងប្រហែលជាអាចទទួលបានឆ្លើយខ្លះៗ សម្រាប់ចម្ងល់ទាំងនេះ តាមរយៈបេសកកម្មមួយចំនួនដែល ទីភ្នាក់ងារអវកាសអាមេរិក NASA កំពុងអភិវឌ្ឍន៍ឡើងដូចជា Europa Clipper ដែលមានគោលដៅឆ្ពោះទៅសិក្សាលើព្រះច័ន្ទ Europa នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០២០ និងបេសកកម្ម Dragonfly ដែលឆ្ពោះទៅសិក្សាព្រះច័ន្ទ Titan របស់ភពសៅរ៍នៅឆ្នាំ២០២៦៕

480×240 Banner