ដៃសំខាន់នៃយាន InSight ដំណើរការឡើងវិញ និងទំនងជារកឃើញបាតុភូតរញ្ជួយដី នៅលើភពអង្គារ

324

(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រាប់ដំណឹងល្អមួយ គឺឧបករណ៍ខួងដីហៅថា Mole របស់យាន InSight ដែលស្ថិតនៅភពអង្គារ (Mars) បាននិងកំពុងដំណើរការជាធម្មតាវិញហើយ ក្រោយមានបញ្ហាប៉ុន្មានលើក។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីវែបសាយព័ត៌មាន Space នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩។

យាន InSight ដែលជាប្រភេទ Lander មិនអាចចល័តកើត បានចុះទៅដល់ភពអង្គារកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ជាមួយបេសកកម្មស្វែងយល់ អំពីសណ្ឋានផ្នែកខាងក្នុងរបស់ភពក្រហមនោះ។ សម្ភារៈដ៏សំខាន់ចំនួនពីរសម្រាប់ការបំពេញការងាររបស់វា គឺឧបករណ៍ស្ទាបស្ទង់ចលនាក្រោមដី និងឧបករណ៍គោលសម្រាប់ខួងដីហៅថា Mole។ ប៉ុន្តែក្រោយការចាប់ផ្តើមធ្វើប្រតិបត្តិការមិនបានប៉ុន្មានផង ឧបករណ៍ Mole ក៏ស្រាប់តែគាំង ហើយអង្គការ NASA បានព្យាយាមស្វែងរកវិធីដោះស្រាយ តាំងពីពេលនោះមក។

មកដល់ខែតុលាកន្លងទៅ ឧបករណ៍ខួបដីនោះក៏បានលៀនចេញមកខាងលើវិញតែម្តង។ ដោយឡែកនៅថ្ងៃវិច្ឆិកា ទីភ្នាក់ងារអវកាស NASA បានប្រកាសឧបករណ៍ Mole បានចាប់ផ្តើមរុលចូលក្នុងដីវិញបានជម្រៅ ៣២មីលីម៉ែត្រ ហើយកាលពីថ្ងៃទី១៦ ខែធ្នូនេះ NASA បានឲ្យដឹងថា ឧបករណ៍នោះកំពុងបន្តធ្វើប្រតិបត្តិការជាធម្មតាវិញហើយ តែមិនបានបញ្ជាក់ថា វាបានខួងដល់ជម្រៅប៉ុណ្ណាហើយទេ។

គួរជម្រាបថា អំឡុងរយៈពេលជាច្រើនខែមកនេះ ក្រុមការងារនៃបេសកកម្ម InSight ក៏បានប្រទះឃើញសញ្ញាញ័ររញ្ជួយ នៅក្រោមផ្ទៃដីភពអង្គារប៉ុន្មានលើកផងដែរ ហើយពួកគេកំពុងរង់ចាំចែករំលែកព័ត៌មានលម្អិត ពាក់ព័ន្ធរបកគំហើញទាំងនេះ ក្នុងរបាយការណ៍ស្រាវជ្រាវ ដែលនឹងត្រូវចេញផ្សាយនាពេលខាងមុខ៕

480×240 Banner