ទីបំផុតយានរុករក Mars 2020 «ទទួលបានប័ណ្ណបើកបរហើយ» និងត្រៀមហោះទៅភពអង្គារនៅឆ្នាំក្រោយ
(អាមេរិក)៖ យានរុករក Mars 2020 របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ទើបតែសម្រេចជោគជ័យក្នុងការធ្វើតេស្តបើកបរជាលើកដំបូង ខណៈនៅតែសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ ដំណើរផ្សងព្រេងទៅរកភពអង្គារនឹងចាប់ផ្តើម។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩។
ទីភ្នាក់ងារស្រាវជ្រាវបច្ចេកវិទ្យា Jet Propulsion Laboratory (JPL) របស់អង្គការ NASA បានឲ្យដឹងថា ការវាយតម្លៃលើសកម្មភាពធ្វើតេស្តបើកបររបស់យាន Mars 2020 ក្នុងសប្តាហ៍នេះ បានបង្ហាញលទ្ធផលវិជ្ជមានតាមការរំពឹងទុកទាំងអស់។ យានរុករកជំនាន់ថ្មីនេះ ត្រូវបានគេសាកល្បងបញ្ជាឲ្យបរទៅមុខទៅក្រោយ និងបង្វិលខ្លួន ក្នុងបន្ទប់ពិសោធន៍មួយនៅទីភ្នាក់ងារ JPL។ ទីភ្នាក់ងារនេះបានលើកឡើងថា យាន Mars 2020 ទទួលបានប័ណ្ណបើកបររបស់វាហើយ ហើយពេលក្រោយដែលវាធ្វើចលនា គឺនឹងប្រព្រឹត្តទៅនៅលើដីរបស់ភពអង្គារ។
គួរជម្រាបថា យានរុករក Mars 2020 ដែលនឹងទទួលបានឈ្មោះជាផ្លូវការ ក្នុងពេលមិនយូរទៀតឡើយ ត្រូវបានរចនាឡើង ដើម្បីឲ្យវាមានសមត្ថភាពធ្វើដំណើរដោយស្វ័យប្រវត្តិបានច្រើន ជាងយានរុករកជំនាន់មុនៗឆ្ងាយ ហើយមានបំពាក់នូវឧបករណ៍ទំនើបៗបំផុត។
យាននេះត្រូវបាន NASA គ្រោងនឹងបាញ់បង្ហោះចេញពីផែនដីនៅខែកក្កដា ឬក៏សីហា ឆ្នាំ២០២០ ដើម្បីទៅសិក្សាស្រាវជ្រាវបន្ថែមពីភពអង្គារ រួមទាំងស្វែងរកសញ្ញានៃទម្រង់ជីវិតដែលទំនងជាធ្លាប់មានវត្តមាននៅទីនោះ។ ក្រៅពីនេះ Mars 2020 នឹងប្រមូលគំរូតាងទុកសម្រាប់បេសកកម្មក្រោយៗទៀត ហើយជួយត្រួសត្រាយផ្លូវសម្រាប់បេសកកម្មរុករករបស់មនុស្ស នៅលើភពក្រហមនោះផងដែរ។ វាត្រូវគេរំពឹងថា នឹងចុះទៅដល់តំបន់មួយហៅថារណ្តៅ Jezero Crater លើភពអង្គារ (Mars) នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១៕