ចាត់ទុកថាយាន Starliner របស់ Beoing ទទួល «បរាជ័យ» ក្នុងការចូលចតនៅស្ថានីអវកាសអន្តរជាតិ

256

(វ៉ាស៊ីនតោន)៖ យានអវកាស Starliner របស់ក្រុមហ៊ុន Boeing បានត្រឡប់ចុះមកដល់ផែនដីវិញកាលពីថ្ងៃអាទិត្យ (ពេលវេលានៅអាមេរិក) ក្រោយពីបានបោះបង់ចោលគម្រោង ចូលចតនៅស្ថានីយអវកាសអន្តរជាតិ ព្រោះតែការបញ្ជ្រៀតខ្លួនចូលខុសគន្លង ក្រោយពីបាញ់បង្ហោះឡើងពីផែនដី។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩។

យាន Starliner ដែលជាយានអវកាស Boeing កំពុងតែបន្តអភិវឌ្ឍន៍ ដើម្បីដឹកអវកាសយានិករបស់​ទីភ្នាក់ងារអវកាសអាមេរិក NASA ឡើង និងចុះស្ថានីយអវកាសអន្តរជាតិ (ISS) ត្រូវបានធ្វើតេស្តហោះហើរជាលើកដំបូង កាលពីថ្ងៃសុក្រសប្តាហ៍មុន ប៉ុន្តែពុំមានផ្ទុកមនុស្សឡើយ។ តាមផែនការដែលបានគ្រោងទុក យាននេះត្រូវទៅចូលចតនៅស្ថានីយអវកាសអន្តរជាតិ ប៉ុន្តែក្រោយការបាញ់បង្ហោះឡើងពីផ្ទៃផែនដី និងការផ្តាច់ខ្លួនចេញពីគ្រាប់រ៉ុក្កែត វាមិនបានទៅដល់គន្លងទីតាំងដែលបានកំណត់ទុក ដើម្បីត្រៀមឆ្ពោះទៅចតនៅស្ថានីយ ISS នោះឡើយ។

គួរជម្រាបថា ទោះបីយាន Starliner ត្រូវបានបាញ់បង្ហោះឡើងចេញផុតពីផែនដី​ដោយជោគជ័យ ហើយចុះមកវិញដោយសុវត្ថិភាពក៏ដោយ ការបោះបង់ចោលការចូលចតនៅស្ថានីយអវកាស ISS ដែលជាគោលដៅចម្បងគេ​នៃបេសកកម្មសាកល្បងនេះ គឺជាបញ្ហាមួយសម្រាប់កិច្ចប្រឹងប្រែងរបស់អង្គការ NASA ក្នុងការកាត់ផ្តាច់ភាពពឹងផ្អែក​លើយានអវកាសរុស្ស៊ី ហើយងាកមកប្រើយានរបស់អាមេរិកផ្ទាល់វិញ ដើម្បីដឹក អវកាសយានិកឡើងនិងចុះស្ថានីយអវកាសនោះ។

ទីភ្នាក់ងារអវកាស NASA បានផ្តល់កិច្ចសន្យាឲ្យក្រុមហ៊ុន Boeing និង SpaceX ផលិត យានអវកាសពីរគ្រឿងកាលពីឆ្នាំ២០១៤។ យាន Crew Dragon របស់ SpaceX បានបញ្ចប់ការហោះហើរលើកដំបូងដោយមិនមានមនុស្ស កាលពីខែមីនា ឆ្នាំ២០១៩ ហើយគ្រោងនឹងចេញបេសកកម្មសាកល្បង ដោយមានវត្តមានអវកាសយានិកនៅក្នុងឆ្នាំ២០២០៕

480×240 Banner