កាលពីឆ្នាំ១៦៧២ តារាវិទូជនជាតិអ៊ីតាលី Giovanni Cassini បានរកឃើញព្រះច័ន្ទធំបំផុតទីពីរនៃភពសៅរ៍

142

(បរទេស)៖ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៦៧២ តារាវិទូជនជាតិអ៊ីតាលីម្នាក់ឈ្មោះ ជីអូនវ៉ាននី កាស៊ីនី (Giovanni Cassini) បានប្រទះឃើញព្រះច័ន្ទរាហ៍ (Rhea) ដែលជា ព្រះច័ន្ទធំជាងគេលំដាប់ទីពីររបស់ភពសៅរ៍ (Saturn)។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន Space នៅថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០១៩។

ព្រះច័ន្ទ Rhea មានសមាសធាតុផ្សំនៃថ្ម និងទឹកកក ហើយសម្បូរទៅលើរណ្តៅនៅលើផ្ទៃរបស់វា ហើយ Rhea គឺជាព្រះច័ន្ទតែមួយគត់នៅក្នុងប្រព័ន្ធព្រះអាទិត្យ ដែលបានត្រូវអ្នកវិទ្យាសាស្រ្តរកឃើញថា មានបរិយាកាសដែលគ្របដណ្តប់ទៅដោយឧស្ម័នអុកស៊ីសែន។ ព្រះច័ន្ទ Rhea គឺជាព្រះច័ន្ទទីពីរ ដែលត្រូវបានរកឃើញដោយលោក Cassini។

ប្រមាណជាមួយឆ្នាំមុនពេលនោះ លោកបានរកឃើញព្រះច័ន្ទមួយទៀត ឈ្មោះថា ឡាផេធឹស (Lapetus) របស់ភពសៅរ៍។ ខណៈ Rhea ត្រូវបានរកឃើញតាំងពីឆ្នាំ១៦៧២ ព្រះច័ន្ទនេះមិនត្រូវបានដាក់ឈ្មោះឲ្យជាផ្លូវការឡើយ រហូតទាល់តែដល់ឆ្នាំ១៨៤៧។ Rhea មានអង្កត់ផ្ចិត ១,៥២៧.៦គីឡូម៉ែត្រ ខណៈទីតាន (Titan) ជាព្រះច័ន្ទបងគេមានអង្កត់ផ្ចិតរហូតដល់ ៥,១៤៩.៥គីឡូម៉ែត្រ។

គួរជម្រាបថា យានអវកាស Cassini របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ដែលកន្លងមកបានសិក្សានៅប្រព័ន្ធភពសៅរ៍ គឺត្រូវបានដាក់ឈ្មោះតាមតារាវិទូរូបនេះ។ បេសកកម្មរបស់យាន Cassini បានបញ្ចប់ទៅកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ តាមរយៈការទម្លាក់ខ្លួនកម្ទេចចោលនៅក្នុងបរិយាកាសភពសៅរ៍៕

480×240 Banner