តើឆ្នាំណាទើបអង្គការ NASA បាញ់យានដឹកមនុស្សទៅភពអង្គារឲ្យពិតប្រាកដ?
(អាមេរិក)៖ តាមរយៈការសិក្សាជារួមដោយវិទ្យាសាស្ត្រនយោបាយបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ (STPI) បានឲ្យដឹងថា បេសកកម្មនាំមនុស្សទៅកាន់ភពព្រះអង្គារ ដោយអង្គការអវកាសអាមេរិក NASA មិនអាចធ្វើឡើងនៅឆ្នាំ២០៣៣ ដូចការគ្រោងទុកនោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នាថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០១៩។
ដោយសារតែថវិកាទ្រទ្រង់បេសកកម្ម កាន់តែត្រូវបានរឹតត្បិតពីមួយឆ្នាំទៅមួយឆ្នាំ វិទ្យាសាស្ត្រ STPI បានសន្និដ្ឋានថា អង្គការ NASA អាចបាញ់យានដឹកមនុស្សទៅកាន់ភពអង្គារនៅឆ្នាំ២០៣៩ ឯណោះវិញ ខណៈបច្ចុប្បន្នគឺរដ្ឋាភិបាលអាមេរិក កំពុងតែបង្គាប់ឲ្យអង្គការ NASA ផ្តោតសំខាន់លើការកសាងមូលដ្ឋានលើឋានព្រះច័ន្ទឲ្យបានសម្រេចជាមុនសិននៅឆ្នាំ២០២៤ ក្រោមគំរោងឈ្មោះ Artemis ដែលនឹងប្រើប្រាស់ព្រះច័ន្ទជាទីសំចត ដើម្បីត្រៀមដំណើរឆ្ពោះទៅភពអង្គារតែម្តង។
ជុំវិញបញ្ហានេះបណ្ឌិត Paul Dimotakis និងសាស្ត្រាចារ្យ John K Northrop នៃវិទ្យាស្ថានបច្ចេកវិទ្យារដ្ឋកាលីហ្វរញ៉ា (Caltech) បានបង្ហាញមន្ទិលនៅឡើយ ទៅលើបច្ចេកវិទ្យាថ្មី និងសូម្បីតែការអភិវឌ្ឍសារធាតុគីមី ដើម្បីទ្រទ្រង់វិស័យថាមពល។
ក្រុមអ្នកជំនាញនៅតែចោទជាសំនួរថា តើការប្រើរ៉ុក្កែតដើរដោយចំហេះអុកស៊ីសែន និងអ៊ីដ្រូសែនអាចពន្យារពេលក្នុងការធ្វើដំណើររហូតដល់ ៦ខែដែរឬទេ?
គួរបញ្ជាក់ថា មនុស្សនៅមិនមានដំណោះស្រាយផ្នែកបច្ចេកទេស ដើម្បីឆ្លើយតបទៅនឹងប្រភពថាមពលយូរអង្វែង ដើម្បីរុញច្រានល្បឿនយានទៅភពអង្គារ និងការធានាសុវត្ថិភាពស្នាក់នៅរបស់អវកាសយានិក រយៈពេលរាប់ខែនៅលើយានដ៏តូចនៅឡើយនោះទេ។ លើសពីនេះទៅទៀត អ្នកជំនាញត្រូវតែដោះស្រាយបញ្ហានេះ ឲ្យបានមុនពេល NASA ត្រូវបញ្ជូនមនុស្សទៅភពព្រះអង្គារ។ ដូច្នេះសរុបសេចក្តីមក យើងទំនងជាមិនអាចនាំាំមនុស្សទៅភពអង្គារនៅឆ្នាំ២០៣៣ ដូចអង្គការ NASA ចង់បាននោះឡើយ៕