សូរ្យគ្រាសកើតឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩ នេះ, កម្ពុជាមើលឃើញ៦០% (ម៉ោងនៅខាងក្នុង)

425

(ភ្នំពេញ)៖ វាមិនមែនជាសូរ្យគ្រាសពេញលេញ ១០០% (Total Solar Eclipse) នោះឡើយ សម្រាប់អ្នកនៅទីក្រុងភ្នំពេញ ឬប្រទេសកម្ពុជាយើងទាំងមូល ប៉ុន្តែបើតាមកាលវិភាគ ទូទាំងប្រទេសកម្ពុជានឹងអាចទទួលរង បាតុភូតសូរ្យគ្រាសមិនពេញលេញ (Partial Solar Eclipse) ចាប់ផ្តើមពីវេលាម៉ោង ១០៖៣១ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូនេះ រហូតវេលាម៉ោង ២៖១៤នាទីរសៀលថ្ងៃដដែលទើបបញ្ចប់។

ក្នុងចន្លោះពេលខាងលើ គឺនៅវេលាម៉ោងប្រមាណ ១២៖២៤នាទីថ្ងៃត្រង់ ទើបជាសូរ្យគ្រាសកើតឡើងពេញ ៦០% តែម្តង។ ប្រការនេះមានន័យថា ទាល់តែដល់កំឡុងពេលកៀកថ្ងៃត្រង់ ទើបយើងអាចដឹងថា ពន្លឺព្រះអាទិត្យចាប់ផ្តើមត្រូវបិទបាំងបន្តិចម្តងៗដោយព្រះច័ន្ទ រហូតដល់ ៦០% ពេញនៅវេលាម៉ោង ១២៖២៤នាទី ហើយបន្ទាប់មកទៀត ទើបអ្វីៗចាប់ផ្តើមវិវឌ្ឍទៅជាប្រក្រតីឡើងវិញ ​បន្តិចម្តងៗរហូតដល់ម៉ោង ២៖១៤នាទីរសៀលថ្ងៃព្រហស្បតិ៍ដដែលនេះ ទើបបាតុភូតសូរ្យគ្រាសត្រូវបញ្ចប់ជាស្ថាពរ។

គួរបញ្ជាក់ថា សម្រាប់សូរ្យគ្រាសនៅថ្ងៃព្រហស្បតិ៍នេះ គឺជាសូរ្យប្រចាំឆ្នាំ ដែលនឹងរាលដាលពីប្រទេសអារ៉ាប៊ីសាអូឌីត ដល់ប្រទេសឥណ្ឌា និងអាស៊ីភាគខាងត្បូង។ បើតាមផែនទីដែលត្រូវបានបង្ហាញដោយក្រុមអ្នកជំនាញ ប្រទេសដែលនឹងអាចមើលឃើញសូរ្យគ្រាសពេញលេញ ១០០% មានដូចជាអារ៉ាប៊ីសាអូឌីត, អូម៉ង់, ឥណ្ឌាភាគខាងត្បូង, ស្រីលង្កា, កោះធំទាំងពីររបស់ឥណ្ឌូណេស៊ី គឺស៊ូម៉ាត្រា និងកាលីម៉ាន់តាន់, គូឡាឡាំពួរ-ម៉ាឡេស៊ី, ប្រ៊ុយណេ, សិង្ហបុរី និងភាគខាងត្បូងហ្វីលីពីន។

បញ្ជាក់៖ សម្រាប់បងប្អូនដែលចង់ទស្សនា គួរប្រុសប្រយ័ត្នចំពោះកែវភ្នែក និងស្បែក ព្រោះការស្ថិតនៅកណ្តាលថ្ងៃត្រង់បែបនេះ គឺពន្លឺព្រះអាទិត្យចែងចាំង ហើយកម្តៅវិញដ៏ខ្លាំងដែរ។ ដូច្នេះបងប្អូនគួរមានការការពារស្បែក និងជាពិសេសវ៉ែនតាខ្មៅការពារភ្នែក៕

ប្រភព៖ វែបសាយ Time and Date (ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩)

480×240 Banner