តើសូរ្យគ្រាសមានប៉ុន្មានប្រភេទ? (រូបភាពខាងក្នុង)
(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩ នេះ បាតុភូតសូរ្យគ្រាសលើកចុងក្រោយបំផុតប្រចាំទសវត្សរ៍បានកើតឡើង ហើយនៅកម្ពុជាយើងក៏មានឱកាស បានមើលឃើញបាតុភូតនេះផងដែរ ប៉ុន្តែវាមិនមានលក្ខណៈពេញ ១០០% (Total Solar Eclipse) នោះឡើយ។
បើតាមផែនទីដែលត្រូវបានបង្ហាញដោយក្រុមអ្នកជំនាញ ប្រទេសដែលអាចមើលឃើញសូរ្យគ្រាសនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងលក្ខណៈពេញលេញ ១០០% (ពន្លឺព្រះអាទិត្យត្រូវព្រះច័ន្ទបាំងជិតតែម្តង) មានដូចជាអារ៉ាប៊ីសាអូឌីត, អូម៉ង់, ឥណ្ឌាភាគខាងត្បូង, ស្រីលង្កា, កោះធំទាំងពីររបស់ឥណ្ឌូណេស៊ី គឺស៊ូម៉ាត្រា និងកាលីម៉ាន់តាន់, គូឡាឡាំពួរ-ម៉ាឡេស៊ី, ប្រ៊ុយណេ, សិង្ហបុរី និងភាគខាងត្បូងហ្វីលីពីន។ ប្រទេសកម្ពុជាក៏ធ្លាប់ជួបប្រទះបាតុភូតសូរ្យគ្រាសពេញទាំងស្រុងបែបនេះដែរ គឺកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៩៥។
១. តើបាតុភូតសូរ្យគ្រាសកើតឡើងបានយ៉ាងដូចម្តេច?
សូរ្យគ្រាសអាចកើតឡើងទៅបាន ទាល់តែនៅអំឡុងដំណើរគោចររបស់ផែនដី និងព្រះច័ន្ទជុំវិញព្រះអាទិត្យ វត្ថុទាំងបីឈានដល់ចំណុចមួយ ដែលធ្វើឲ្យពួកវាស្ថិតក្នុងលក្ខណៈ តម្រៀបជួរគ្នាជាខ្សែបន្ទាត់ត្រង់មួយ ដោយព្រះអាទិត្យ និងផែនដី ស្ថិតនៅចំហៀងម្ខាងម្នាក់នៃព្រះច័ន្ទ។ ជាទូទៅក្នុងមួយឆ្នាំមានបាតុភូតសូរ្យគ្រាសចន្លោះពី ២-៥ដង។
២. តើសូរ្យគ្រាសមានប៉ុន្មានប្រភេទ?
យោងតាមការកំណត់របស់ក្រុមអ្នកវិទ្យាសាស្រ្ត បាតុភូតសូរ្យគ្រាសត្រូវបានបែងចែកចេញជា ០៣ប្រភេទរួមមាន៖ សូរ្យគ្រាសពេញលេញ (Total Solar Eclipse), សូរ្យគ្រាសមិនពេញលេញ (Partial Solar Eclipse) និងសូរ្យគ្រាសចិញ្ចៀនភ្លើង (Annular Eclipse)។
* សូរ្យគ្រាសពេញលេញ៖ វាកើតឡើងនៅពេលយើងមើលពីផែនដីទៅ គឺព្រះច័ន្ទបាំងព្រះអាទិត្យជិតឈឹងតែម្តង។ សូរ្យគ្រាសប្រភេទនេះ អាចត្រូវមើលឃើញតែនៅតំបន់មួយចំនួនតូចប៉ុណ្ណោះលើផែនដី។
* សូរ្យគ្រាសមិនពេញលេញ៖ វាកើតឡើងនៅពេលយើងមើលពីផែនដីទៅ គឺព្រះអាទិត្យមិនត្រូវបានកំបាំងជិតឈឹងដោយព្រះច័ន្ទឡើយ ដែលវាអាចកើតឡើងនៅក្រោម ១០០% ដែលពន្លឺព្រះអាទិត្យនៅមានជាធម្មតា គ្រាន់តែស្រទន់ជាងមុនបន្តិច ដូចជាករណីទើបកើតឡើងនៅកម្ពុជាថ្ងៃនេះ។
* សូរ្យគ្រាសចិញ្ចៀនភ្លើង៖ វាកើតឡើងនៅពេលយើងមើលពីផែនដីទៅ គឺមួយតួខ្លួនព្រះច័ន្ទបាំងព្រះអាទិត្យមែន តែមិនជិតឈឹង ឬធ្វើឲ្យងងឹតតែម្តងដូច «សូរ្យគ្រាសពេញលេញ» នោះឡើយ គឺព្រះច័ន្ទមើលទៅរាងតូចជាងព្រះអាទិត្យ ដែលប្រការនេះបណ្តាលឲ្យសូរ្យគ្រាស នោះមើលទៅដូចជាចិញ្ចៀនភ្លើងមួយយ៉ាងដូច្នោះ។
គួរជម្រាបថា បាតុភូតសូរ្យគ្រាសនៅថ្ងៃព្រហស្បតិ៍នេះ គឺជាសូរ្យគ្រាសចិញ្ចៀនភ្លើង ឬ Annular Eclipse នេះឯង ប៉ុន្តែដូចការបញ្ជាក់ខាងលើ មានតែប្រទេសមួយចំនួនតូចប៉ុណ្ណោះ ដែលអាចមើលឃើញវាក្នុងលក្ខណៈបែបនេះ៕
ប្រភព៖ វែបសាយ study.com (ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩)