ទស្សនារូបភាពពិសេសៗនៃទីអវកាស មុនឆ្លងចូលឆ្នាំថ្មីឆ្នាំ២០២០ (រូបភាពខាងក្នុង)
(បរទេស)៖ ឆ្នាំ២០២០ ជិតចូលមកដល់ហើយនៅក្នុងរយៈពេលតែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ សម្រាប់ពេលវេលានៅទីក្រុងភ្នំពេញរបស់កម្ពុជាយើង ហេតុដូច្នេះកុំឲ្យអ្វីៗពិសេសរំលងពីខ្សែចក្ខុ នៃបណ្តាប្រជាជនខ្មែរដែលស្រលាញ់វិស័យអវកាស និងវិទ្យាសាស្ត្រនោះ សូមតាមដានរូបភាពពិសេសៗ អមដោយការបកស្រាយសង្ខេបដូចខាងក្រោមនេះ៖
១. រូបភាពត្រូវបានថតកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ បង្ហាញអំពីកាឡាក់ស៊ីមួយដែលមានឈ្មោះសម្គាល់ថា IC 2051 ដែលមានរាងដូចជារង្វង់ទឹកកួច។ រូបភាពនេះត្រូវបានថតដោយកែវយឺតអវកាស Hubble របស់អង្គការអវកាស NASA និង ESA។ វាបង្ហាញអំពីប្រហោងខ្មៅដ៏ធំ ស្ថិតនៅចំកណ្តាលកាឡាក់ស៊ីមួយនេះ ដែលជាកម្លាំងចលករក្នុងការដឹកនាំចលនានៃកាឡាក់ស៊ីទាំងមូល។
២. រូបភាពត្រូវបានថតកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ បង្ហាញអំពីការចុះត្រឡប់មកវិញ នៃយាន Starliner របស់ក្រុមហ៊ុន Boeing ដែលត្រូវបានបាញ់បញ្ជូនទៅកាន់ទីអវកាសដោយជោគជ័យ តែវាបានបរាជ័យក្នុងការចូលចត នៅក្នុងស្ថានីយអវកាសអន្តរជាតិ (ISS) ប៉ុន្តែទោះបីជាបែបនេះក្តី Starliner អាចចុះចតមកលើផែនដីវិញ ដោយជោគជ័យ។ ភាពបរាជ័យក្នុងការចូលចតនៅស្ថានីយអវកាសនោះ ក៏ព្រោះតែ Starliner ត្រូវបានបញ្ជាទៅខុសគន្លងគោចរដែលបានត្រៀមទុក។
៣. រូបភាពត្រូវបានបំលែងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នេះតែម្តង បង្ហាញអំពីចលនាកញ្ជ្រោលនៃពពក និងឧស្ម័នដែលស្រោបជុំវិញភពព្រហស្បតិ៍។ រូបភាពដែលត្រូវបានថតដោយយានអវកាស Juno នេះគឺស្ថិតនៅក្នុងរយៈចម្ងាយ ៥,២០០គីឡូម៉ែត្រពីភពព្រហស្បតិ៍ ហើយយើងក៏អាចមើលឃើញព្យុះមួយចំនួន លេចឡើងនៅក្នុងរូបភាព ដែលត្រូវបានថតដោយកាមេរ៉ា JunoCam នេះផងដែរ។
៤. រូបភាពត្រូវបានថតកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ បង្ហាញអំពីពណ៌ចំរុះនៃផ្ទៃមេឃរបស់ភពផែនដីដ៏អស្ចារ្យរបស់យើង។ រូបភាពប្រដឹសឡើងនៅលើតេឡេស្កូបរបស់អង្គការអឺរ៉ុប ESO នៅក្នុងប្រទេសឈីលីនេះ ពិតជាធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ និងស្វែងយល់អំពីភាពអស្ចារ្យនៃកាឡាក់ស៊ី Milky Way របស់យើងកាន់តែខ្លាំង តាមរយៈទិដ្ឋភាពជាក់ស្តែងនៅចំពោះមុខ។
៥. រូបភាពត្រូវបានថតកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសនៃបុណ្យណូអែលនៅអាមេរិក។ រូបភាពពីស្ថានីយអវកាសអន្តរជាតិ (ISS) មួយសន្លឹកនេះ គឺបង្ហាញអំពីរដូវធ្លាក់ព្រិលលើភពផែនដី ដែលធ្វើឲ្យយើងនឹកឃើញដល់យុគទឹកកក ឬ Snow Ball Earth ដែលផែនដីធ្លាប់ជួបប្រទះកាលពីរាប់ពាន់លានឆ្នាំមុន៕