មនុស្សបន្សល់ទុកសំរាម ៥សែនបំណែកនៅទីអវកាស! ពេលនេះ «អង្គការ NASA គ្រោងបញ្ជូនរ៉ូបូត ទៅបោសសម្អាតចេញពីគន្លងផែនដី!»

162

បរទេស៖ អង្គការ NASA សហការជាមួយសាកលវិទ្យាល័យអាមេរិក Stanford បានធ្វើការអភិវឌ្ឍ​ប្រភេទរ៉ូបូត​ថ្មីមួយ ដើម្បីជួយ​បោសសម្អាត​សំរាមអវកាស​ដ៏ច្រើនសន្ធឹកសន្ធាប់​ ចេញពីគន្លងជុំវិញ​ភពផែនដី។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី​សារព័ត៌មាន Telegraph នៅ​​រសៀល​ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។

បច្ចុប្បន្ននេះ​មានម្ទេចកម្ទីរ​នៃវត្ថុ​ ដែលផលិតឡើងដោយមនុស្សប្រមាណ ៥០០,០០០បំណែក កំពុលតែលតោល​ជុំវិញភព​របស់យើង នៅក្នុង​ល្បឿនមិន​សូវជាយឺតប៉ុន្មាននោះឡើយ ពោលគឺជិត ៣០,០០០គីឡូម៉ែត្រក្នុងមួយឯណោះ ហើយអ្នក​ជំនាញជាច្រើន​បានព្យាការណ៍ថា ប្រសិនបើ​បញ្ហាដ៏សំខាន់នេះ នៅតែមិនត្រូវ​បានដោះស្រាយ​ឲ្យបានឆាប់ទេនោះ វាអាចបង្ក​ការរះរាំងស្ទះ​ដល់បេសកកម្ម​ទៅកាន់ទីអវកាសនា​ពេលអនាគត​ខាងមុខបាន។ កាកសំណល់​ទាំងនោះ រួមមានផ្កាយរណប​ខូចៗ កម្ទេចកម្ទីរ​នៃយានអវកាស, និងបំណែកគ្រាប់រ៉ុក្កែតដែលប្រើ​ប្រាស់រួចជាដើម បានបង្ក​ការគំរាមកំហែង​រួចជាស្រេចដល់ ប្រព័ន្ធទូរគមនាគន៍ យានអវកាស និង​ក្រុមអវកាសយានិក​រួចបាត់​ទៅហើយ។

ដោយឡែកការ​ចាប់ប្រមូលយក​សំរាមទាំងនោះ គឺពុំមែនជាកិច្ចការ​ងាយស្រួលនៅក្នុង​លំហអាកាសឡើយ ដោយសារតែ​សារធាតុចាំ​បាច់​មួយចំនួន មិនដំណើរ​ការ ឬមានប្រសិទ្ធភាព​នៅក្នុងទីអវកាស​នោះទេ។ ក៏ប៉ុន្តែ NASA និង​សាកលវិទ្យាល័យ អំឡុងពេល​ជាច្រើនឆ្នាំ​​កន្លង​មក​នេះ ​បានសម្ងំអភិវឌ្ឍន៍​ម៉ាស៊ីនរ៉ូបូតស៊េរីថ្មី​មួយប្រភេទ ដើម្បីជួយសម្រួល​ ក៏ដូចជាដោះស្រាយបញ្ហា​បោសសម្អាតសំរាមអវកាសនេះ។ រ៉ូបូត​នោះ​​ត្រូវបានរចនាឡើង ដោយយកតាមលំនាំជើង​របស់សត្វតុកកែ ដែលអាចនៅជាប់នឹង​ជញ្ជាំងបាន។

រ៉ូបូតដែល​ប្រភេទចាប់យកនោះ ត្រូវបានចាប់ផ្តើម​អភិវឌ្ឍន៍ឡើងចាប់​តាំងពីប្រមាណជា ១០ឆ្នាំមុនមកម្ល៉េះ ហើយក្រុមការងារ​នៃគម្រោងនេះ ក៏បានបញ្ជូន​ម៉ាស៊ីនរ៉ូបូតនោះ​ឡើងទៅកាន់​ស្ថានីយ៍​អវកាស​អន្តរជាតិ (ISS) ផងដែរ ហើយពួកមានការពេញចិត្ត និងត្រេកអរ​ជាខ្លាំងជាមួយ​និងលទ្ធផលដែលទទួលបាន។ ចំណែក​ជំហាន​បន្ទាប់ទៀតវិញ គឺសាកល្បង​ឧបករណ៍បោស​សម្អាត​សំរាមអវកាសនេះ នៅក្នុង​លំហអាកាស​ផ្ទាល់តែម្តង។

គួរបញ្ជាក់ថា អង្គការ NASA និងសាកល​វិទ្យាល័យ Standford ក៏កំពុងតែធ្វើការ​ទៅលើជំនាន់ថ្មី​មួយផ្សេងទៀត នៃឧបករណ៍​រ៉ូបូតនេះ ដែល​មានសមត្ថភាព​អាចធន់នឹងកម្រិត​វិទ្យុសកម្មដ៏ខ្ពស់ៗ​ នៅទីអវកាសបានផងដែរ៕

480×240 Banner