តោះមើលកាលវិភាគ! «តើក្នុងខែកក្កដានេះ យើងអាចមើលឃើញភពណាខ្លះ នៅលើផ្ទៃមេឃនៃភពផែនដី?»
បរទេស៖ ភព០៤ក្នុងចំណោមភពភ្លឺៗចំនួន០៥ នឹងអាចត្រូវមើលឃើញបានយ៉ាងច្បាស់ ក្នុងខែកក្កដានេះ។ ភពអង្គារ (Mars) នឹងបាំងដោយចំណាំងពន្លឺដ៏ចែងចាំងរបស់ព្រះអាទិត្យ ក៏ប៉ុន្តែភពពុធ (Mercury), ភពសុក្រ (Venus), ភពព្រហស្បតិ៍ (Jupiter), ក៏ដូចជាភពសៅរ៍ (Saturn) នឹងបង្ហាញខ្លួនរបស់ពួកវា ឲ្យយើងឃើញ ដែលមនុស្សនៅលើភពផែនដីអាចមើលឃើញបាន ក្នុងខែនេះ។ នេះបើតាមដកស្រង់ការផ្សាយចេញពីវែបសាយ WHNT News នៅរសៀលថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០១៧។
១៖ ភពដំបូងគេដែលពួកយើងត្រូវស្វែងរកមើល នឹងលេចឡើងយ៉ាងច្បាស់នៅក្នុងផ្ទៃមេឃនាពេលឆាប់ៗនេះ គឺ ភពសៅរ៍ ដែលមានពណ៌មាស (Golden Saturn) នឹងចាប់ផ្តើមធ្វើដំណើរឆ្ពោះឡើងលើផ្ទៃមេឃ នៅក្នុងអំឡុងខែកក្កដានេះ ហើយវាអាចត្រូវមើលឃើញនាវេលាយប់ជ្រៅ។ នាថ្ងៃទី០៥, ទី០៦, និងទី០៧ ខែកក្កដា ឆ្នាំ២០១៧នេះ ភពសៅរ៍នឹងស្ថិតកាន់តែជិតនឹងព្រះច័ន្ទជាងមុន ហើយប្រហែលជាមានភាពងាយស្រួលជាងមុន ក្នុងការមើលវាផងដែរ។ យ៉ាងណាមិញបើចង់មើលសៅរ៍ អ្នកគួរតែក្រឡេកទៅរកប៉ែកខាងត្បូង ហើយរកមើលនៅខាងក្រោមទីតាំងព្រះច័ន្ទ។

២៖ ភពបន្ទាប់ទៀតដែលនឹងចល័តទៅជិតឋានព្រះច័ន្ទនៅលើផ្ទៃមេឃនោះ គឺភពសុក្រ។ ខុសប្លែកពីភពភ្លឺៗដទៃទៀតក្នុងខែកក្កដានេះ ភពសុក្រនឹងអាចត្រូវគេមើញនាវេលាទាបភ្លឺប៉ុណ្ណោះ។ អ្នកគួរតែក្រឡេករកមើលទៅភាគខាងកើត នាពេលទៀបភ្លឺ នៅក្នុងអំឡុងថ្ងៃទី២០ ខែកក្កដានេះ ហើយអ្នកនឹងអាចមើលឃើញភពសុក្រ បញ្ចេញរស្មីចែងចាំងនៅពីលើព្រះច័ន្ទ។ ភពសុក្រនាពេលនោះនឹងមានរហស្សនាមថា «តារារះនាព្រឹកព្រលឹម» នឹងលេចរូបរាងវាឡើងក្នុងរយៈពេលចន្លោះពី០២ទៅ០២ម៉ោងកន្លះទាបភ្លឺ មុនព្រះអាទិត្យរះឡើង ដូច្នេះហើយអ្នកគួរតែត្រៀមខ្លួនចាំរកមើលវានៅមុនពេលនោះ។

៣៖ ភពពុធគឺជាភពដែលនឹងមានភាពលំបាកជាងគេក្នុងចំណោមភពទាំង០៤ ដើម្បីបង្ហាញខ្លួនក្នុងខែកក្កដានេះ។ អ្នកអាចស្វែងរកភពពុធ ដោយការក្រឡេកមើលទៅទិសខាងលិចក្នុងរយៈពេលមួយម៉ោង ក្រោយព្រះអាទិត្យលិច ហើយវានឹងស្ថិតនៅទាបកៀកនឹងជើងមេឃ។ កាលបរិច្ឆេទដ៏ពិសេសសម្រាប់រកមើលភពពុធ គឺថ្ងៃទី២៤ និងទី២៥ ខែកក្កដានេះ។

៤៖ ទីបំផុតដល់ថ្ងៃទី២៨ ខែកក្កដានេះ ភពព្រហស្បតិ៍នឹងស្ថិតទៅជិតឋានព្រះច័ន្ទ ហើយវានឹងក្លាយជាវត្ថុអវកាសដ៏ចែងចាំងបំផុតមួយ នៅលើផ្ទៃមេឃ។ ក្រឡេកទៅភាគនិរតីនាពេលព្រលប់ ដើម្បីមើលឃើញភពព្រហស្បតិ៍ ដែលនៅពីក្រោមព្រះច័ន្ទក្នុងផ្ទៃមេឃ៕

