កាលពីឆ្នាំ១១១០ ព្រះច័ន្ទបាត់ខ្លួនពីផ្ទៃមេឃអស់កាលដ៏យូរ, មូលហេតុចម្បងមួយ ត្រូវបានពន្យល់…
(បរទេស)៖ កាលពីជិតមួយសហសវត្សរ៍មុន បាតុភូតដ៏ធំមហិមាមួយ បានកើតមានឡើងនៅក្នុងបរិយាកាសផែនដី ដែលជាហេតុធ្វើឲ្យផ្ទៃមេឃ ប្រែជាងងឹតខុសពីធម្មតា និងអូសបន្លាយនៅក្នុងរយៈពេលរាប់ខែ ឬក៏អាចឈានចូលរាប់ឆ្នាំផងដែរ មុនពេលបាតុភូតនោះរសាយទៅវិញអស់។ បាតុភូតនេះត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអះអាងថា ជាបណ្តុំពពកនៃភាគល្អិតស៊ុលផួរិច (sulphur-rich particles) ដែលបានអណ្តែតពាសពេញស្រទាប់ stratosphere ឬមណ្ឌលអាកាសស្ងប់ ដែលមានរយៈកម្ពស់ចាប់ពី ១៥-៥០គីឡូម៉ែត្រពីផ្ទៃផែនដី។
ក្រុមអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ហ៊ានធ្វើការអះអាងដូចខាងលើនេះ នៅក្រោយពេលដែលពួកគេ បានធ្វើការខួងចូលទៅក្នុងស្រទាប់ទឹកកក នៃតំបន់ប៉ូលខាងជើងរបស់ភពផែនដី។ នៅពេលធ្វើការខួងចុះយ៉ាងជ្រៅនោះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញសំណល់នៃឧស្ម័នស៊ូផួរ (sulphur aerosols) ដែលគេជឿជាក់ថា ត្រូវបានបង្កើតឡើងដោយបន្ទុះភ្នំភ្លើង ដ៏ធំមហិមាជាច្រើនលើក និងបានជះកម្ទេចកម្ទីរផេះផង់ ឡើងទៅកាន់ស្រទាប់ stratosphere របស់បរិយាកាសភពផែនដី។
ទឹកកកជាធាតុមួយដ៏ប្រសើរ ក្នុងការរក្សាទុកភស្តុតាងដ៏យូរអង្វែងនានា ពាក់ព័ន្ធនឹងបាតុភូតបន្ទុះភ្នំភ្លើង ប៉ុន្តែការចង្អុលបង្ហាញអំពីពេលវេលាជាក់លាក់ (កាលពីឆ្នាំ១១១០) ខាងលើនេះ គឺវាពិបាកក្នុងការកំណត់ឲ្យច្បាស់ណាស់។
កាលពីឆ្នាំ១១០៤ ភ្នំភ្លើងហេកក្លា (Hekla) នៅលើប្រទេសដីកោះអ៊ីស្លង់ (Iceland) បានផ្ទុះឡើងដ៏កក្រើកជាទីបំផុត។ Hekla ត្រូវបានមនុស្សសម័យនោះហៅថា «ច្រកទ្វារចូលទៅឋាននរក»។ កន្លងមកក្រុមអ្នកវិទ្យាសាស្រ្តធ្លាប់បានសន្និដ្ឋានថា បន្ទុះភ្នំភ្លើងនោះហើយ ដែលបានបន្សល់ទុកសំណល់ភាគល្អិតស៊ុលផួរខាងលើ។
ប៉ុន្តែការសិក្សាស្រាវជ្រាវថ្មីមួយកាលពីឆ្នាំ២០២០ ដឹកនាំដោយលោក Sébastien Guillet មកពីសាកលវិទ្យាល័យទីក្រុង Geneva ប្រទេសស្វីសបានលើកឡើងថា តាមរយៈការផ្ទៀងផ្ទាត់ពេលវេលាឡើងវិញ សំណល់ភាគល្អិតស៊ុលផួរដ៏ច្រើនសម្បើមនោះ មិនមែនត្រូវបាន បន្សល់ទុកដោយភ្នំភ្លើង Hekla ទេ ប៉ុន្តែដោយភ្នំភ្លើងមួយទៀតឈ្មោះ អាសាម៉ា (Asama) នៅឯប្រទេសជប៉ុន ដែលបានបង្កការផ្ទុះដ៏ធំ មហាសាលមួយ កាលពីឆ្នាំ១១០៨ ដែលអូសបន្លាយរយៈពេលរាប់ខែ។
គួរបញ្ជាក់ថា បើលោក Guillet បន្ទុះភ្នំភ្លើង Asama នៅជប៉ុននេះទៅវិញទេ ដែលទំនងជាបានបង្កឲ្យមាន «បណ្តុំឧស្ម័នស៊ុលផួរ» ពាសពេញបរិយាកាសផែនដី ព្រោះថាបាតុភូតច័ន្ទគ្រាសដ៏ចម្លែក គឺការដែលព្រះច័ន្ទមើលទៅបាត់ចេញពីផ្ទៃមេឃតែម្តងនោះ បានកើតឡើងកាលពីអំឡុងខែឧសភា ឆ្នាំ១១១០។ នេះបើតាមការកំណត់ត្រានៃប្រវត្តិសាស្ត្រ៕
ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Science Alert (ថ្ងៃចន្ទ ទី០៤ ខែមករា ឆ្នាំ២០២១)