មហាសមុទ្រលើព្រះច័ន្ទ Titan របស់ភពសៅរ៍មានជម្រៅជ្រៅជាងការគណនាពីមុនជិត១០ដង
(បរទេស)៖ ព្រះច័ន្ទទីតាន (Titan) របស់ភពសៅរ៍ ដែលមានទំហំធំជាងភពពុធទៅទៀតនោះ ត្រូវបានរកឃើញកន្លងមកនេះថា មានមហាសមុទ្រមេតានរាវ នៅផ្ទៃស្រទាប់លើរបស់វាតែម្តង ដែលមិនខុសពីទិដ្ឋភាពនៃសមុទ្រទឹកប្រៃ នៅលើផ្ទៃផែនដីយើងនោះឡើយ។ ប៉ុន្តែនៅដើមឆ្នាំ២០២១នេះ របកគំហើញថ្មីមួយទៀតត្រូវបានបញ្ចេញ នោះគឺសមុទ្ររបស់ព្រះច័ន្ទយក្សនេះ អាចមានជម្រៅរហូតដល់ទៅជាង ៣០០ម៉ែត្រឯណោះ។
ចំណុចដែលមានជម្រៅជាង ៣០០ម៉ែត្រខាងលើនេះ គឺស្ថិតនៅក្នុងសមុទ្រ ក្រាកិនមែរ (Kraken Mare) ដែលជាសមុទ្រធំជាងគេ នៅលើផ្ទៃព្រះច័ន្ទទីតាន ហើយបើយើងយកអគារ ក្រៃស្លឺ (Chrysler) នៅក្នុងទីក្រុងញូយ៉ក ដាក់ចូលទៅក្នុងសមុទ្រនោះ វានឹងលិចបាត់កំពូលតែម្តង។ បើនិយាយឲ្យចំទៅ សមុទ្រត្រង់ចំណុចខាងលើនេះ ត្រូវបានចាត់ទុកថាជ្រៅខ្លាំង ព្រោះសូម្បីតែប្រព័ន្ធរ៉ាដារបស់យាន Cassini ក៏មិនអាចវាស់ទៅដល់បាតសមុទ្រនោះដែរ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៤ ទិន្នន័យជាបឋមដែលទទួលបានពី គ្រឿងយន្តអវកាស Cassini បានគណនាថា ចំណុចជ្រៅបំផុតរបស់សមុទ្រ Kraken Mare គឺប្រមាណជា ៣៥ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែយោងតាមទិន្នន័យថ្មី ដែលទើបនឹងបញ្ចេញនៅដើមឆ្នាំ២០២១នេះ ជម្រៅជ្រៅបំផុតរបស់សមុទ្រ Kraken Mare គឺវែងជាងការគណនាពីមុនជិត ១០ដងឯណោះ។
ការសិក្សាអំពីជម្រៅជាក់លាក់ នៃសមុទ្ររបស់ព្រះច័ន្ទយក្សភពសៅរ៍ខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់ ព្រោះវាអាចឲ្យក្រុមអ្នកវិទ្យាសាស្ត្រឈានទៅស្វែងយល់បន្ថែមទៀត អំពីសមាសធាតុផ្សំខាន់ៗនៅក្នុងបរិយាកាស និងក្នុងសមុទ្ររបស់ព្រះច័ន្ទនោះផ្ទាល់។ សមុទ្ររបស់ទីតានត្រូវបានគណនាថា ពោពេញទៅដោយសារធាតុមេតាន និងអេតានក្នុងទម្រង់រាវ (methane និង ethane) ព្រោះនៅលើផ្ទៃរបស់វាមានសីតុណ្ហភាពជាមធ្យម -១៨២.៥៥អង្សាសេ (២៩៦.៥៩អង្សាហ្វារិនហាយ)។
លក្ខណៈពិសេសរបស់ Titan៖ ជាព្រះច័ន្ទធំបំផុតលំដាប់លេខ ២ នៅក្នុងប្រព័ន្ធព្រះអាទិត្យ (ធំជាងភពពុធបន្តិច តែតូចជាព្រះច័ន្ទ Ganymede នៃភពព្រហស្បតិ៍) ជាមួយនឹងអង្កត់ផ្ចិត ៥,១៤៩.៥គីឡូម៉ែត្រ។ បរិយាកាសរបស់វាក្រាស់ជាងនៅផែនដីយើង ៥០% ដែលផ្សំឡើងភាគច្រើនពីអាសូត (nitrogen) និងមេតាន។ នៅលើផែនដី អាសូត និងមេតានគឺជាឧស្ម័ន ប៉ុន្តែនៅលើ Titan ពួកវាក្លាយជាសារធាតុរាវវិញ ព្រោះតែអាកាសធាតុទីនោះត្រជាក់ខ្លាំងពេក។ Titan មានចម្ងាយជាមធ្យម ១.៤ពាន់លានគីឡូម៉ែត្រពីព្រះអាទិត្យ ខណៈគម្លាតរវាងវា និងភពមេរបស់វា (សៅរ៍) នោះគឺ ១.២លានគីឡូម៉ែត្រ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space (ថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១)