RMC 136a1 ជាតារាយក្សពណ៌ខៀវ ដែលមានម៉ាស់ធំជាងគេបំផុត ស្ថិតនៅជាយកាឡាក់ស៊ី Milky Way យើង
(បរទេស)៖ ព្រះអាទិត្យយើងនេះប្រហែលជាត្រូវបានចាត់ទុកថា ជាវត្ថុដែលមានម៉ាស់ធំបំផុតហើយ នៅក្នុងប្រព័ន្ធទាំងមូល ព្រោះតារាមួយដួងនេះតំណាងឲ្យម៉ាស់ ៩៩.៨% នៃម៉ាស់របស់អ្វីៗគ្រប់យ៉ាងក្នុងប្រព័ន្ធនេះដែលមានផែនដីយើងនៅក្នុងនោះដែរ។ ទោះជាយ៉ាងណា បើយើងគិតអំពីកម្រិតម៉ាស់នៃ Stellar វិញនោះ ផ្កាយជំពូកដូចជាព្រះអាទិត្យយើងនេះ ភាគច្រើនស្ថិតនៅក្នុងកម្រិតមធ្យមប៉ុណ្ណោះ។
* តើផ្កាយមានម៉ាស់ធំជាងគេបំផុតស្ថិតនៅទីណា និងធ្ងន់ដល់កម្រិតណា?
RMC 136a1 ជាតារាយក្សពណ៌ខៀវបានកកើតឡើងពោពេញដោយទម្ងន់ ហើយវាស្ថិតនៅចម្ងាយ ១៦៣,០០០ឆ្នាំពន្លឺពីផែនដីយើង (១ឆ្នាំ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។ វាមិនមែនស្ថិតនៅក្នុងកាឡាក់ស៊ី Milky Way នេះឡើយ ដោយវាស្ថិតនៅក្នុងកញ្ចុំតារា និងពពកធូលីមានឈ្មោះថា Large Magellanic Cloud (LMC) ដែលត្រូវបានចាត់ទុកជាកាឡាក់ស៊ីរណបតូចមួយ ក្នុងចំណោមកាឡាក់រណបទាំងពីរ របស់កាឡាក់ស៊ីយើង។
ក្រុមតារាវិទូស្ថិតនៅមន្ទីរអង្កេតតារាសាស្ត្រ Radcliffe Observatory នៃប្រទេសអាហ្វ្រិកខាងត្បូង បានរកឃើញ Large Magellanic Cloud កាលពីឆ្នាំ១៩៦០ ហើយកាលណោះវាត្រូវបានដាក់ឈ្មោះត្រឹមថា RMC 136 ប៉ុណ្ណោះ។ ប៉ុន្តែនៅក្រោយពេលកែវយឺតអវកាស Hubble បានអង្កេតលម្អិតទៅលើ Large Magellanic Cloud វាបានរកឃើញ តារាមានពន្លឺភ្លឺខ្លាំងជាងគេជាងឯង រហូតដល់់ទៅជាង ២០០ដួងឯណោះ ហើយក្នុងនោះ RMC 136a1 មានម៉ាស់ធំជាងគេ ដោយស្មើនឹងជាង ៣០០ដងនៃម៉ាស់របស់ព្រះអាទិត្យយើង (ព្រះអាទិត្យមានម៉ាស់ 1.989 × 10^30 kg)។
បើគិតឲ្យត្រឹមត្រូវតែម្តងនោះ តារាយក្ស RMC 136a1 មានម៉ាស់ស្មើនឹង ៣១៥ដងនៃម៉ាស់ព្រះអាទិត្យយើង។ កាលពីឆ្នាំ២០១៦ អង្គការ NASA តាមរយៈកែវយឺតអវកាស Hubble បានចាត់ទុក RMC 136a1 ជាតារាយក្សដែលមានទម្ងន់ធ្ងន់ជាងគេបំផុត ដែលមនុស្សទើបបានស្គាល់។ RMC 136a1 ស្ថិតនៅក្នុងវ័យកណ្តាលទៅហើយ ដូច្នេះវានឹងបន្តបាត់បង់ម៉ាស់។
* តើផ្កាយណាមួយដែលមានទំហំធំធេងបំផុត?
ថ្វីត្បិតតែ RMC 136a1 ជាតារាយក្សដែលមានម៉ាស់ធ្ងន់បំផុត (The Most Massive Star) ក៏ពិតមែន ប៉ុន្តែវាមិនមែនជាតារាយក្ស ដែលមានទំហំធំធេងបំផុតនោះឡើយ។ កាំរបស់ RMC 136a1 ស្មើនឹងកាំរបស់ព្រះអាទិត្យគុណនឹង ៣០ដង (កាំព្រះអាទិត្យស្មើនឹងជិត ៧សែនគីឡូម៉ែត្រ) ហើយប្រសិនបើយកវាមកជំនួសព្រះអាទិត្យយើង ពន្លឺរបស់វានឹងអាចខ្ទប់ពន្លឺពីតារានានា ដែលស្ថិតនៅជិតៗផែនដីយើងមិនខាន ហើយធាតុវិទ្យុសកម្មដ៏សាហាវដែលចេញពីខ្លួនវា ក៏នឹងអាចសម្លាប់អ្វីៗគ្រប់យ៉ាងនៅលើផែនដីបានផងដែរ។
សម្រាប់តារាដែលមានទំហំធំធេងបំផុត (Largest Star) នោះគឺមានឈ្មោះថា UY Scuti ដែលកាំរបស់វាស្មើនឹងកាំព្រះអាទិត្យយើងគុណនឹង ១,៧០០ដងឯណោះ ប៉ុន្តែម៉ាស់របស់វាវិញ ស្មើតែ ៣០ដងនៃម៉ាស់ព្រះអាទិត្យយើងប៉ុណ្ណោះ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com