គិតបែបណាចំពោះរូបភាពទាំងនេះ? ជារូបភាពប្រឌិតទាំងអស់ «តែអាចធ្វើឲ្យគ្រប់គ្នាមានអារម្មណ៍ស្រស់ថ្លា» ក៏ព្រោះទឹកចិត្តស្រឡាញ់ភពផែនដី!
បរទេស៖ នាពេលថ្មីៗរូបភាពដ៏ស្រស់ស្អាតជាច្រើនសន្លឹក ស្តីពីទិដ្ឋភាពពេលរាត្រីនៅលើភពផែនដី ដែលប្រៀបដូចជាត្រូវបានផ្តិតយកពីលំហអាកាសយ៉ាងពិតស្តែងៗនោះ ត្រូវបានគេចែករំលែកតៗគ្នា ពាសពេញបណ្តាញអ៊ីនធើណែត ក៏ប៉ុន្តែប្រសិនបើអ្នកធ្លាប់បានឃើញរូបភាពផែនដី ពីលើលំហអាកាសនាពេលយប់ជាច្រើនដងពីមុនមក ឬមួយក៏អ្នកសង្កេតមើលរូបភាពដ៏ស្អាតៗទាំងនេះ ឲ្យបានកៀកនោះ អ្នកនឹងឃើញពីភាពខុសប្លែកជាក់ជាពុំខាន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Business Insider នៅរសៀលថ្ងៃចន្ទ ទី០៧ ខែសីហា ឆ្នាំ២០១៧។
រូបភាពដែលស្អាតប្លែកភ្នែកជាងរូបភាពពិតប្រាកដនេះ ត្រូវបានបង្កើតឡើងតាមប្រព័ន្ធកុំព្យូទ័រ ដោយវិចិត្រកជនជាតិរុស្ស៊ីឈ្មោះ Anton Balazh ដែលរស់នៅក្នុងទីក្រុង St. Petersburg នៃប្រទេសរុស្ស៊ី។ លោក Balazh មានចំណូលចិត្តខាងធ្វើការជាមួយកម្មវិធីបែប 3D ហើយលោកបានប្រាប់សារព័ត៌មាន Business Insider ថាគំរូម៉ូដែលនៃភពផែនដី ពិតជាល្អបំផុតដើម្បីបង្កើតឡើង។ ក៏ប៉ុន្តែវាមិនមែនជាគម្រោងតែមួយយប់ ឬក៏ពីរយប់ អាចសម្រេចបាននោះឡើយ ដោយលោក Balazh បានចំណាយពេលដល់ទៅរាប់ខែឯណោះ ដើម្បីបង្កើតរូបភាពទាំងនេះឡើង។
គួរបញ្ជាក់ លោក Balazh បានរចនារូបភាពគំរូនៃភពផែនដីនេះឡើង ដោយយោងទៅតាមរូបភាពផ្កាយរណបពិតប្រាកដរបស់ អង្គការ NASA។ ម៉្យាងវិញទៀត ដោយសារតែរូបភាពទាំងនេះ វិចិត្រកជនជាតិរុស្ស៊ីរូបនេះ អាចរកចំណូលបានសម្រាប់ទៅធ្វើដំណើរវិស្សមកាលថែមទៀតផង ដែលវាបានផ្តល់ឱកាសឲ្យរូបលោក ធ្វើការទស្សនាកម្សាន្ត នៅលើភពផែនដីពិតប្រាកដតែម្តង៕
















![]()




