ថ្ងៃនេះកាលពី៤០ឆ្នាំមុន NASA បាញ់បង្ហោះយានបេសកកម្ម Space Shuttle ជាលើកដំបូង (រូបភាពខាងក្នុង)

3,760

(អាមេរិក)៖ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៨១ (៤០ឆ្នាំមុន) អង្គការអវកាសអាមេរិក NASA បានបាញ់បង្ហោះជាលើកដំបូងនូវយានអវកាស Columbia នៃបេសកកម្ម Space Shuttle ដែលមានជើងហោះហើរ STS-1 ដោយប្រើប្រាស់ប្រព័ន្ធគ្រាប់រ៉ុក្កែត អាចប្រើប្រាស់ឡើងវិញស៊េរីថ្មីរបស់ខ្លួន។

ការបាញ់បង្ហោះនោះបានក្លាយជា ប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយរបស់សហរដ្ឋអាមេរិក ដោយជើងហោះហើរ STS-1 ត្រូវបានបាញ់ចេញពីជើងទម្រ Launch Pad 39A នៃមជ្ឈមណ្ឌលអវកាស Kennedy រដ្ឋនៅក្នុងរដ្ឋផ្លូរីដា។ អវកាសយានិក John W. Young (ជាមេបញ្ជាការ) និងអវកាសយានិក Robert L. Crippen (ជាអ្នកបញ្ជាយាន ឬ Pilot) បានស្ថិតនៅក្នុងយាន Columbia អស់រយៈពេល ៥៤ម៉ោង សម្រាប់បេសកកម្មគោចរជុំវិញភពផែនដី។

យាន space shuttle Columbia បានត្រលប់មកកាន់ភពផែនដីវិញ ដោយជិះពីលើយន្តហោះ Boeing 747 របស់អង្គការ NASA ដែលត្រូវបានកែច្នៃយ៉ាងពិសេស ដើម្បីហោះទៅទទួលយាន Columbia ពីលើអាកាស។

គួរបញ្ជាក់ថា ផែនការបង្កើតស្ថានីយអវកាសរបស់សហរដ្ឋអាមេរិក (U.S. space station) ត្រូវបានជាប់គាំងដែលជាហេតុនាំឲ្យ អតីតប្រធានាធិបតីអាមេរិកលោក Ronald Reagan សម្រួលផែនការថ្មី ទៅជាការបង្កើតស្ថានីយអវកាសអន្តរជាតិ (International Space Station ឬ ISS) វិញនៅឆ្នាំ១៩៨៣។

តាមពិតទៅកម្មវិធី Space Shuttle គួរតែត្រូវបានបញ្ចប់ ប៉ុន្តែដោយសារការកសាង ISS ត្រូវបានពន្យារពេលយ៉ាងយូរ ហើយការគំរោងកសាង ISS ត្រូវបានផ្លាស់ប្តូរ និងបង្កើនការចាយវាយកាន់តែច្រើននោះ ទើបវាបានអូសទាញកម្មវិធី Space Shuttle ឲ្យបន្តដំណើរជាមួយដែរ រហូតដល់សហរដ្ឋអាមេរិកសម្រេច បិទបញ្ចប់ Space Shuttle ជាស្ថាពរនៅឆ្នាំ២០១១៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ space.com (ថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១)

480×240 Banner