ចុះប្រហោងខ្មៅអីក៏ច្រើនយ៉ាងនេះ? ការស្រាវជ្រាវថ្មីបង្ហាញថា «មានប្រហោងខ្មៅ Black Hole យ៉ាងតិច ១០០លាន» នៅក្នុងកាឡាក់ស៊ីរាងគូទខ្យងរបស់យើងនេះ!
អាមេរិក៖ ក្រោយពីបានចំណាយពេលធ្វើការស្រាវជ្រាវជាងមួយឆ្នាំមក ក្រុមអ្នកវិទ្យាសាស្ត្របានឲ្យដឹងថា ការសិក្សាថ្មីមួយបង្ហាញថា អាចមានប្រហោងខ្មៅ (Black Hole) ដល់ទៅចំនួន ១០០លាន កំពុងតែរសាត់អណ្តែតនៅក្នុងកាឡាក់ស៊ី Milky Way របស់យើង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១។
![]()
អ្នកប្រហែលជាគិតថា វត្ថុដ៏អាថ៌កំបាំងដែលមានកម្លាំងទំនាញដ៏ខ្លាំងក្លានេះថា ជារឿងដ៏កម្រក៏ប៉ុន្តែរបកគំហើញនាពេលថ្មីៗនេះបានផ្តល់តំរុយថា កាឡាក់ស៊ី Milky Way របស់យើង អាចជាជម្រកនៃប្រហោងខ្មៅដល់ទៅ ១០០លាន ឯណោះ។ លោក James Bullock សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យកាលីហ្វរញ៉ា នៃសហរដ្ឋអាមេរិក បានឲ្យដឹងថា «ទីបំផុតពួកយើងអាចគណនាឃើញពីចំនួនប្រហោងខ្មៅធំៗ ដែលមានវត្តមាននៅក្នុង Milky Way ហើយវាមានដល់ទៅខ្ទងរាប់លានឯណោះ ដែលហួសពីការស្មានរបស់ខ្ញុំ»។

គួរបញ្ជាក់ថា ប្រហោងខ្មៅជាច្រើនត្រូវគេជឿជាក់ថា គឺជាលទ្ធផលចេញពីការដង្ហើមចុងក្រោយរបស់ផ្កាយ នៅចុងបញ្ចប់នៃជីវិតរបស់ពួកគេ ហើយដោយសារតែព័ត៌មានដែលគេបានដឹងអំពីបណ្តាផ្កាយទាំងអស់នេះ ក្រុមអ្នកវិទ្យាសាស្ត្រ ក៏ធ្វើការប៉ាន់ប្រមាណអំពីចំនួនរបស់ប្រហោងខ្មៅ ដែលគួរតែមានវត្តមានបាន៕



