ហេតុអ្វីអង្គការ NASA សម្រេចបញ្ជូនស្ត្រីដំបូងទៅជាន់ដីឋានព្រះច័ន្ទ?
(អាមេរិក)៖ ស្ត្រីអវកាសយានិកដំបូងត្រូវបានគេរំពឹងថា នឹងមានឱកាសជាន់ដីព្រះច័ន្ទ នៅក្នុងឆ្នាំ២០២៤ ដែលនឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់សហរដ្ឋអាមេរិក និងពិភពលោកទាំងមូល។ តើមូលហេតុអ្វីបានជាអង្គការ NASA សម្រេចជ្រើសរើសស្ត្រីមួយរូប និងបុរសមួយឲ្យជាន់ដីព្រះច័ន្ទ នៅក្នុងគំរោងបោះឆ្នោតមូលស្រាវជ្រាវរបស់ខ្លួន?

កាលពីប៉ុន្មានទសវត្សរ៍មុន ក្រុមអវកាសយានិកទាំងអស់ ដែលមានឱកាសបានទៅជាន់លើផ្ទៃព្រះច័ន្ទគឺសុទ្ធតែជាបុរស។ ប៉ុន្តែសម្រាប់គម្រោងកម្មវិធី អាតេមីស (Artemis) របស់ទីភ្នាក់ងារអវកាសអាមេរិក NASA នឹងមានការបញ្ជូនអវកាសយានិកជាស្រ្តី ទៅកាន់ទីនោះ ជាលើកដំបូងបង្អស់។

កម្មវិធី Apollo ទាំងអស់របស់អង្គការ NASA ដែលមានរយៈពេលចាប់ពីឆ្នាំ១៩៦៩-១៩៧២ មានអវកាសយានិកតែ ១២រូបប៉ុណ្ណោះ ដែលបានចុះទៅដល់លើផ្ទៃព្រះច័ន្ទ ហើយពួកគេទាំងនោះសុទ្ធតែ ជាបុរសទាំងអស់។ អំឡុងជំនាន់ដំបូងៗរបស់ NASA គឺក្រុមអវកាសយានិក មិនសូវមានលក្ខណៈចម្រុះដូចសព្វថ្ងៃឡើយ ដោយភាគច្រើនបំផុតជាបុរសជនជាតិស្បែកស។

ប៉ុន្តែឥឡូវនេះ សម្រាប់គម្រោងបញ្ជូនក្រុមអវកាសយានិកសាជាថ្មី ទៅកាន់លើផ្ទៃព្រះច័ន្ទនៅឆ្នាំ២០២៤ ក្រោមកម្មវិធី Artemis ទីភ្នាក់ងារ NASA នឹងបញ្ជូនអវកាសយានិកជាស្រ្តីផងដែរ។ ស្របពេលដែលមានមតិខ្លះយល់ថា វាគ្រាន់តែជាការសម្តែង ជាការបង្ហាញឲ្យល្អមើលនោះ NASA បានបញ្ជាក់ថា ការសម្រេចចិត្តបញ្ជូនអវកាសយានិករួមមានស្រ្តីបែបនេះ គឺដោយសារតែពួកគេក៏មានសមត្ថភាព និងគុណសម្បត្តិគ្រប់គ្រាន់ ស្មើនឹងអវកាសយានិកជាបុរសដែរ។

ទោះជាបែបនេះក្តី បញ្ហាមួយចំនួនទៀតក៏ត្រូវបានលើកឡើងផងដែរ ព្រោះបើតាមគំរោងនាំស្ត្រីដំបូងទៅជានដីព្រះច័ន្ទនោះ អង្គការ NASA គ្រោងជ្រើសរើសត្រឹមស្ត្រីអវកាសយានិកធម្មតា ដើម្បីអមដំណើរអវកាសយានិក ទៅកាន់គោលដៅដែលបានកំណត់ប៉ុណ្ណោះ។ ក្រុមអ្នករិះគន់បានជំរុញឲ្យ NASA គិតគូរឡើងវិញ អំពីការផ្តល់ឱកាសបន្ថែមទៀត ឲ្យស្ត្រីអវកាសយានិកដែលនឹងត្រូវជ្រើសរើសនោះ ក្នុងការកាន់តួនាទីសំខាន់ណាមួយ នៅពេលចុះទៅដល់ផ្ទៃព្រះច័ន្ទនៅឆ្នាំ២០២៤។

យ៉ាងណាមិញមកទល់ពេលនេះ នៅមិនទាន់ដឹងច្បាស់ថា តើស្រ្តីអវកាសយានិករូបណារបស់ NASA ដែលនឹងមានឱកាស បានទៅជាន់លើផ្ទៃព្រះច័ន្ទនៅឡើយទេ។ មិនតែប៉ុណ្ណោះថ្មីៗនេះ NASA បានប្រកាសថា ខ្លួនក៏មានគោលដៅបញ្ជូនអវកាសយានិក ដែលមិនមែនជាជនជាតិស្បែកសផងដែរ ហើយវាត្រូវបានគេមើលឃើញថា ជាការផ្តល់តម្លៃដល់គ្រប់ជាតិសាសន៍ពណ៌សំបុរ និងភេទ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ space.com (ថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១)
