មើលទៅ Ingenuity ត្រូវរង់ចាំដល់អាទិត្យក្រោយ ទើបអាចកំណត់ពេលហោះជាថ្មីបាន, វាអាចយូរបន្តិច…
(អាមេរិក)៖ លោកអ្នកប្រហែលជាបានដឹងគ្រប់គ្នាហើយ ជុំវិញការពន្យារពេលហោះសាកល្បង នៃកូនឧទ្ធម្ភាគចក្រដំបូងលើភពអង្គារ Ingenuity ដោយសារតែបញ្ហាមួយចំនួននៅត្រង់បន្ទះស្រូបពន្លឺព្រះអាទិត្យ និងការសាកថ្មរបស់វា។ ពីដំបូងឡើយអង្គការ NASA គ្រោងព្យាយាមធ្វើតេស្តវាជាថ្មី នៅថ្ងៃទី១៤ ខែមេសា (ពេលវេលានៅអាមេរិក) ប៉ុន្តែឥឡូវអង្គការអវកាសនេះ ទើបប្រកាសជាថ្មីទៀតថា ការធ្វើតេស្តនឹងត្រូវសម្រេចពេលជាថ្មី នៅសប្តាហ៍ក្រោយនេះ។

កាលពីថ្ងៃទី០៩ ខែមេសា ការធ្វើតេស្តទៅលើរង្វិលនៃស្លាបកង្ហារបស់ Ingenuity មិនបានប្រព្រឹត្តទៅនៅក្នុងល្បឿនដូចការគ្រោងទុកឡើយ ដែលជាហេតុធ្វើឲ្យ NASA សម្រេចពន្យារពេលធ្វើតេស្តហោះហើរជាលើកទី១។ ដោយឡែកកាលពីចុងសប្តាហ៍មុននេះ ការពិនិត្យបន្ថែមបានរកឃើញថា ប្រព័ន្ធគ្រប់គ្រងការហោះហើរ (software) សម្រាប់ Ingenuity ក៏នៅមានបញ្ហាតិចតួចដែរ ដែលតម្រូវឲ្យក្រុមគ្រប់គ្រងបេសកកម្មលើផែនដី សម្រេចពន្យារពេលជាលើកទីពីរតែម្តង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែមេសា Ingenuity ដែលមានតម្លៃអភិវឌ្ឍជាង ៨០លានដុល្លារអាមេរិក និងទម្ងន់ ១.៨គីឡូក្រាម (ទម្ងន់លើផែនដី) ត្រូវបានបញ្ឆេះម៉ាស៊ីន និងបង្វិលស្លាបកង្ហារជាលើកដំបូង ហើយបើតាមក្រុមអ្នកជំនាញ កង្ហាររបស់គួរតែវិលឲ្យបាន ២,៤០០ជុំក្នុងមួយនាទី (ស្មើនឹងល្បឿននៅពេលវាហោះហើរ) ប៉ុន្តែដោយសារតែការអង្កេតម៉ោង មានភាពលម្អៀងបន្តិច ទើបបានជាវាមិនអាចសម្រេចចំនួនជុំបាន។ បើតាម NASA បញ្ហានេះកើតឡើងដោយសារតែការព្យាយាម ផ្លាស់ប្តូរមុខងារតាមកុំព្យូទ័រពី Pre-Flight ទៅជា Flight Mode ឬពីការត្រៀមហោះហើរ ទៅជា ហោះហើរ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ space.com (ថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១)
