រ៉ុក្កែត SpaceX នឹងបាញ់បញ្ជូនយានដំបូងនៃជប៉ុន-អារ៉ាប់រួម សំដៅទៅចុះចតលើ ផ្នែកម្ខាងទៀតនៃព្រះច័ន្ទ នៅឆ្នាំ២០២២
(តូក្យូ)៖ នៅឆ្នាំក្រោយនេះជប៉ុន និងអេមីរ៉ាត់អារ៉ាប់រួម គ្រោងចេញបេសកកម្មរួមគ្នាមួយ សំដៅទៅចុះចតនៅលើផ្ទៃរបស់ព្រះច័ន្ទ ដែលនឹងក្លាយជាលើកដំបូងសម្រាប់ប្រទេសអារ៉ាប់ និងជប៉ុនផ្ទាល់។

នៅថ្ងៃពុធសប្តាហ៍នេះ ក្រុមហ៊ុនជប៉ុនអាយស្ពេស (ispace) បានប្រកាសថា យានរ៉ូបូតដែលអាចចល័តបានឈ្មោះ រ៉ាស៊ីដ (Rashid) របស់អេមីរ៉ាត់អារ៉ាប់រួម នឹងត្រូវដឹកយកទៅដល់លើផ្ទៃរបស់ព្រះច័ន្ទនៅឆ្នាំ២០២២ តាមរយៈយានសម្រាប់ចុះចតឈ្មោះ ហាគូតុ-អ័រ (HAKUTO-R) ដែលខ្លួនបានអភិវឌ្ឍឡើង។ យាន Rashid នឹងត្រូវបញ្ជូនទៅកាន់ ម្តុំតំបន់អេក្វាទ័រនៃចំហៀងផ្ទៃរបស់ព្រះច័ន្ទ ដែលបែរមករកផែនដី (far side) ខណៈទីតាំងចុះចតជាក់លាក់ នៅមិនទាន់ត្រូវបានប្រកាសឲ្យដឹងនៅឡើយទេ។

គួរបញ្ជាក់ថា បេសកកម្មខាងលើនឹងប្រើប្រាស់គ្រាប់រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុនអាមេរិក SpaceX ដើម្បីចាកចេញពីផ្ទៃផែនដី។ វានឹងជាបេសកកម្មចុះចតលើផ្ទៃព្រះច័ន្ទជាលើកដំបូង សម្រាប់ពិភពអារ៉ាប់ និងសម្រាប់ជប៉ុន។ ដោយឡែកសម្រាប់ការស្រាវជ្រាវផ្នែក Far Side របស់ព្រះច័ន្ទគឺជាចិនបាននិងកំពុងធ្វើវាផងដែរ និងជាប្រទេសតែមួយគត់ ដែលបានបញ្ជូនយានទៅចុះចតទីនោះ។

មកទល់បច្ចុប្បន្ននេះ មានប្រទេស ០៣ប៉ុណ្ណោះ ហើយសុទ្ធតែជាមហាអំណាច ដែលបានទទួលជោគជ័យក្នុងការបញ្ជូនយាន ឲ្យចុះចតលើផ្ទៃព្រះច័ន្ទដោយសុវត្ថិភាព គឺសហរដ្ឋអាមេរិក អតីតសហភាពសូវៀត និងចិន។ ដោយឡែកប្រទេសចំនួនពីរទៀត ដែលទើបទទួលបរាជ័យ ក្នុងការចុះចតយាននៅលើផ្ទៃព្រះច័ន្ទ កាលពីពេលថ្មីនេះគឺឥណ្ឌា និងអ៊ីស្រាលអែល៕

ប្រភព៖ space.com (ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០២១)
