កូនឧទ្ធម្ភាគចក្រ Ingenuity ហោះហើរដោយរលូនជាលើកទី ៥ នៅក្នុងបរិយាកាសភពអង្គារ (មានវីដេអូ)
(អាមេរិក)៖ កូនឧទ្ធម្ភាគចក្រ Ingenuity របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានធ្វើការហោះហើរនៅលើផ្ទៃភពអង្គារ (Mars) ជាលើកទី ៥ នាថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិក)។
អង្គការ NASA បានឲ្យដឹងថា កំលុងការហោះហើរលើកទី ៥ នេះ Ingenuity បានឡើងដល់កម្ពស់ ០៥ម៉ែត្រ រួចធ្វើដំណើរចម្ងាយ ១២៩ម៉ែត្រ ឆ្ពោះទៅភាគខាងត្បូងលើគន្លងផ្លូវដូចក្នុងការហោះហើរ ៤ លើកកន្លងមកដែរ។ ប៉ុន្តែលើកនេះ ក្រោយពេលទៅដល់គោលដៅ វាបានហោះឡើងដល់កម្ពស់ ១០ម៉ែត្រ រួចថតរូបភាពមួយចំនួន ហើយចុះចតនៅកន្លែងថ្មីមួយ ដោយមិនត្រឡប់មកទីតាំងចាស់នោះទេ។

គួរបញ្ជាក់ថា កូនឧទ្ធម្ភាគចក្រ Ingenuity បានចុះទៅដល់តំបន់រណ្តៅ Jezero លើផ្ទៃភពអង្គារកាលពីថ្ងៃទី១៨ ខែកុម្ភៈ ជាមួយយានរ៉ូបូតកង់ ០៦ ឈ្មោះ Perseverance។ វាបានផ្តាច់ចេញពី Perseverance និងចាប់ផ្តើមការហោះហើរលើកដំបូង កាលពីខែមេសា ដើម្បីសាកល្បងបច្ចេកវិទ្យា ដែលបង្ហាញថាការរុករកលើផ្ទៃភពអង្គារ តាមផ្លូវអាកាសគឺអាចទៅរួច។

ពីដំបូងឡើយអង្គការ NASA គ្រោងឲ្យបេសកកម្មរបស់ Ingenuity មានរយៈពេលត្រឹម ៣០ថ្ងៃ ជាមួយការហោះហើរច្រើនសរុប ០៥លើក ប៉ុន្តែដោយសារអ្វីៗប្រព្រឹត្តទៅយ៉ាងរលូន ហើយវានៅមានសភាពល្អធម្មតា NASA ក៏បានសម្រេចបន្តបេសកកម្មវាទៅមុខទៀត។ Ingenuity ដែលមានតម្លៃបេសកកម្មសរុប ៨៥លានដុល្លារ គឺជាការបំបែកប្រវត្តិសាស្ត្រថ្មីមួយទៀត នៅក្នុងការបង្កើតគ្រឿងយន្ត ដែលអាចហោះហើរក្នុងបរិយាកាសនៃភពដទៃ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ NASA/JPL, space.com (ថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១)
