យាន ESA មួយនេះត្រៀមខ្លួនទៅភពអង្គារក្រោមជំនួយពី NASA និង SpaceX!
(បរទេស)៖ លោកអ្នកប្រាកដជាចាំបាននូវបេសកកម្ម ExoMars ដែលធ្លាប់ស្ថិតក្នុងកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) និងរុស្ស៊ី (ROSCOSMOS) នោះ… ប៉ុន្តែអឺរ៉ុបបានពន្លែងដៃរុស្ស៊ីចោលក្រោយសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផ្ទុះឡើងកាលពីឆ្នាំ២០២២។ បន្ទាប់ពីនោះមកបេសកកម្មមួយនេះបានក្លាយជាកូនកំព្រា ដោយមានមេតែខ្វះបាមកជួយឃុំគ្រង…។
ឈានចូលដល់ឆ្នាំ២០២៤ ទីភ្នាក់ងារអវកាសសហរដ្ឋអាមេរិក (NASA) ក៏បានសម្រេចចិត្តចូលរួមជួយ ESA ដើម្បីបង្កើតបច្ចេកវិទ្យាថ្មីសម្រាប់ ExoMars ជំនួសឲ្យបច្ចេកវិទ្យារុស្ស៊ី… ហើយមកដល់ខែមេសា ឆ្នាំ២០២៦នេះ ក្រុមហ៊ុន SpaceX ក៏ត្រូវបានសម្រេចឲ្យទទួលបន្ទុកក្នុងការបាញ់បញ្ជូនយាន ESA នេះទៅកាន់ទីអវកាសតាមរយៈគ្រាប់រ៉ុក្កែតប្រកបដោយសមត្ថភាពមិនធម្មតារបស់ខ្លួន ខណៈរុស្ស៊ីពីមុនគ្រោងប្រើរ៉ុក្កែត Proton-M ដើម្បីបាញ់បញ្ជូនយាននេះទៅភពអង្គារ កាលពីឆ្នាំ២០២២…។
- យាន Rosalind Franklin នៃបេសកកម្ម ExoMars
ពិតមែនហើយ! យានកង់៦របស់ ESA នេះមានឈ្មោះថា Rosalind Franklin។ ESA ដាក់ឈ្មោះបែបនេះ ដើម្បីរម្លឹកដល់ស្នាដៃរបស់អ្នកវិទ្យាសាស្ត្រផ្នែកគីមីសាស្ត្រមួយរូបឈ្មោះ Rosalind Franklin ដែលបានទទួលមរណៈក្នុងវ័យត្រឹមតែ ៣៧ឆ្នាំ កាលពីឆ្នាំ១៩៥៨។ ទោះជាបែបនេះក្តី លោកស្រី Rosalind Franklin បានបង្កើតស្នាដៃដ៏អស្ចារ្យមួយ នោះគឺរបកគំហើញពាក់ព័ន្ធនឹងការស្រាវជ្រាវលើ DNA ដែលជាប្រយោជន៍ដ៏ធំធេងដល់ការសិក្សាផ្នែកវិទ្យាសាស្ត្របច្ចុប្បន្ន។
យាន (Rover) មួយនេះមានកម្ពស់ ២ម៉ែត្រ និងទំហំទទឹង ២.៥ម៉ែត្រ ជាមួយនិងទម្ងន់ ៣១០kg។ នៅពេលថ្ងៃលើភពអង្គារ យាននេះនឹងប្រើថាមពលនៃពន្លឺព្រះអាទិត្យដែលស្រូបយកតាមរយៈបន្ទះសូឡាជាប់ខ្លួនវា ព្រមជាមួយនឹងអាគុយដែលអាចស្តុកថាមពលប្រមាណ ១,១៤២ វ៉ាត់ម៉ោង ជាប្រភេទ Lithium-ion។ សម្រាប់ពេលយប់វិញ គឺវានឹងប្រើប្រាស់ម៉ាស៊ីន radioisotope heater units (RHUs) ជាប្រភេទម៉ាស៊ីនដុតកម្តៅដោយថាមពលនុយក្លេអ៊ែរ ដោយប្រើប្រាស់សមាសធាតុ Americium-241 (អង្គការ ESA ផលិតម៉ាស៊ីននេះឡើងដោយសហការជាមួយ NASA)។
សម្រាប់ទំនាក់ទំនងជាមួយទីបញ្ជាការលើផែនដីវិញ យាន Rosalind Franklin នឹងធ្វើការងារជាមួយផ្កាយរណបសង្កេតភពអង្គារ TGO (Trace Gras Orbiter) របស់ ESA ផ្ទាល់ ដែលបានទៅដល់ភពនោះតាំងតែពីឆ្នាំ២០១៦ (ESA បញ្ជូនវាទៅភពអង្គារមុនដើម្បីត្រៀមស្វាគមន៍បេសកកម្ម ExoMars តែម្តង)។ TGO នឹងដើរតួជាអ្នកទទួលយកទិន្នន័យដែលបាញ់ឡើងមកពីយាន Rosalind Franklin ហើយបាញ់បញ្ជូនបន្តមកកាន់ក្រុមការងារលើផែនដី…។ ដោយឡែក ESA ក៏មានផ្កាយរណបសង្កេតភពអង្គារមួយទៀតផងដែរ នោះគឺ Mars Express ដែលបានទៅដល់ទីនោះកាលពីឆ្នាំ២០០៣ និងបន្តប្រតិបត្តិការដល់បច្ចុប្បន្ន ប៉ុន្តែវាគ្រោងនឹងចូលនិវត្តនៅចុងឆ្នាំ២០២៦នេះហើយ។
- គោលដៅនៃយាន Rosalind Franklin
មិនខុសពី Rover មុនៗរបស់អង្គការ NASA ឬសូម្បីតែបេសកកម្ម Tianwen-1 របស់ចិននោះទេ ដោយ Rover ឈ្មោះ Rosalind Franklin ក៏នឹងទៅភពអង្គារដើម្បីស្វែងរកដាននៃជីវិតផងដែរ ហើយឧបករណ៍ពិសេសបំផុតដែលយានកង់៦មួយនេះ យកទៅជាមួយនោះ គឺឧបករណ៍ខួងចូលស្រទាប់ដីភពអង្គារតែម្តង។ ឧបករណ៍ខួងនេះនឹងអាចត្បុលចូលទៅក្នុងដីភពអង្គារយ៉ាងហោចណាស់ ២ម៉ែត្រ ដើម្បីស្វែងរកភស្តុតាងអំពីជីវិតលើភពក្រហមនោះកាលពីអតីតកាល ឬក៏អាចបច្ចុប្បន្ននេះផងក៏ថាបាន…។
នៅក្នុងបេសកកម្មនោះទៀតសោត សមាសធាតុរ៉ែ ឬក៏ធាតុគីមីសំខាន់ៗ ដែលពាក់ព័ន្ធនឹងជីវិត ក៏ត្រូវបានគេរំពឹងថា នឹងរកឃើញផងដែរ ហើយ Rosalind Franklin មានឧបករណ៍វិភាគរកប្រភេទម៉ូលេគុលអូកានិក (ពាក់ព័ន្ធនឹងជីវិត) ផងដែរនោះគឺ Mars Organic Molecule Analyzer (MOMA)។ ជាងនេះទៅទៀត យាន ESA មួយនេះក៏មានបំពាក់កាមេរ៉ាពិសេសនោះគឺ PanCam និង CLUPI សម្រាប់ថតទេសភាពជាទូទៅនៃភពអង្គារផង និងថតកៀកថ្មឬសណ្ឋានដីនានាដ៏គួរឲ្យចាប់អារម្មណ៍ផង។
- កាលបរិច្ឆេទ និងរ៉ុក្កែតសម្រាប់បាញ់បញ្ជូនយាន Rosalind Franklin
ពិតណាស់! នៅក្នុងកិច្ចសហការជាមួយ NASA នេះ ទីភ្នាក់ងារអវកាសអឺរ៉ុប ESA ទទួលបាននូវឧបករណ៍សម្រាប់ផ្ទុក (carrier module) និងឧបករណ៍សម្រាប់ធ្វើការចុះចត (lander) សម្រាប់យាន Rosalind Franklin ទៅកាន់ភពអង្គារ ហើយចំពោះការបាញ់បញ្ជូនវាឡើងពីផែនដីទៅកាន់ទីអវកាស គឺក្រុមហ៊ុនអវកាសឯកជនអាមេរិក SpaceX ជាអ្នកទទួលខុសត្រូវ។
បើតាមកិច្ចព្រមព្រៀងខាងលើនេះ SpaceX នឹងប្រើប្រាស់រ៉ុក្កែតខ្នាតធំរបស់ខ្លួនគឺ Falcon Heavy ដើម្បីបាញ់បញ្ជូនយាន Rosalind Franklin ចេញពីទីលាន Launch Complex 39A នៃមជ្ឈមណ្ឌល Kennedy Space Center របស់អង្គការ NASA ស្ថិតក្នុងរដ្ឋ Florida ភាគអាគ្នេយ៍សហរដ្ឋអាមេរិក ដែលនឹងកើតឡើងនៅចុងឆ្នាំ២០២៨ បើមិនមានអ្វីប្រែប្រួលទៀត។

គួរបញ្ជាក់ថា យាន Rosalind Franklin នឹងចុះចតនៅលើតំបន់ Oxia Planum នៃអឌ្ឍគោលខាងជើងភពអង្គារ (មិនឆ្ងាយប៉ុន្មានពីជ្រលង Valles Marineris)។ Oxia Planum នោះត្រូវបានគេគណនាដឹងថា ធ្លាប់កន្លែងសំបូរវត្តមានទឹកមួយមានបណ្តោយប្រវែង ២០០km ហើយក៏ធ្លាប់មានទន្លេមួយចំនួនហូរកាត់ទីនោះផងដែរ កាលពីខ្ទង់ ៤ពាន់លានឆ្នាំមុន ដែលជាហេតុធ្វើឲ្យវាត្រូវបានចាត់ទុកថា ជាតំបន់ដីល្បាប់… ដូច្នេះវាជាទីតាំងប្រពៃបំផុតហើយសម្រាប់ការទៅស្វែងរកជីវិត។
ការធ្វើដំណើររបស់ Rosalind Franklin នឹងរាងយូរបន្តិច ដោយក្រោយចាកចេញពីផែនដីចុងឆ្នាំ២០២៨នោះ វានឹងទៅដល់គន្លងគោចរនៃភពអង្គារ ហើយចុះចតលើផ្ទៃភពក្រហមនោះនៅអំលុងឆ្នាំ២០៣០។ ការពន្យារពេលនៃដំណើរនេះ បើធៀបនឹងបេសកកម្មមុនៗ នឹងកើតឡើងក៏ព្រោះតែក្រុមអ្នកវិទ្យាសាស្ត្រចង់គេចចេញពីរដូវនៃព្យុះធូលីដ៏អាក្រក់លើភពអង្គារ ព្រោះយាននេះនឹងមិនអាចធ្វើការចុះចតចំពេលអាក្រក់បែបនោះឡើយ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA / ESA (ថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២៦)
