តើនៅហួសពីព្រំដែនចក្រវាលមួយនេះ នៅមានអ្វីទៀតទៅ? (ភាគទី១)
(បរទេស)៖ នេះជាសំនួរដែលមនុស្សជាច្រើន បានជជីកសួររួចមកហើយ ព្រោះពួកគេចង់បានចម្លើយឲ្យពិតប្រាកដ អំពីការចាប់កំណើតដំបូងនៃចក្រវាល ឬជាពិសេសគឺការចាប់ផ្តើមកំណត់ពេលវេលាដំបូង ដែលក្រោយមកទៀតនាំឲ្យកើតចេញជាប្រព័ន្ធព្រះអាទិត្យ ភពផែនដី និងជីវិតគ្រប់យ៉ាងដូចបច្ចុប្បន្ន។

តើហួសពីព្រំដែនចក្រវាលមានអ្វីទៀត? តើនៅហួសពីផែនទីដែលយើងគូសវាស គឺជាអ្វី? សំនួរទាំងពីរនេះ អាចត្រឹមសួរបែបនេះវិញថា៖ ហួសពីព្រំដែនចក្រវាលមួយនេះ តើនៅមានអ្វីទៀតទៅ? សម្រាប់ចម្លើយដែលតារាវិទូអន្តរជាតិអាចឆ្លើយបាន នោះគឺពិតប្រាកដណាស់ «វាជារឿងដ៏ស្មុគស្មាញ»។

ដើម្បីឆ្លើយតបឲ្យបានពេញលេញ ចំពោះសំនួរខាងលើនេះ យើងត្រូវស្វែងយល់ឲ្យបានច្បាស់លាស់សិន ចំពោះពាក្យថា «ចក្រវាល ឬ Universe» ដែលយើងអាចហៅបានថា «សកល» នោះ។ ប្រសិនបើអ្នកធ្វើការបកស្រាយពាក្យ Universe នេះឲ្យចំតែម្តងនោះ គឺវាសំដៅទៅលើ «អ្វីៗគ្រប់យ៉ាងដែលមានវត្តមាននៅក្នុងទីអវកាស និងពេលវេលាទាំងអស់» ដូច្នេះវាក៏មានន័យថា «គ្មានអ្វីផ្សេងក្រៅពីចក្រវាលនេះទៀតផងដែរ»។

ទោះបីជាអ្នកធ្លាប់គុណគូរ អំពីទំហំនៃចក្រវាលដែលអាចទៅរួច ហើយក៏នឹកគិតបន្ថែមទៀត ទៅដល់អ្វីដែលអាចមានតទៅទៀត នៅហួសពីព្រំដែនចក្រវាល ដូច្នេះតំបន់ដែលហួសទៅហើយ ក៏ត្រូវចាត់ចូលទៅក្នុងឈ្មោះថា «ចក្រវាល ឬ Universe» នោះដដែល។ ទោះបីជាចក្រវាលនេះ ពិបាកនឹងកំណត់ទ្រង់ទ្រាយច្បាស់ ឬក៏មានឈ្មោះដែលបញ្ជាក់ពីមោឃភាពទៅហើយក្តី ក៏វានៅតែត្រូវចាត់ទុកជាវត្ថុមួយ ហើយវត្ថុនោះគឺតំណាងឲ្យវត្ថុគ្រប់យ៉ាងទាំងអស់ដែលនៅក្នុងវា ដូច្នេះវានៅតែមានឈ្មោះថា ចក្រវាល (Universe) ដដែល។

ប្រសិនបើចក្រវាលមានទំហំមួយ ដែលមិនអាចវាស់វែងអស់ នោះអ្នកក៏មិនចាំបាច់ត្រូវបារម្ភអំពីបញ្ហានេះដែរ។ ចក្រវាលពិតជាធំធេង គ្មានទីបំផុត ដូច្នេះគ្មានពាក្យថា «ក្រៅពីចក្រវាល» ដែលយើងត្រូវលើកយកមកនិយាយនោះឡើយ។ ជាការពិតណាស់! យើងអាចនិយាយបានបែបនេះថា «ចក្រវាលហួសពីកន្លែង ដែលយើងអាចអង្កេតឃើញ»។

ចក្រវាលគឺគ្រាន់តែមានវ័យចំណាស់ខ្លាំង ហើយពន្លឺគ្រាន់តែធ្វើដំណើរលឿនបំផុតប៉ុណ្ណោះ។ ដូច្នេះនៅក្នុងប្រវត្តិនៃចក្រវាល យើងមិនបានទទួលពន្លឺ ពីគ្រប់កាឡាក់ស៊ីនីមួយៗឡើយ។ ទំហំនៃចក្រវាលទាំងមូល ដែលយើងអាចសម្លឹងទៅដល់ និងគណនាបានពេលបច្ចុប្បន្ននេះ គឺមានមុខកាត់ ៩០ពាន់លានឆ្នាំពន្លឺ (90 billion light-years in diameter) – ចម្ងាយ១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ។

ដូច្នេះសរុបសេចក្តីមក នៅហួសពីព្រំដែននៃចក្រវាល ដែលយើងបានអង្កេតទៅដល់ គឺអាចជាពពួកកាឡាក់ស៊ី និងផ្កាយបន្ថែមទៀតប៉ុណ្ណោះ។ ប៉ុន្តែចុះបើហួសពីបណ្តុំផ្កាយ និងកាឡាក់ស៊ីទាំងនោះទៀត តើនៅមានអ្វីទៀត? ចម្លើយគឺ «ពិតជាពិបាកក្នុងការប្រាប់ខ្លាំងណាស់»៕ (សូមរង់ចាំអាចភាគទី២ ដែលជាភាគបញ្ចប់ នៅក្នុងថ្ងៃខាងមុខ)
ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ space.com (ថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១)
