តើមានអ្វីកើតឡើងនៅ «០.០០០០០១វិនាទីដំបូង» បន្ទាប់ពីបន្ទុះ Big Bang? (មានវីដេអូបកស្រាយ)

3,380

(បរទេស)៖ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Copenhagen នៃប្រទេសដាណឺម៉ាកបានធ្វើការអង្កេត ទៅរកភាពជាក់លាក់មួយនៃផ្លាស្មា (plasma) ដែលជារូបធាតុ (matter) ដំបូងគេបំផុតបានលេចឡើងនៅកំឡុងពេល មីក្រូវិនាទីដំបូង (microsecond) នៃបន្ទុះប៊ីកប៊ែង (Big Bang) ដែលបង្កើតចេញជាចក្រវាលមួយនេះ។ ការរកឃើញរបស់ពួកគេ គឺជាបំណែកផ្គុំដ៏អស្ចារ្យតូចមួយ ដែលបង្ហាញអំពីដំណើរវិវត្តន៍នៃចក្រវាល ដូចដែលយើងស្គាល់សព្វថ្ងៃនេះ។

តើមានអ្វីកើតឡើងនៅអំឡុងរយៈពេល «មីក្រូវិនាទីដំបូង» នៃបន្ទុះប៊ីកប៊ែង (Big Bang) ដែលបង្កើតចក្រវាល?

កាលពីជិត ១៤ពាន់លានឆ្នាំមុន ចក្រវាល (Universe) របស់យើង បានប្រែប្រួលពីភាពក្តៅ និងហាប់ណែន ទៅជាព្រឹត្តិការណ៍ផ្ទុះមួយដ៏ធំមហាសាល ដែលក្រុមអ្នកវិទ្យាសាស្ត្របានហៅថា «បន្ទុះ Big Bang»។ ទោះបីជាការផ្ទុះពង្រីកខ្លួននោះមានសភាពលឿន ហើយបង្កើតចេញជាភាគល្អិត អាតូម ផ្កាយ កាឡាក់ស៊ី និងជីវិតនានាដូចដែលយើងបានដឹងក៏ពិតមែន ក៏ដំណើរការលម្អិតដំបូងៗបំផុតនៃការកកើតបែបនោះ នៅតែគ្មាននរណាដឹងនៅឡើយ។

១. ឥឡូវនេះការសិក្សាថ្មីមួយរបស់ សាកលវិទ្យាល័យ Copenhagen ធ្វើការទម្លាយដំណើរការគ្រប់យ៉ាងរបស់បន្ទុះ Big Bang ដូចតទៅ៖

លោក You Zhou សាស្ត្រាចារ្យមួយរូបនៅវិទ្យាស្ថាន Niels នៃសាកលវិទ្យាល័យ Cophenhagen បានលើកឡើងថា «យើងបានសិក្សាទៅលើសារធាតុផ្លាស្មាមួយ ដែលត្រូវបានហៅថា ក្វាក-គ្លួន (Quark-Gluon Plasma) ដែលជារូបធាតុតែមួយគត់ បានបង្ហាញវត្តមានមុខគេបំផុត ក្នុងកំឡុងពេលមីក្រូវិនាទីដំបូង នៃបន្ទុះ Big Bang។ លទ្ធផលទាំងឡាយរបស់យើង ប្រាប់យើងអំពីរឿងរ៉ាវដ៏អស្ចារ្យមួយ នៃរបៀបដែល Plasma វិវត្តនៅដំណាក់កាលដំបូងបំផុតរបស់ចក្រវាល»។

សាស្ត្រាចារ្យ You Zhou បានពន្យល់ទៀតថា «Plasma ដំបូងបង្អស់ដែលមានដូចជា quarks និង gluons (ក្វាក និងគ្លួន គឺជាសារធាតុផ្តុំនៃប្រូតុង (Protons) និង នឺត្រុង (Neutrons) ដែលសុទ្ធសឹងជារូបធាតុផ្សំនៃនុយក្លេអ៊ែរអាតូមិច) ត្រូវបានបំបែកចេញពីគ្នា នៅពេលដែលចក្រវាលដ៏ក្តៅគគុក ចាប់ផ្តើមលាតសន្ធឹង។ បំណែកនានានៃ quark បានបំលែងទៅជាអ្វីដែលយើងហៅថា ហាត្រុង (hatrons)។ Hatron មួយរួមជាមួយនិង quarks ចំនួនបី បង្កើតចេញជា proton មួយ ដែលវាគឺជាផ្នែកនៃស្នូលអាតូមិចនានា។ ស្នូលទាំងនេះ គឺជាបណ្តុំនៃរូបធាតុ ដែលបង្កើតភពផែនដី មនុស្សលោក និងចក្រវាលនៅជុំវិញយើងនេះឯង»។

២. បណ្តុំរូបធាតុ Quark-Gluon Plasma (QGP) បានបង្ហាញវត្តមាននៅកំឡុងពេល ០.០០០០០១ វិនាទី បន្ទាប់ពីបន្ទុះ Big Bang ហើយបន្ទាប់មកទៀតពួកវាក៏អវត្តមានទៅវិញ ព្រោះតែការពង្រីកខ្លួន

តាមរយៈការប្រើប្រាស់ ឧបករណ៍បង្កើនល្បឿនភាគល្អិតធំបំផុត និងមានឥទ្ធិពលបំផុតរបស់ពិភពលោក (Large Hadron Collider) នៅក្នុងអង្គការ CERN ស្ថិតនៅទីក្រុងហ្សឺណែវប្រទេសស្វីស ក្រុមអ្នកស្រាវជ្រាវអន្តរជាតិអាចប្រើប្រាស់ គំរូរបស់វាដើម្បីបង្កើតចេញជារូបធាតុដំបូង នៅក្នុងប្រវត្តិសាស្ត្រនៃចក្រវាល ទៅរកអ្វីដែលបានកើតនៅគ្រាដំបូងនោះ។

សាស្ត្រាចារ្យ You Zhou បានពន្យល់ជុំវិញលទ្ធផលខាងលើនេះថា «ការបុកទង្គិចបានធ្វើឲ្យពពួកអ៊ីយ៉ុង (ions) នៃ plasma ដែលមានសន្ទុះលឿននោះរួមបញ្ចូលគ្នា ក្នុងល្បឿនប្រហែលនឹងល្បឿនពន្លឺ។ ចលនានេះពិតជាធ្វើឲ្យយើងមើលឃើញ អំពីរបៀបដែល QGP វិវឌ្ឍពីរូបធាតុខ្លួនឯង ទៅជាស្នូលនៅក្នុងអាតូម និងបណ្តុំរូបធាតុទ្រទ្រង់ជីវិតនានាតែម្តង»។

បន្ថែមពីលើការប្រើប្រាស់ Large Hadron Collider ដើម្បីពិសោធន៍ ក្រុមអ្នកស្រាវជ្រាវក៏បានអភិវឌ្ឍក្បួន សម្រាប់ស្វែងរកចម្លើយមួយទៀតផងដែរ ដែលអាចធ្វើការវិភាគដឹង អំពីដំណើរពង្រីកនៃខ្លួនពពួកភាគល្អិត ដែលត្រូវបានផលិតចេញកាន់តែច្រើន នៅក្នុងខណៈពេលតែមួយ ហើយដែលវាមិនធ្លាប់អាចទៅរួចនោះឡើយពីមុនមក។ លទ្ធផលនៃការពិសោធន៍នេះបង្ហាញថា QGP ធ្លាប់ស្ថិតនៅក្នុងទម្រង់រាវយ៉ាងសកម្ម (fluent liquid form) ហើយវាតែងតែបង្ហាញខ្លួន ក្នុងទម្រង់ខុសប្លែកពីរូបធាតុផ្សេងៗទៀត តាមរយៈការផ្លាស់ប្តូររូបរាងរបស់វាជាប្រចាំ។

សាស្ត្រាចារ្យ You Zhou បានបកស្រាយរឿងនេះទៀតថា «អស់កាលជាយូរណាស់មកហើយ ក្រុមអ្នកស្រាវជ្រាវបានគិតថា plasma គ្រាន់តែជាទម្រង់មួយនៃឧស្ម័ន (gas) ប៉ុណ្ណោះ ប៉ុន្តែការវិភាគរបស់យើងពេលនេះ បញ្ជាក់អំពីចម្លើយប្រកបដោយការគណនា នាំឲ្យចេញជារបកគំហើញចុងក្រោយ ដែលឧបករណ៍ Hadron Collider បានបង្ហាញថា QGP មានភាពសកម្មរស់រវើក ហើយមានលក្ខណៈទន់រលោងដូចជាសារធាតុទឹក។ ទិន្នន័យនានាបានបង្ហាញថា plasma បានផ្លាស់ប្តូររូបរាងរបស់វា ទៅតាមពេលវេលា ដែលលទ្ធផលពិសោធន៍នេះពិតជាបង្កការភ្ញាក់ផ្អើលណាស់ និងខុសប្លែកពីរូបធាតុផ្សេងទៀត ដែលយើងស្គាល់ និងពីអ្វីដែលយើងធ្លាប់បានរំពឹងទុក»។

៣. មួយជំហានដើម្បីខិតទៅកាន់តែជិត ការពិតអំពីបន្ទុះ Big Bang

ទោះបីជាវាមើលទៅ ហាក់ដូចជាព័ត៌មានលម្អិតដ៏តូចនៅឡើយក្តី ក៏វាកំពុងជួយយើងឈានមួយជំហានទៀត ក្នុងការស្វែងយល់លើរូបធាតុផ្គុំមួយចំណែកនៃ Big Bang និងរបៀបដែលចក្រវាល បានអភិវឌ្ឍនៅក្នុងកំឡុងមីក្រូវិនាទីដំបូង។

រាល់ការរកឃើញអ្វីមួយ គឺប្រៀបបីដូចជាឥដ្ឋមួយដុំ ដែលជួយបង្កើនឱកាសរបស់យើង ក្នុងការស្វែងរកការពិតអំពីបណ្តុំឥដ្ឋ ដែលផ្គុំជាព្រឹត្តិការណ៍ Big Bang។ យើងបានចំណាយពេលប្រហែល ២០ឆ្នាំ ដើម្បីឲ្យដឹងថា Quark-Gluon Plasma (QGP) បានបង្ហាញភាពសកម្មរស់រវើក មុនពេលដែលវាវិវឌ្ឍទៅជា hadron និងបណ្តុំនៃរូបធាតុទ្រទ្រង់ជីវិត។ ដូច្នេះចំណេះដឹងថ្មីរបស់យើង ស្តីពីដំណើរការផ្លាស់ប្តូរឥរិយាបថនៃ plasma គឺជារបកគំហើញដ៏សំខាន់សម្រាប់យើង៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Sietech-Daily (ថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១)

480×240 Banner