នៅសុខៗផែនដី ស្រាប់តែវិលលឿនជាងមុន, តើយើងគួរបារម្ភ​ចំពោះបាតុភូតនេះទេ? (មានវីដេអូបកស្រាយ)

2,204

(បរទេស)៖ ជាធម្មតាយើងកំណត់ថា ក្នុងមួយថ្ងៃមាន ៨៦,៤០០វិនាទី ឬ ២៤ម៉ោង ដែលជារយៈពេលភពផែនដី វិលជុំវិញខ្លួនឯងបានមួយជុំ។ ក៏ប៉ុន្តែតាមពិតវិញនោះ គឺការវិលជុំវិញខ្លួនឯង (វង្វិលខ្ញាល់) របស់ភពយើង ជាធម្មតាគឺយឺតទៅៗ ដែលជាហេតុធ្វើឲ្យពេលវេលាក្នុងមួយថ្ងៃកាន់តែវែង។ តាមការគណនារបស់អ្នកវិទ្យាសាស្រ្ត ជាមធ្យមក្នុងមួយសតវត្សរ៍ ពេលវេលាមួយថ្ងៃលើភពយើង គឺកើនក្នុងអត្រាប្រហែល ១.៨មីលីវិនាទី (០.០០១៨វិនាទី)។ ដូច្នេះវាមានន័យថាកាលពី ៦០០លានឆ្នាំមុន មួយថ្ងៃមានរយៈពេលត្រឹម ២១ម៉ោងប៉ុណ្ណោះ។

នៅសុខៗផែនដី ស្រាប់តែវិលលឿនជាងមុន, តើយើងគួរបារម្ភ​ចំពោះបាតុភូតនេះទេ? (មានវីដេអូបកស្រាយ)

អ្នកវិទ្យាសាស្រ្តបានអះអាងថា ភាពប្រែប្រួលនេះគឺដោយសារកត្តាមួយចំនួន ដូចជាឥទ្ធិពលនៃកម្លាំងទំនាញរវាងភពយើង ជាមួយព្រះច័ន្ទ និងព្រះអាទិត្យ, ស្រទាប់ផែនដី, របាយម៉ាសនៃរូបធាតុនានានៅលើភពយើង, សកម្មភាពញ័ររញ្ជួយ, សកម្មភាពផ្ទាំងទឹកកក, ប្រព័ន្ធអាកាសធាតុ, មហាសមុទ្រ និង ស្រទាប់ការពារម៉ាញេទិចជាដើម។

ប៉ុន្តែកាលពីឆ្នាំ២០២០ អ្នកវិទ្យាសាស្រ្តស្រាប់តែបានរកឃើញ «រឿងគួរឲ្យភ្ញាក់ផ្អើលមួយ»។ ជំនួសឲ្យការថយចុះល្បឿន ពួកគេបានរកឃើញថា ផែនដីបែរជាបានចាប់ផ្តើមវិលជុំវិញខ្លួនឯង លឿនជាងមុនទៅវិញ។ ឥឡូវភពយើង កំពុងវិលលឿនជាងពេលណាៗទាំងអស់ គិតក្នុងអំឡុងពេល ៥០ឆ្នាំចុងក្រោយ ហើយកំណត់ត្រានៃថ្ងៃទាំង ២៨ ដែលមានរយៈពេលខ្លីបំផុតនោះ គឺសុទ្ធតែស្ថិតនៅក្នុងឆ្នាំ២០២០។

ជារួមអ្នកវិទ្យាសាស្រ្តមិនទាន់ច្បាស់ពី ការកើនឡើងនៃល្បឿនរង្វិលនេះនៅឡើយទេ ប៉ុន្តែមតិមួយចំនួនបានលើកឡើងថា វាអាចបណ្តាលមកពី ការរលាយផ្ទាំងទឹកកកធំៗ កាលពីកំលុងសតវត្សរ៍ទី ២០ ឬការកើនឡើងនៃបរិមាណទឹក នៅតំបន់អឌ្ឍគោលខាងជើង។ ប៉ុន្តែអ្នកជំនាញភាគច្រើន បានទស្សន៍ទាយថា ការកើនឡើងល្បឿននេះ គឺគ្រាន់ជាបាតុភូតបណ្តោះអាសន្នប៉ុណ្ណោះ ដោយផែនដីនឹងត្រឡប់ទៅចាប់ផ្តើមវិលយឺតទៅៗវិញ នាពេលអនាគត។

ជុំវិញបញ្ហានេះ មានការចោទជាសំណួរថា តើយើងគួរព្រួយបារម្ភដែរឬទេ? ខណៈវានឹងមិនប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃ របស់មនុស្សយើង វាអាចបង្កបញ្ហាដល់ប្រព័ន្ធបច្ចេកវិទ្យា ដូចជាផ្កាយរណប GPS, ស្មាតហ្វូន, កុំព្យូទ័រ និងបណ្តាញទំនាក់ទំនងជាដើម ដែលសុទ្ធតែត្រូវពឹងផ្អែកលើ ប្រព័ន្ធកំណត់ពេលវេលាត្រឹមត្រូវច្បាស់លាស់បំផុត។

យ៉ាងណាមិញ បញ្ហាទាំងឡាយខាងលើនេះ គឺអាចដោះស្រាយបានយ៉ាងងាយ តាមរយៈការបូក ឬដកបន្ថែមនូវ «វិនាទីបង្គ្រប់» ដែលគេហៅថា leap second ដូចទៅហ្នឹងអ្វីដែលយើងបានធ្វើចំពោះឆ្នាំ ដែលគេហៅថា leap year។ ដូច្នេះសរុបមកវិញ គឺយើងមិនមានអ្វីគួរឲ្យបារម្ភចំពោះការប្រែប្រួល នៃល្បឿនរង្វិលខ្ញាល់របស់ផែនដីឡើយ លុះត្រាតែវាអាចឈានដល់កម្រិតមួយ ដែលប៉ះពាល់ខ្លាំងដល់សកម្មភាពមនុស្សលោកយើង៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ BBC Science (ថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១)

480×240 Banner