ឆ្នាំ២០២៨-២០៣០ NASA នឹងចេញបេសកកម្ម ២ ទៅភពសុក្រ, តើជាអ្វីខ្លះទៅ? (មានវីដេអូបកស្រាយ)

3,394

(អាមេរិក)៖ សហរដ្ឋអាមេរិកក៏ធ្លាប់លើកឡើងផងដែរ តាំងពីសម័យអតីតសហភាពសូវៀត ដែលជាមហាអំណាចអវកាសដ៏ធំមួយ នៅក្នុងអំឡុងសង្គ្រាមត្រជាក់នោះថា «ភពសុក្រជាភពរបស់សូវៀត»។ ការលើកឡើងកាលណោះ មិនមែនអត់ហេតុផលទេ ព្រោះសូវៀតបានជះទុនច្រើនណាស់ ដើម្បីស្រាវជ្រាវភពសុក្រ ជាពិសេសគឺការបាញ់បញ្ជូនយានស៊េរី Venera ជាច្រើនគ្រឿងឲ្យទៅចុះចតទីនោះ នឹងបានផ្តល់ជាគន្លឹះសិក្សាសំខាន់ៗ អំពីផ្ទៃរបស់ភពសុក្រ ដែលមនុស្សនៅលើផែនដីគ្មានថ្ងៃអាចមើលឃើញឡើយ។

ឆ្នាំ២០២៨-២០៣០ NASA នឹងចេញបេសកកម្ម ២ ទៅភពសុក្រ, តើជាអ្វីខ្លះទៅ? (មានវីដេអូបកស្រាយ)

ចុះសម្រាប់អង្គការ NASA របស់សហរដ្ឋអាមេរិកនៅអំឡុងចុងទសវត្សរ៍ ២០២០ និងដើមទសវត្សរ៍ ២០៣០ ខាងមុខនេះ បម្រុងធ្វើអ្វីចំពោះភព ដែលស្ថិតនៅកៀកផែនដីជាងគេបំផុតនេះ? បើគិតតែពីបេសកកម្មទៅកាន់ភពសុក្រ NASA កំពុងត្រៀមបាញ់បញ្ជូនចំនួនពីរនោះគឺ បេសកកម្ម DAVINCI+ និង VERITAS។

១៖ បេសកកម្ម ដេវីញស៊ីផ្លាស់ (DAVINCI+ មានឈ្មោះពេញថា Deep Atmosphere Venus Investigation of Noble Gases, Chemistry and Imaging)៖ គឺជាយានអវកាសបំពេញបេសកកម្ម ដែលត្រូវគោចរនៅលើផ្ទៃភពសុក្រ ដើម្បីសិក្សាអំពីឧស្ម័ន និងសារធាតុគីមី ដែលមានក្នុងពពកភពសុក្រ។ បន្ទាប់មកទៀតវាត្រូវត្បុល ចូលទៅក្នុងបណ្តុំពពកដ៏ក្រាស់នៅគ្របដណ្តប់ពាសពេញភពសុក្រ ដើម្បីសិក្សាអំពីបម្រែបម្រួលរបស់វា ពីមួយរដូវកាលទៅមួយរដូវកាល។

២៖ បេសកកម្ម វែរីតាស់ (VERITAS មានឈ្មោះពេញថា Venus Emissivity, Radio Science, InSAR, Topography and Spectroscopy)៖ គឺជាបេសកកម្មដែលប្រើប្រាស់ប្រព័ន្ធរ៉ាដា ដើម្បីគូសវាសផែនទីទិន្នន័យនៃផ្ទៃភពសុក្រ នៅពេលដែលយានបំពេញបេសកកម្មនេះ ធ្វើការគោចរជុំវិញភពដ៏ក្តៅគគុកបំផុត ដែលអាចគោចរមកជិតផែនដីជាងគេ ក្នុងគម្លាតតែ ៣៨លានគីឡូម៉ែត្រមួយនេះ។

គួរបញ្ជាក់ថា បេសកកម្មទាំងពីរនេះនឹងតម្រូវឲ្យ NASA ចាយថវិកាប្រមាណ ៥០០លានដុល្លារអាមេរិក ដោយបូករួមនូវការចំណាយគ្រប់យ៉ាងដូចជា ការសិក្សា និងអភិវឌ្ឍយាននានា ព្រមទាំងបេសកកម្មបាញ់បង្ហោះ ដែលអាចកើតឡើងនៅឆ្នាំ ២០២៨ និង ២០៣០

ប្រែសម្រួល៖ Cambo Space
ប្រភព៖ វែបសាយ Space (ថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១)

480×240 Banner