សូរ្យគ្រាសនៅទូទាំងសហរដ្ឋអាមេរិក «ចាប់ផ្តើមហើយនៅថ្ងៃចន្ទនេះ ដោយមានការផ្សាយផ្ទាល់ថែមទៀត!» (សូមអានអត្ថបទអំពី កាលវិភាគ និង Link ផ្សាយផ្ទាល់ខាងក្នុង)
(អាមេរិក)៖ នាថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០១៧នេះ (ពេលវេលានៅអាមេរិក) បាតុភូតតារាសាស្រ្តដ៏អស្ចារ្យមួយ គឺសូរ្យគ្រាសងងឹតសូន្យឈឹង (Total Solar Eclipse) នឹងកើតមានឡើងនៅទូទាំងសហរដ្ឋអាមេរិក ជាពិសេសគឺភាគកណ្តាល ដែលសន្ធឹងពីកើតទៅលិចតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយវិទ្យាសាស្រ្ត Space.com នៅរសៀលថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០១៧។

សូរ្យគ្រាស (Solar) កើតឡើងនៅពេលដែល ព្រះច័ន្ទគោចរឆ្លងកាត់ចន្លោះភពផែន និងព្រះអាទិត្យ ជាហេតុធ្វើឲ្យវាបិទបាំងទាំងស្រុង (Total) ឬក៏ផ្នែកមួយចំនួន (Partial) របស់ព្រះអាទិត្យសម្រាប់អ្នកទស្សនានៅលើផែនដី។ ដោយឡែកសម្រាប់ Total Solar Eclipse វាកើតឡើងនៅពេលដែល មុខកាត់របស់ព្រះច័ន្ទមានទំហំធំជាងមុខកាត់របស់ព្រះអាទិត្យ ដែលរាំងខ្ទប់រាល់ពន្លឺទាំងអស់ពីផ្កាយរបស់យើង ហើយប្រែក្លាយពេលថ្ងៃដ៏ភ្លឺចែងចាំង ទៅជាងងឹងសូន្យឈឹងដូចពេលយប់។ សូរ្យគ្រាសងងឹតសូន្យឈឹងនេះ កើតមាននៅលើគន្លងដ៏តូចមួយ នៅលើផ្ទៃរបស់ភពផែនដី ខណៈ Partial Solar Eclipse ក៏អាចត្រូវមើលឃើញ នៅតាមតំបន់ដទៃៗទៀត ដែលស្ថិតនៅរាប់ពាន់គីឡូម៉ែត្រជុំវិញនោះដែរ។

Total Solar Eclipse ចុងក្រោយបំផុតដែលអាចត្រូវមើលឃើញនៅទូទាំងសហរដ្ឋអាមេរិក គឺកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ១៩១៨។ គន្លងនៃសូរ្យគ្រាសងងឹតសូន្យឈឹងនឹងជះចំរដ្ឋចំនួន ១៤ របស់អាមេរិក ខណៈ Partial Solar Eclipse នឹងអាចត្រូវមើលឃើញនៅតាមរដ្ឋទាំង៥០។ ព្រឹត្តិការណ៍ដ៏វិសេសនេះ នឹងចាប់ផ្តើមឡើងនៅរដ្ឋ Oregon ភាគខាងលិចសហរដ្ឋអាមេរិក នាម៉ោង ០៩៖០៦នាព្រឹកថ្ងៃចន្ទសប្តាហ៍នេះ (ស្មើនឹងម៉ោង ១១៖០៦នាទីយប់នេះម៉ោងនៅកម្ពុជា) ហើយនឹងបញ្ចប់នៅថ្ងៃដដែលនៅឆ្នេរសមុទ្រនៃរដ្ឋ South Carolina ភាគអាគ្នេយ៍ប្រទេសនៅម៉ោង ២៖៤៤នាទីរសៀល (ស្មើនឹងម៉ោង ០១៖៤៤នាទីទៀបភ្លឺឈានចូលថ្ងៃអង្គារស្អែក)។

គួរបញ្ជាក់ថា Total Solar Eclipse នាថ្ងៃអនាគត នឹងកើតមាននៅសហរដ្ឋអាមេរិកម្តងទៀត នៅខែមេសា ឆ្នាំ២០២៤ (ឆ្លងកាត់១២រដ្ឋ) និងនៅខែសីហា ឆ្នាំ២០៤៥ (១០រដ្ឋ) ហើយបាតុភូតសូរ្យគ្រាសប្រចាំឆ្នាំ ដែលមានន័យថា ព្រះច័ន្ទតូចជាងព្រះអាទិត្យនោះ នឹងកើតមាននៅខែតុលា ឆ្នាំ២០២៣ (០៩រដ្ឋ) និងខែមិថុនា ឆ្នាំ២០៤៨ (០៩រដ្ឋ)។
សូមទស្សនា តំណរភ្ជាប់ខាងក្រោម ៖
https://www.space.com/17933-nasa-television-webcasts-live-space-tv.html
