កូនឧទ្ធម្ភាគចក្រ NASA ហោះហើរលើកទី៧លើភពអង្គារ និងទទួលបានលទ្ធផលល្អ (មានវីដេអូ)
(អាមេរិក)៖ កូនឧទ្ធម្ភាគចក្រ Ingenuity របស់អង្គការ NASA បានបញ្ចប់ការធ្វើតេស្តជាលើកទី ៧ សម្រាប់ការហោះហើរក្នុងបរិយាកាសដ៏ស្តើង នៃភពព្រះអង្គារហើយ ដោយលទ្ធផលវិញគឺ «ល្អ»។ ការហោះហើរតេស្តជាថ្មីនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៦ ខែមិថុនា (ពេលវេលានៅអាមេរិក) ហើយអង្គការ NASA ទើបតែបញ្ចេញលទ្ធផលឲ្យដឹងនៅពេលនេះប៉ុណ្ណោះ។
មន្ទីរពិសោធន៍ និងបញ្ជាយានរបស់អង្គការ NASA គឺ JPL បានធ្វើការប្រកាសលើ Twitter ថា «គ្មានភាពមិនប្រក្រតីអ្វីបានកើតឡើងឡើយ… Ingenuity បានហោះហើរជាលើកទី ៧ ប្រកបដោយសុវត្ថិភាព»។ លើកនេះកូនឧទ្ធម្ភាគចក្រ ដែលមានទម្ងន់ ១.៨គីឡូក្រាមមួយនេះ ធ្វើការហោះហើរបានចម្ងាយ ១០៦ម៉ែត្រ និងមានរយៈពេល ៦៣វិនាទី នៅក្នុងតំបន់រណ្តៅ Jezero ដែលយាន Perseverance បានចុះចតទៅដល់កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២១។

គួរបញ្ជាក់ថា Ingenuity ត្រូវបានខ្ជាក់ចេញពីពោះ Perseverance កាលពីថ្ងៃទី០៣ ខែមេសា។ ការធ្វើតេស្តរបស់កូនឧទ្ធម្ភាគចក្រនេះកន្លងមក គឺត្រូវបានចាត់ទុកជា «ជោគជ័យធំធេង» មួយរួចទៅហើយ ព្រោះបេសកកម្មរបស់អង្គការ NASA លើវាមួយគ្រឿងនេះគ្រាន់តែចង់ដឹងថា តើមានគ្រឿងយន្តណាមួយ អាចហោះហើរនៅក្នុងបរិយាកាសដ៏ស្តើង នៃភពអង្គារបានដែរ ឬទេ? ហើយការហោះហើរតេស្តជាច្រើនលើកមកនេះ គឺជាចម្លើយបញ្ជាក់យ៉ាងច្បាស់ក្រលែតថា «គ្មានបញ្ហាឡើយ»៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ space (ថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១)
