ជប៉ុន៖ «មនុស្សនៅតែអាចបង្កកំណើតនៅលើភពអង្គារ ព្រោះទឹកស្ពើមបុរស អាចរស់នៅទីនោះបាន២០០ឆ្នាំ»
(តូក្យូ)៖ លទ្ធផលនៃការសិក្សាថ្មីមួយបានឲ្យតំរុយថា មនុស្សយើងនឹងនៅតែអាចបង្កកំណើតបាន នៅលើភពអង្គារ (Mars) ហើយលទ្ធផលបែបនេះ គឺផ្ទុយស្រឡះពីការធ្លាប់យល់ឃើញកន្លងមក។

ការសិក្សាថ្មីមួយដោយក្រុមអ្នកវិទ្យាសាស្រ្តនៅប្រទេសជប៉ុន បានបង្ហាញថា ការបង្កកំណើតរបស់មនុស្សនៅលើភពអង្គារ នឹងជារឿងអាចទៅរួច ដោយសារស្ពែរម៉ាតូសូអ៉ីត ឬស្ពើម ដែលជាមេជីវិតរបស់បុរស អាចរស់នៅទីនោះដោយគ្មានបញ្ហាបានរហូតដល់ទៅ ២០០ឆ្នាំឯណោះ។

ការសិក្សានេះជា ផ្នែកនៃការធ្វើពិសោធន៍រយៈពេល ០៦ឆ្នាំ ដោយអ្នកវិទ្យាសាស្រ្តបានរក្សាទុកមេជីវិតរបស់សត្វកណ្តុរ នៅលើស្ថានីយអវកាសអន្តរជាតិ ហើយដាក់ឲ្យពួកវារងនឹងធាតុវិទ្យុសកម្ម។ ជាលទ្ធផលនៅក្រោយរយៈពេល ០៦ឆ្នាំ ក្រុមអ្នកវិទ្យសាស្រ្តបានរកឃើញថា មេជីវិតសត្វកណ្តុរ ដែលរក្សាទុកនៅលើស្ថានីយអវកាស មានសភាពល្អធម្មតា។

គួរបញ្ជាក់ថា កន្លងមកអ្នកស្រាវជ្រាវធ្លាប់តែជឿថា ធាតុវិទ្យុសកម្មក្នុងទីអវកាស នឹងបំផ្លាញ DNA របស់មនុស្ស ដែលនឹងធ្វើឲ្យការបង្កកំណើតពុំអាចទៅរួច។ អ្នកវិទ្យាសាស្រ្តជប៉ុនម្នាក់ ដែលបានចូលរួមការសិក្សាខាងលើបាននិយាយថា «របកគំហើញបែបនេះ មានសារៈសំខាន់ណាស់ សម្រាប់ឲ្យមនុស្សលោកបន្តបោះជំហានទៅមុខ ក្នុងយុគសម័យអវកាស៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Business Insider (ថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១)
