មហិច្ឆតាចិនលើភពអង្គារ៖ «បញ្ជូនយានទៅស្រាវជ្រាវផ្ទាល់, បញ្ជូនយានទៅជីកយកគំរូតាង, និងបញ្ជូនមនុស្សទៅ រួចត្រលប់មកវិញដោយសុវត្ថិភាព»

1,415

(បរទេស)៖ ខណៈក្រុមហ៊ុនអវកាសឯកជន SpaceX របស់សហរដ្ឋអាមេរិក គ្រោងបញ្ជូនមនុស្សទៅភពអង្គារនៅអំឡុងទសវត្សរ៍ ២០២០ និងអង្គការអវកាស NASA នៅទសវត្សរ៍ ២០៣០ ប្រទេសចិនឯណេះចិនក៏កំពុងស្វែងរកមធ្យោបាយ ដើម្បីបញ្ជូនអវកាសយានិក ទៅកាន់ភពអង្គារ (Mars) និងនាំយកពួកគេត្រលប់មកវិញដោយសុវត្ថិភាព ព្រមទាំងអាចបង្កើតមូលដ្ឋានស្នាក់នៅរយៈពេលវែង នៅលើភពក្រហមនោះផងដែរ ប៉ុន្តែគេនៅមិនទាន់អាចកំណត់ ពេលវេលាឲ្យជាក់លាក់នៅឡើយទេ។

លោក វ៉ាង ហ្សាវជីង (Wang Xiaojing) មន្រ្តីជាន់ខ្ពស់ម្នាក់ក្នុងវិស័យអវកាសចិន បានថ្លែងប្រាប់សន្និសីទផ្នែកអវកាសមួយ ដែលរៀបចំឡើងនៅរុស្ស៉ី នៅក្នុងសប្តាហ៍នេះថា ចិនកំពុងស្រាវជ្រាវរកជម្រើសប្រសើរជាងគេបំផុត សម្រាប់បេសសកម្មប្រកបដោយនិរន្តរភាព នៅភពអង្គារ។ លោក Wang បានលើកឡើងពីជោគជ័យកន្លងទៅថ្មីៗនេះ នៃការចុះចតយានរ៉ូបូត ជូរ៉ង (Zhurong) ក្នុងបេសកកម្ម ធានវិន ១ (Tianwen-1) នៅលើភពអង្គារ ហើយលោកថែមទាំងគូសបញ្ជាក់ថា ចិនមានផែនការធំៗជាច្រើន ដែលលើសពីបេសកកម្មនាំយកគំរូតាងភពអង្គារ ដែលគ្រោងប្រព្រឹត្តទៅនៅឆ្នាំ២០២៩ ទៀតឯណោះ។

យ៉ាងណាមិញ ពេលនេះចិនមិនទាន់បង្ហើបពីកាលបរិច្ឆេទ សម្រាប់បេសកកម្មបញ្ជូនមនុស្សទៅកាន់ភពអង្គារឡើយ ប៉ុន្តែកំពុងដាក់គោលដៅបញ្ជូនអវកាសយានិក ទៅកាន់ឋានព្រះចន្ទនៅអំលុងទសវត្សរ៍ឆ្នាំ២០៣០។ ដូច្នេះហើយបេសកកម្មបញ្ជូនមនុស្សទៅភពអង្គារ នឹងនៅត្រូវការពេលយូរអង្វែងថែមទៀត។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺកន្លងមកនេះចេញបានធ្វើរឿងជាច្រើនរួចមកហើយ ចំពោះការត្រៀមលក្ខណៈបញ្ជូនទាំងយានស្រាវជ្រាវ ប្រមូលគំរូតាង និងមនុស្សទៅបំពេញបេសកកម្មផ្ទាល់។ បច្ចុប្បន្ន ទីតាំងបង្វឹកក្រុមអ្នកវិទ្យាសាស្ត្រលើផែនដី ដែលចិនបានជ្រើសរើសស្ថិតនៅតំបន់វាលខ្យាច់ Gobi នៃភាគពាយព្យប្រទេស ត្រូវបានគេជឿជាក់ថា ជាទីកន្លែងដែលមានបរិស្ថាន ស្រដៀងនឹងភពអង្គារបំផុត បើធៀបនឹងកន្លែងមួយចំនួនទៀត ដែលត្រូវបានចាត់ទុកថា មានលក្ខណៈដូចភពអង្គារ នៅលើភពផែនដីយើងនេះ។

មហិច្ឆតាចិនលើភពអង្គារ៖ «បញ្ជូនយានទៅស្រាវជ្រាវផ្ទាល់, បញ្ជូនយានទៅជីកយកគំរូតាង, និងបញ្ជូនមនុស្សទៅ រួចត្រលប់មកវិញដោយសុវត្ថិភាព»

ទីតាំងដែលក្រុមការងារអភិវឌ្ឍវិស័យអវកាសចិន បានជ្រើសរើសខាងលើនេះ គឺមានទំហំជាង ៧០០ហិកតា ហើយចាប់តាំងពីឆ្នាំ២០១៩មក វាបានក្លាយជាទីកន្លែងដ៏អស្ចារ្យ ដែលក្រុមអ្នកវិទ្យាសាស្ត្រចិនប្រើដើម្បីធ្វើតេស្ត និងស្រាវជ្រាវអ្វីៗគ្រប់យ៉ាង ពាក់ព័ន្ធនឹងបេសកកម្មភពអង្គារ ជាពិសេសគឺបេសកកម្ម Tianwen-1 ដែលទើបបានចុះចតយ៉ាងជោគជ័យ នៅលើភពអង្គារកាលពីខែឧសភា ឆ្នាំ២០២១៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space (ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១)

480×240 Banner