ចាំខ្សែភាពយន្តហូលីវូដ «២០១២» បានទេ? មានចំណុចរសើបមួយដែលអាចធ្វើឲ្យ «ភយន្តរាយរឿង ២០១២ កើតមានឡើងពិតប្រាកដ» គឺក្នុងករណីភពទាំងអស់…
(បរទេស)៖ វាពិតជាធ្វើឲ្យមនុស្សជាច្រើននៅលើផែនដី ភ័យព្រួយមិនស្ទើរនោះឡើយ ចំពោះខ្សែភាពយន្ត «២០១២» ដែលត្រូវបានដាក់បញ្ចាំងដ៏ជោគជ័យខ្លាំងនៅឆ្នាំ២០០៩ ដែលកាលណោះសារព័ត៌មានជាច្រើនបានចុះផ្សាយ ពីមតិសាធារណៈដែលបង្ហាញពីការភិតភ័យយ៉ាងពិតប្រាកដ ចំពោះពាក្យទំនាយរបស់ជនជាតិម៉ាយ៉ាននៅទ្វីបអាមេរិក ស្តីពីការបញ្ចប់ជីវិតនៅលើផែនដីទាំងស្រុង នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២។

ជុំវិញបញ្ហានេះដែរ នៅប៉ុន្មានសប្តាហ៍មុនដល់កាលកំណត់ខាងលើនេះ គឺរយៈពេលបីឆ្នាំក្រោយរឿង ២០១២ ត្រូវបានដាក់បញ្ចាំងនោះ ជនជាតិម៉ាយ៉ានដែលជាអ្នកពាក់ព័ន្ធនឹងរឿងនេះ បានចេញមុខបកស្រាយថា សម្រាប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២ គឺគ្រាន់តែជាថ្ងៃចុងបញ្ចប់នៃប្រតិទិនជនជាតិដើមរបស់ខ្លួនចាស់ និងជាការចាប់ផ្តើមនូវប្រតិទិនឆ្នាំថ្មីប៉ុណ្ណោះ ដោយវាមិនមានចំណុចណា បញ្ជាក់អំពីថ្ងៃនោះជាថ្ងៃអន្តរាយនៃពិភពលោកឬពិភពលោក នឹងជួបគ្រោះធម្មជាតិដ៏កាចសាហាវគ្មានពីរនោះឡើយ។

ចំណុចសំខាន់ស្ថិតនៅទីនេះ គឺករណីដូចក្នុងខ្សែភាពយន្ត ២០១២ នឹងអាចកើតមានឡើងតាមកម្រិត ដែលវាត្រូវបានបញ្ជាក់នៅក្នុងខ្សែភាពយន្តនោះស្រាប់ ដោយផែនដីនឹងជួបភយន្តអន្តរាយដូចជា រញ្ជួយផែនដីកម្រិតធ្ងន់ៗរហូតដល់លើស ១០រ៉ិចទ័រ, រលកយក្សស៊ូណាមិ ដែលមានកម្ពស់រាប់រយម៉ែត្រ, និងភ្នំភ្លើងតូចធំ ទាំងរស់ទាំងស្លាប់ទៅហើយ នឹងផ្ទុះឡើងវិញទាំងអស់ ហើយគ្មានជីវិតណាមួយអាចគេចផុតពីក្តីស្លាប់នេះបានឡើយ មានតែអ្នកស្ថិតនៅក្នុងនាវាយក្សទាំងបីគ្រឿង ដែលមហាអំណាចពិភពលោករួមគ្នាកសាងប៉ុណ្ណោះ។

គ្រោះមហន្តរាយទាំងអស់ខាងលើនេះ អាចកើតឡើងនៅពេលភពទាំង ០៨ នៅក្នុងប្រព័ន្ធព្រះអាទិត្យតម្រៀបគ្នាត្រង់ជាបន្ទាត់ដោយមានព្រះអាទិត្យ និងភពណិបទូនជាអង្កត់សងខាង។ បាតុភូតដែលកម្រនឹងអាចកើតមានឡើងនេះ គឺនឹងធ្វើឲ្យដែនម៉ាញេទិចភពនីមួយត្របាញ់បញ្ចូលគ្នា កើតចេញជាកោលាហល ដោយភពមួយចំនួនមិនថាតែផែនដីនោះ នឹងមានគ្រោះមហន្តរាយដូចគ្នា ដូចជាភពសុក្រ អង្គារ និងពុធជាដើម ខណៈដែលភពធំៗមួយចំនួនទៀត ដូចជា សៅរ៍ ព្រហស្បតិ៍ អ៊ុយរ៉ាណូស និងណិបទូន អាចត្រឹមមានចលនាកញ្ច្រោលតិចតួចនៃបណ្តុំឧស្ម័នលើភពប៉ុណ្ណោះ ដោយសារតែទំហំពួកវាធំៗ និងដែនម៉ាញេទិចខ្លាំង។

ទោះបីជាបែបនេះក្តី មានប្រភពមួយចំនួនបានបញ្ជាក់ថា «វាគ្មានថ្ងៃកើតឡើងបានទេ ព្រោះបើតាមការគណនាទៅរកអតីតកាល ករណីនេះធ្លាប់កើតឡើងកាលពីឆ្នាំ ៥៦១ មុនគ.ស និងឆ្នាំ១៩៦២ ប៉ុន្តែពុំមានភស្តុតាងថា មានរឿងអ្វីបានកើតឡើងនោះឡើយ។ តាមការគណនារបស់តារាវិទូ ហេតុការណ៍នេះនឹងកើតឡើងនៅឆ្នាំ២៨៥៤។ សម្រាប់មតិមួយចំនួនទៀតបានអះអាងថា វាអាស្រ័យទៅលើតើភពទាំង ០៨ និងភ្លុយតូ អាចតម្រៀបគ្នាជាជួរត្រង់ដល់កម្រិតណា នោះមហន្តរាយក៏នឹងអាចមើលឃើញដែរ ប៉ុន្តែសម្រាប់ករណីដែលភពទាំងអស់ នឹងត្រង់ភ្លឹងដូចបន្ទាត់នោះ វាទំនងជាគ្មានថ្ងៃកើតឡើងទេ។

គួរបញ្ជាក់ថា ការរៀបចំថតដែលពីដំបូងឡើយគ្រោងធ្វើឡើងក្នុងទីក្រុង Los Angeles នៃរដ្ឋកាលីហ្វរញ៉ា ឯណោះវិញទេនោះ បានចាប់ផ្តើមប្រព្រឹត្តទៅនៅទីក្រុង Vancouver នៃរដ្ឋវ៉ាស៊ីនតោន កាលពីខែសីហា ឆ្នាំ២០០៨។ ដំណើររឿងនៃខ្សែភាពយន្តនេះ ស្តីពីអ្នកនិពន្ធសៀវភៅប្រលោមលោកមួយរូបឈ្មោះ Jackson Curtis ស្របពេលរូបលោក ព្យាយាមនាំយកក្រុមគ្រួសាររបស់ខ្លួន ទៅកាន់ទីសុវត្ថិភាព នៅចំពោះមុខមហាគ្រោះមហន្តរាយពិភពលោក។

រឿងនេះចង់សំដៅលើជំនឿ Mayanism និងបាតុភូតឆ្នាំ២០១២ ដែលមនុស្សមួយចំនួនយល់ថា គឺជាចុងបញ្ចប់នៃភពផែនដី។ មនុស្សរាប់ពាន់លាននាក់នៅលើភពផែនដី មិនដឹងនោះឡើយថា ភពរបស់ពួកគេមានថ្ងៃបរិច្ឆេទផុតកំណត់។ ដោយឡែក បន្ទាប់ពីទទួលបានការព្រមានឲ្យដឹងពីសំណាក់អ្នកវិទ្យាសាស្រ្តអាមេរិកម្នាក់ បណ្តាមេដឹកនាំពិភពលោក ចាប់ផ្តើមរៀបចំដោយសម្ងាត់ នូវគម្រោងរក្សាជីវិតរបស់បុគ្គលសំខាន់ៗ ដែលត្រូវបានជ្រើសរើស។ នៅពេលដែលព្រឹត្តិការណ៍មហាវិនាសកម្មនេះកើតឡើង លោក Curtis ក៏ព្យាយាមដឹកនាំក្រុមគ្រួសាររបស់លោក ទៅកាន់ទីសុត្ថិភាព ខណៈពិភពលោកចាប់ផ្តើមឈានទៅរកភាពរលាយសាបសូន្យ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២៕
