ពិតជាកម្រណាស់! ផ្កាយរណបអារ៉ាប់រួម ថតបានពន្លឺ Aurora នៅផ្នែកងងឹតភពអង្គារ (មានវីដេអូបកស្រាយ)
(ឌូបៃ)៖ បេសកកម្មផ្កាយរណប អាម៉ាល់ ឬក្តីសង្ឃឹម (Amal ឬ Hope) របស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានប្រទះឃើញពន្លឺរស្មី អូរ៉ូរ៉ា (Aurora) ដែលកម្រជួបប្រទះរបស់ភពអង្គារ (Mars) ក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ ក្រោយទៅដល់ទីនោះ។ ផ្កាយរណប Hope របស់អេមីរ៉ាត់អារ៉ាប់រួម បានទៅដល់គន្លងក្បែរភពអង្គារ កាលពីខែកុម្ភៈ ឆ្នាំ២០២១នេះ។ នៅចុងខែមីនា ក្រុមការងាររបស់បេសកកម្មនេះ ក៏បានបញ្ជាផ្កាយរណប Hope ទៅកាន់គន្លងគោចរកម្រិតខ្ពស់ពិសេសមួយ ក្បែរតំបន់ខ្សែអេក្វាទ័ររបស់ភពអង្គារ ដោយសង្ឃឹមថា វានឹងអនុញ្ញាតឲ្យឧបករណ៍របស់ Hope អាចអង្កេតមើលភពក្រហមនេះ បានយ៉ាងទូលំទូលាយ។

បន្ទាប់មកទៀត ក្រុមអ្នកវិទ្យាសាស្រ្តនៃបេសកកម្ម Hope បានដំណើរការធ្វើតេស្តឧបករណ៍មួយចំនួនរបស់វា ដែលមានតួនាទីអង្កេតក៏ដូចជាប្រមូលទិន្នន័យ អំពីស្រទាប់បរិយាកាស និងប្រព័ន្ធធាតុអាកាសនៃភពអង្គារ។ ពេលនោះហើយ ដែលផ្កាយរណប Hope ស្រាប់តែបានប្រទះឃើញ ពន្លឺរស្មី អូរ៉ូរ៉ា (Aurora) ដែលកម្រជួបប្រទះរបស់ភពអង្គារ នៅមុនពេលវាចាប់ផ្តើមបេសកកម្មវិទ្យាសាស្រ្តផ្លូវការ កាលពីឧសភាទៅទៀត។ បេសកកម្មចម្បងរបស់ Hope គឺសិក្សាស្វែងយល់អំពីបរិយាកាសរបស់ភពអង្គារ នៅគ្រប់ស្រទាប់ ហើយក្នុងទ្រង់ទ្រាយជាសកលថែមទៀត។

គួរបញ្ជាក់ថា ពន្លឺរស្មី Aurora របស់ផែនដី ត្រូវអ្នកវិទ្យាសាស្រ្តដឹងថា មានជាប់ពាក់ព័ន្ធនឹងស្រទាប់ដែនម៉ាញេទិចរបស់ភពយើង ហើយនិងភាគល្អិតផ្ទុកចរន្តដែលជះមកពីព្រះអាទិត្យ។ ពន្លឺ Aurora នេះកើតឡើងនៅតំបន់ប៉ូលទាំងពីររបស់ផែនដី។ ប៉ុន្តែនៅភពអង្គារមានភាពខុសគ្នា ត្រង់ថាអ្នកវិទ្យាសាស្រ្តបានរកឃើញពន្លឺ Aurora ចំនួន ០៣ប្រភេទ។

ពន្លឺ Aurora មួយប្រភេទរបស់ភពអង្គារ កើតឡើងតែនៅចំហៀងដែលទទួលពន្លឺរបស់វាប៉ុណ្ណោះ ខណៈពីរប្រភេទទៀត កើតឡើងនៅចំហៀងដែលមិនទទួលពន្លឺ។ ក្នុងចំណោមពីរប្រភេទនោះទៀតសោត មួយប្រភេទកើតឡើងតែកំលុងមានព្យុះព្រះអាទិត្យខ្លាំងៗ ហើយផ្ទៃនៅចំហៀងងងឹតនោះនឹងបញ្ចេញពន្លឺ Aurora ពេញនៅគ្រប់ទីកន្លែងតែម្តង។ រីឯមួយប្រភេទទៀត ដែលជាប្រភេទផ្កាយរណប Hope បានប្រទះឃើញ គឺមិនមែនកើតឡើងតែកំលុងពេលវេលាជាក់លាក់បែបនេះទេ ប៉ុន្តែកើតឡើងតែនៅតាមផ្នែកខ្លះ នៃចំហៀងងងឹតនោះរបស់ភពអង្គារទៅវិញ៕
ប្រភព៖ Space (ថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១)
