ព្រះអាទិត្យទើបជះចេញនូវ «អណ្តាតភ្លើងយ៉ាងធំសម្បើម» ដែលមិនធ្លាប់មានក្នុងរយៈពេល ៤ឆ្នាំមកនេះ (មានវីដេអូ)

3,490

(អាមេរិក)៖ នៅថ្ងៃសៅរ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២១ (ពេលវេលានៅអាមេរិក) មជ្ឈមណ្ឌលអង្កេត និងស្ទាបស្ទង់បរិស្ថាននៃទីអវកាស (SWPC) របស់សហរដ្ឋអាមេរិកបានប្រកាសឲ្យដឹងថា ព្រះអាទិត្យបានផ្ទុះចេញនូវអណ្តាតភ្លើងដ៏ធំអស្ចារ្យ ដែលយើងស្គាល់ថា Solar Flare ហើយនេះជាទំហំធំសម្បើយ ដែលមិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីឆ្នាំ២០១៧។

បើតាមមជ្ឈមណ្ឌលខាងលើនេះ អណ្តាតភ្លើងដ៏កញ្ជ្រោលនោះ ត្រូវបានចេញចេញពីម្តុំចំណុចខ្មៅព្រះអាទិត្យ (sunspot) មួយដែលគេដាក់លេខរៀងសម្គាល់ឲ្យថា AR2838 កាលពីវេលាម៉ោង ១០៖២៩នាទីព្រឹកថ្ងៃសៅរ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២១ ម៉ោងនៅវ៉ាស៊ីនតោន (ត្រូវនឹងម៉ោង ១០៖២៩នាទីយប់ថ្ងៃដដែល ម៉ោងនៅភ្នំពេញ)។

បើតាមមន្ត្រីរបស់ SWPC បានប្រកាសថា «ចំណុចខ្មៅព្រះអាទិត្យ AR2838 គឺជាតំបន់សកម្មថ្មីមួយនៅលើព្រះអាទិត្យ។ ចំណុចខ្មៅមួយនេះ បានកកើតឡើងតែមួយយប់ប៉ុណ្ណោះ ហើយវាបានបង្កឲ្យមាន ការជះចេញនូវអណ្តាតភ្លើង M2 flare នៅថ្ងៃទី០៣ ខែកក្កដា…។ ភ្លាមៗបន្ទាប់ពីព្រឹត្តិការណ៍នេះកើតឡើង ចំណុចខ្មៅព្រះអាទិត្យ (AR2838) នោះក៏រលាយបាត់ទៅវិញដែរ»។

ព្រះអាទិត្យទើបជះចេញនូវ «អណ្តាតភ្លើងយ៉ាងធំសម្បើម» ដែលមិនធ្លាប់មានក្នុងរយៈពេល ៤ឆ្នាំមកនេះ (មានវីដេអូ)

ព្រឹត្តិការណ៍ផ្ទុះជះអណ្តាតភ្លើងខាងលើនេះ ត្រូវបានចាត់ចូលក្នុងលំដាប់ខ្ពស់ X1-class ហើយបើតាម SWPC វាក៏បានបង្កឲ្យប៉ះពាល់ដល់រលកវិទ្យុលើផែនដី មួយភ្លែតផងដែរស្ថិតនៅតំបន់មួយ ដូចផែនទីខាងក្រោមបង្ហាញ។ ខ្សែវីដេអូ និងរូបភាពបានបង្ហាញអំពីការជះចេញនូវ Solar Flare ផ្តិតយកដោយ តេឡេស្កូបអង្កេតការណ៍របស់អង្គការ NASA ដែលប្រើប្រាស់សម្រាប់តាមដានសកម្មភាពព្រះអាទិត្យ។

គួរបញ្ជាក់ថា ការផ្ទុះជះចេញនូវ Solar Flare លំដាប់ X-class បែបនេះ ប្រសិនបើវាមានមុខព្រួញមករកភពផែនដីចំៗវិញនោះ ប្រាកដណាស់ថាអាច បង្កគ្រោះធំដល់អវកាសយានិក ដែលកំពុងបំពេញកិច្ចការងារក្នុងទីអវកាស និងផ្កាយរណបកំពុងគោចរ ជុំវិញផែនដីជាក់ជាមិនខាន។ បន្ថែមពីនេះ វាក៏អាចបង្កជាបញ្ហាដល់ ខ្សែសង្វាក់ផ្គត់ផ្គង់ថាមពល នៅលើភពផែនដីយើងផងដែរ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space/NASA (ថ្ងៃអាទិត្យ ទី០៤ ខែកក្កដា ឆ្នាំ២០២១)

480×240 Banner