លទ្ធផលស្ទង់មតិ៖ «ប្រជាជនអាមេរិក ៦៥% ជឿថាមានអេលៀន និង UFO មកកាន់ផែនដី»

1,529

(អាមេរិក)៖ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ការបញ្ចេញជាសាធារណៈនូវរបាយការណ៍សម្ងាត់មួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ស្តីអំពីវត្ថុហោះហើរមិនស្គាល់អត្តសញ្ញាណឬ UFO បានបង្កឲ្យមានការចាប់អារម្មណ៍ខ្លាំងនៅទូទាំងប្រទេស។ ប៉ុន្តែការស្ទង់មតិមួយត្រូវបានធ្វើឡើង នៅមុនពេលចេញរបាយការណ៍នេះបានបង្ហាញថា ប្រជាជនអាមេរិកភាគច្រើនជឿលើព័ត៌មាននានាអំពីវត្តមានពួកអេលៀន ឬមនុស្សក្រៅភព។

យោងតាមការស្ទង់មតិរបស់ មជ្ឈមណ្ឌលស្រាវស្រាវ Pew Research Center ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៉ីនតោនបានរកឃើញថា ប្រជាជនអាមេរិក ៦៥% យល់ថាពួកអេលៀន ឬមនុស្សក្រៅភពពិតជាមានមែន ហើយ ៥១ភាគរយ បាននិយាយថា ហេតុការណ៍ប្រទះឃើញ UFO ដែលរាយការណ៍ដោយកងកម្លាំងយោធាអាមេរិក គឺបានបញ្ជាក់ថា អេលៀនធ្លាប់មកដល់ភពផែនដីរួចទៅហើយ។ ក្នុងការស្ទង់មតិនោះ មជ្ឈមណ្ឌល Pew បានសាកសួរប្រជាជនអាមេរិកពេញវ័យចំនួន ១០,៤១៧នាក់ អំពីអេលៀន និង UFO។

គួរបញ្ជាក់ថា បើតាមរបាយការណ៍សម្ងាត់ខាងលើ ដែលត្រូវបានចេញផ្សាយកាលពីខែមិថុនាកន្លងទៅ ក្រុមអ្នកបើកយន្តហោះចម្បាំងនៃយោធាអាមេរិក ធ្លាប់បានកត់ត្រានូវហេតុការណ៍ពាក់ព័ន្ធនឹង UFO សរុបចំនួន ១៤៤លើក កាលពីចន្លោះឆ្នាំ២០០៤-២០២១ ដែលមិនអាចរកហេតុផលមកបកស្រាយឲ្យច្បាស់លាស់ថា ពួកវាទាំងនោះគឺជាវត្ថុអ្វីឲ្យប្រាកដឡើយ។

ទោះជាយ៉ាងណា នៅក្នុងរបាយការណ៍ដដែលនោះមិនបានដាក់ការសង្ស័យថា ពួកវាជាវត្ថុមកពីក្រៅភពឡើយ ព្រោះបើនិយាយឲ្យចំទៅ ថាសហោះ ឬ UFO គឺជាអក្សរកាត់មកពីពាក្យពេញថា Unidentified Flying Object ឬវត្ថុហោះហើរដែលគេមិនអាចកំណត់អត្តសញ្ញាណ និងប្រភពប៉ុណ្ណោះ។ ដូច្នេះវាអាចមានន័យថា វត្ថុនេះត្រូវបានបង្កើតឡើងដោយមនុស្ស ឬក៏ដោយអេលៀនក៏ថាបាន៕

លទ្ធផលស្ទង់មតិ៖ «ប្រជាជនអាមេរិក ៦៥% ជឿថាមានអេលៀន និង UFO មកកាន់ផែនដី»

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space (ថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១)

480×240 Banner