ចិនគ្រោងរៀបក្បួនរុញច្រានអាចម៍ផ្កាយ ដើម្បីត្រៀមសង្គ្រោះភពផែនដីនេះ ពីគ្រោះមហន្តរាយដ៏ធំ…
(ប៉េកាំង)៖ ក្រុមអ្នកវិទ្យាសាស្ត្រចិនពេលនេះ កំពុងតែគិតគូអំពីការបាញ់ តេស្តគ្រាប់រ៉ុក្កែតសរុបជាង ២០គ្រាប់ ដើម្បីរៀបចំឲ្យចេញជាកម្លាំងរួមមួយ ក្នុងការរុញច្រានអាចម៍ផ្កាយ ដែលអាចមានឱកាសស្តួចស្តើងបំផុត ក្នុងការបំផ្លាញជីវិតលើភពផែនដី នៅថ្ងៃអនាគត។ អ្វីដែលចិន និងពិភពលោកទាំងមូល កំពុងតែផ្តោតការយកចិត្តទុកដាក់ រហូតដល់ខ្លះមានព្រួយបារម្ភខ្លាំងបំផុតនោះ គឺអាចម៍ផ្កាយ ប៊ែននូ (Bennu) ដែលមានទម្ងន់រហូតដល់ ៨៥.៥លានតោន។

អាចម៍ផ្កាយមួយនេះ អាចនឹងគោចរមកកៀកភពផែនដីបំផុតក្នុងរង្វង់ ៤.៦លានគីឡូម៉ែត្រ នៅចន្លោះឆ្នាំ ២១៧៥ និង ២១៩៩។ បើតាមការគណនា ឱកាសដែលអាចម៍ផ្កាយ Bennu អាចហោះមកបុកភពផែនដីនោះ មានស្តួចស្តើងជាទីបំផុតគឺតែ ១/២,៧០០ ប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ទំហំមុខកាត់របស់ Bennu វិញគឺជាង ៥០០ម៉ែត្រ ហេតុដូច្នេះនៅពេលវាមកបុកទង្គិចជាមួយភពផែនដី នោះសោកនាដកម្មដ៏ធំធេង ប្រាកដជានឹងកើតមាន។

ថាមពលប៉ះទង្គិចដែល Bennu អាចមានមកលើភពផែនដី គឺប្រមាណជា ១,២០០មេហ្គាតោន (1,200 megatons) ឬយើងអាចគណនាដូច្នេះវិញថា វាមានកម្រិតខ្លាំងជាងគ្រាប់បែកបរមាណូ ដែលសហរដ្ឋអាមេរិកបានទម្លាក់ លើទីក្រុង Hiroshima របស់ជប៉ុនរហូតដល់ទៅ ៨០,០០០ដងឯណោះ។ ការប្រៀបធៀបឲ្យងាយយល់មួយទៀត គឺអាចម៍ផ្កាយ Chixulub ដែលបានផ្តាច់ពូជពួកដាណូស័រកាលពី ៦៦លានឆ្នាំមុន មានថាមពលនៃការប៉ះទង្គិចមកលើផែនដីរហូតដល់ ១០០លានមេហ្គាតោន (100 million megatons)។

ជុំវិញគម្រោងខាងលើនេះ ក្រុមអ្នកវិទ្យាសាស្ត្រនៃរដ្ឋបាលអវកាសចិន (CNSA) បានបង្ហើបថា គ្រាប់រ៉ុក្កែត Long March 5 សរុបចំនួន ២៣គ្រាប់ ដែលក្នុងមួយគ្រាប់ៗមានទម្ងន់ ៩៩២តោន នឹងត្រូវបាញ់ឡើងទៅកាន់ទីអវកាស ហើយពួកវានឹងត្រូវរួមគ្នាបុកក្នុងពេលព្រមៗគ្នា នៅពេលអាចម៍ផ្កាយមកដល់រយៈចម្ងាយ ៩,០០០គីឡូម៉ែត្រពីផ្ទៃផែនដី។ ការធ្វើបែបនេះនឹងអាចរុញឲ្យអាចម៍ផ្កាយនោះ រេទិសដៅចេញពីភពផែនដីវិញមិនខាន។

លោក Mingtao Li វិស្វករផ្នែកវិទ្យាសាស្ត្រនៃ CNSA បានលើកឡើងយ៉ាងដូច្នេះថា «ការវាយប្រហារដោយអាចម៍ផ្កាយនានា គឺជាការគំរាមកំហែងធំធេង ចំពោះជីវិតទាំងអស់លើភពផែនដី។ ការបង្កើតគម្រោងបង្វែទិសដៅអាចម៍ផ្កាយ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការកាត់បន្ថយការគំរាមកំហែងនេះ»។ ដោយឡែកគម្រោងស្រដៀងគ្នានេះ ក៏ធ្លាប់ត្រូវបានបង្ហាញដោយអង្គការ NASA នៃសហរដ្ឋអាមេរិកផងដែរ នោះគឺមានឈ្មោះថា HAMMER៕
ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Live Science (ថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១)
