កុំភ្លេចតាមដាន! កំពូលមហាសេដ្ឋីអាមេរិក Jeff Bezos នឹងជិះយានឡើងទៅកាន់ទីអវកាស នៅសប្តាហ៍ក្រោយ!

1,134

(អាមេរិក)៖ កំពូលមហាសេដ្ឋីអាមេរិកលោក Jeff Bezos ដែលត្រូវជាម្ចាស់ក្រុមហ៊ុនអវកាស Blue Origin នៅទីបំផុតបានទទួលការអនុញ្ញាតពីអាជ្ញាធរអាមេរិក សម្រាប់ការជិះយានអវកាស New Shepard ឡើងទៅកាន់ទីអវកាសហើយ ដោយវានឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយនេះតែម្តង គឺនៅថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២១ (ពេលវេលានៅសហរដ្ឋអាមេរិក)។

អាចថានៅសល់ពេលតែ ១សប្តាហ៍ទៀតប៉ុណ្ណោះ សម្រាប់ការហោះហើរនៃយាន New Shephard ដែលនឹងត្រូវធ្វើការ Live តាមរយៈវែបសាយ BlueOrigin.com និង Space.com ផងដែរ។ ការរៀបចំនឹងចាប់ផ្តើម នៅវេលាម៉ោង ៧៖៣០នាទីព្រឹកថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២១ ហើយការហោះឡើងនឹងប្រព្រឹត្តទៅនៅវេលាម៉ោង ៩៖០០នាទីព្រឹក (ម៉ោងនៅវ៉ាស៊ីនតោន)។ ទោះជាយ៉ាងណា ការផ្លាស់ប្តូរម៉ោងពេល ក៏នឹងអាចកើតមានផងដែរ អាស្រ័យលើកត្តាអាកាសធាតុ។

សម្រាប់អ្នករួមដំណើរជាមួយលោក Jeff Bezos មានចំនួនបីរូប ដោយទីមួយគឺលោកស្រី Wally Funk អវកាសយានិកជើងចាស់ នៃសហរដ្ឋអាមេរិក រួមទាំងប្អូនប្រុសរបស់លោក Jeff Bezos ផ្ទាល់ឈ្មោះ Mark និងមនុស្សម្នាក់ទៀត ដែលបានចំណាយប្រាក់រហូតដល់ទៅ ២៨លានដុល្លារអាមេរិក ដើម្បីចូលរួមបេសកកម្មហោះហើរជាប្រវត្តិសាស្ត្រនេះ។

គួរបញ្ជាក់ថា យានអវកាស New Shepard ដែលរួមមានបន្ទប់ផ្ទុកអ្នកដំំណើរ និងបញ្ជាការហោះហើរ (capsule) ព្រមទាំងរ៉ុក្កែតរុញច្រាន នឹងត្រូវដឹកជញ្ជូនទៅកាន់ទីតាំងបាញ់បង្ហោះ Launch Site One ស្ថិតនៅតំបន់វាលខ្សាច់ដាច់ស្រយាលមួយ នៃភាគខាងលិចរដ្ឋតិចសាស់។ បើតាមក្រុមហ៊ុន Blue Origina បានឲ្យដឹងទៀតថា តំបន់ជុំវិញ Launch Site One នឹងត្រូវបិទមិនឲ្យមានការចូល ទៅទីនោះឡើយនៅប៉ុន្មានថ្ងៃនៃការត្រៀម និងរៀបចំធ្វើការហោះហើរ។

កុំភ្លេចតាមដាន! កំពូលមហាសេដ្ឋីអាមេរិក Jeff Bezos នឹងជិះយានឡើងទៅកាន់ទីអវកាស នៅសប្តាហ៍ក្រោយ!

យានអវកាស New Shepard ទាំងមូលមានកម្ពស់ ១៨ម៉ែត្រ ត្រូវបានក្រុមហ៊ុន Blue Origin កំណត់ថា នឹងហោះហើរនាំកំពូលមហាសេដ្ឋី Jeff Bezos ព្រមទាំងអ្នករួមដំណើរផ្សេងៗទៀតទៅដល់រយៈកម្ពស់ ១០០គីឡូម៉ែត្រពីផ្ទៃផែនដី។ ទីនោះហើយត្រូវបានចាត់ទុកថា ជាតំបន់ព្រំដែនរវាងបរិយាកាសផែនដី និងទីអវកាស ដែលត្រូវបានកំណត់តាមផ្លូវច្បាប់ និងបទដ្ឋានវិទ្យាសាស្ត្រ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ space (ថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១)

480×240 Banner