NASA ព្រមានទុកមុន៖ «អំលុងទសវត្សរ៍ ២០៣០ ផែនដីនឹងរងគ្រោះ ទឹកជំនន់ធ្ងន់ធ្ងរបំផុត ដែលបង្កឡើងដោយព្រះចន្ទ» (មានវីដេអូបកស្រាយ)

0 39,774

(អាមេរិក)៖ អង្គការ NASA នៃសហរដ្ឋអាមេរិកបានចេញសេចក្តីព្រមាន ឲ្យពិភពលោកត្រៀមខ្លួនទុកជាមុន សម្រាប់បាតុភូតប្រែប្រួល នៃចលនាគោចររបស់ព្រះចន្ទ ជុំវិញភពផែនដីយើងនេះ ដោយវានឹងបង្កឲ្យនីវ៉ូទឹកសមុទ្រកើនឡើងមិនទៀងទាត់ នៅអំឡុងទសវត្សរ៍ ២០៣០ ខាងមុខនេះ។

តំបន់ដែលនឹងទទួលរងគ្រោះធ្ងន់ធ្ងរជាងគេ គឺជាតំបន់ជាប់ឆ្នេរសមុទ្រ នៅទូទាំងពិភពលោក ហើយសម្រាប់សហរដ្ឋអាមេរិកផ្ទាល់ គឺគ្រប់ឆ្នេរសមុទ្រនៅតាមរដ្ឋទាំងអស់ នឹងទទួលរងបាតុភូតរលកធំៗ ឬអាចឈានដល់រលកយក្សស៊ូណាមិ (Tsunami) នៅពេលដំណើរគោចររបស់ព្រះចន្ទ នៅជុំវិញផែនដីមានការប្រែប្រួលខ្លាំង ឬជាភាសាបច្ចេកទេសហៅថា «Moon Wobble»។ វាជាបាតុភូតដែលឥទ្ធិពលពីព្រះចន្ទ នឹងបង្កឲ្យមានទឹកជោរខ្លាំងជាងធម្មតា និងនៅក្នុងរយៈពេលវែងនៅលើផែនដី។

ការសិក្សាខាងលើនេះ ត្រូវបានបញ្ចេញដោយ ក្រុមការងារសិក្សាវិទ្យាសាស្ត្រ នៃការប្រែប្រួលកម្រិតនីវ៉ូទឹកសមុទ្រ (NSLCST) របស់សាកលវិទ្យាល័យរដ្ឋ Hawaii សហរដ្ឋអាមេរិក ដែលត្រូវបានចេញផ្សាយនៅក្នុងខែកក្កដា ឆ្នាំ២០២១នេះ។ ពួកគេបានរកឃើញថា «អ្វីៗត្រូវមើលទៅលើការប្រែប្រួល នៃដំណើរគោចររបស់ព្រះចន្ទជុំវិញភពផែនដី»។

អង្គការ NASA បានពន្យល់ថា គ្រោះទឹកជំនន់បង្កឡើងដោយទឹកជោរខ្លាំងក្លា អាចកើតមានជាតំបន់ៗ ដែលនឹងអូសបន្លាយរហូតដល់ទៅ ១ខែ ឬអាចយូរជាងនេះ ហើយប្រការនេះសបញ្ជាក់ថា វានឹងមានស្ថានភាពធ្ងន់ធ្ងរ ជាងអ្វីដែលយើងធ្លាប់ជួបប្រទះពីមុន ដោយអាស្រ័យទៅលើ កម្រិតនៃបម្រែបម្រួលទីតាំងរវាងផែនដី ព្រះចន្ទ និងព្រះអាទិត្យ ថាតើស្ថិតក្នុងកម្រិតខ្លាំងប៉ុណ្ណា។

១៖ តើការប្រែប្រួលដំណើរគោចរនៃព្រះចន្ទ ជុំវិញភពផែនដី (Moon Wobble) មានន័យដូចម្តេច?

បើតាមក្រុមអ្នកសិក្សាខាងលើនេះ បម្រែបម្រួលនៃការគោចររបស់ព្រះចន្ទ នឹងមានរយៈពេលប្រមាណ ១៨.៦ឆ្នាំ ដែលជាថេរវេលានៃវដ្តន៍របស់វា ហើយនៅពេលដំណើរប្រែប្រួលចាប់ផ្តើមដំបូងៗ នៅអំលុងពាក់កណ្តាលទសវត្សរ៍ ២០៣០ វានឹងមានស្ថានភាពស្រាលប៉ុណ្ណោះ សម្រាប់ទឹកជំនន់ដែលបង្កឡើងដោយ ជំនោរសមុទ្រ។ ប៉ុន្តែនៅពេលដំណើរប្រែប្រួលនោះ ឈានដល់កម្រិតកំពូល នោះស្ថានភាពនឹងកាន់តែអាក្រក់ខ្លាំង ឈានចូលដល់ទសវត្សរ៍ ២០៤០។

បច្ចុប្បន្ននេះ ព្រះចន្ទកំពុងស្ថិតនៅក្នុងដំណើរ នៃវដ្តន៍ពីមុនរួចទៅហើយ ដូច្នេះវាមិនបានបង្កការព្រួយបារម្ភ ចំពោះការកើតមានគ្រោះទឹកជំនន់ ធ្ងន់ធ្ងរខ្លាំងនោះឡើយ។ ទោះជាយ៉ាងណា នៅពេលព្រះចន្ទឈានចូលដល់ វដ្តន៍ថ្មីនៃការប្រែប្រួល នោះនីវ៉ូទឹកសមុទ្រនឹងមានរយៈពេលរហូតដល់ជិត ១០ឆ្នាំ នៅក្នុងការកើនឡើង។

សម្រាប់នៅសហរដ្ឋអាមេរិក ការកើនឡើងនីវ៉ូទឹកសមុទ្រ ដែលបង្កឡើងដោយការប្រែប្រួល នៃដំណើរគោចររបស់ព្រះចន្ទនោះ នឹងធ្វើឲ្យតំបន់ឆ្នេរភាគច្រើន ក្នុងនោះរួមទាំងនៅកោះ Hawaii និងកោះ Guam ផងដែរត្រូវរងការលិចលង់។ ដោយឡែកមានតែតំបន់ឆ្នេរនៃប៉ូលខាងជើង ដូចជានៅរដ្ឋ Alaska ប៉ុណ្ណោះ ដែលនឹងមិនរងគ្រោះខ្លាំង ព្រោះតែដីតំបន់ទាំងនោះ នឹងពើងឡើងខ្ពស់ដោយសារតែបម្រែបម្រួល នៃសណ្ឋានដីភូមិសាស្ត្រជាសកល ដូច្នេះបាតុភូតទឹកជោរខ្លាំង នឹងមិនបង្កការគំរាមកំហែងខ្លាំងឡើយ។

២៖ តើការប្រែប្រួលដំណើរគោចរ នៃព្រះចន្ទជុំវិញភពផែនដី មានស្ថានភាពអាក្រក់ដល់កម្រិតណា?

ក្រុមអ្នកវិទ្យាសាស្ត្របានគណនាថា នៅអំឡុងទសវត្សរ៍ ២០៣០ ទឹកជំនន់នឹងកើតមានជាមធ្យម ២,០០០ករណីក្នុងមួយឆ្នាំៗ បើធៀបនឹងឆ្នាំ២០១៩ ដែលបានកើតមានតែជាង ៦០០ករណីប៉ុណ្ណោះ។ ប្រធានអង្គការ NASA លោក Bill Nelson បានអះអាងថា ការរួមបញ្ចូលគ្នានូវបាតុភូត ព្រះចន្ទប្រែប្រួលទំនាញពេលគោចរជុំវិញផែនដី ដែលបង្កឲ្យមានបញ្ហាទឹកជោរធ្ងន់ធ្ងរ បូករួមនឹងការប្រែប្រួលអាកាសធាតុ គឺជាមូលហេតុចម្បងៗ ដែលស្ថិតនៅពីក្រោយគ្រោះទឹកជំនន់ ដូចបានព្យាករណ៍កន្លងមកនេះ។

NASA ព្រមានទុកមុន៖ «អំលុងទសវត្សរ៍ ២០៣០ ភពផែនដីនឹងរងគ្រោះ ទឹកជំនន់ធ្ងន់ធ្ងរបំផុត ដែលបង្កឡើងដោយព្រះចន្ទ…»

បើតាមលោក Nelson តំបន់ទំនាបៗដែលមិនសូវខ្ពស់ផុត ពីកម្ពស់នីវ៉ូទឹកសមុទ្រប៉ុន្មាននោះ គឺនឹងត្រូវស្ថិតក្រោមហានិភ័យ កាន់តែខ្លាំងថែមទៀត។ យោងតាមការសិក្សាខាងលើ គ្រោះទឹកជំនន់អំលុងទសវត្សរ៍ឆ្នាំ ២០៣០ ខ្លះអាចមានរយៈពេលជាងមួយខែ ហើយដោយអាស្រ័យលើទីតាំងរវាងព្រះចន្ទ ព្រះអាទិត្យ និងផែនដី ទីក្រុងមួយចំនួននៅលើពិភពលោក ប្រហែលជាអាចទទួលរងទឹកជំនន់ ជាច្រើនគ្នាជាប់ៗគ្នា ឬមួយក៏រំលងគ្នា។

ជាចុងក្រោយ អង្គការ NASA បានបង្ហាញក្តីសង្ឃឹមថា ការផ្សព្វផ្សាយលទ្ធផលសិក្សាខាងលើនេះ នឹងប្រហែលអាចជួយទីក្រុង ក៏ដូចជាតំបន់ដែលនឹងប្រឈមហានិភ័យខ្លាំង ចាប់ផ្តើមពីឥឡូវទៅនូវការរៀបចំត្រៀមលក្ខណៈ តាមរយៈចំណាត់ការផ្សេងៗដែលអាចទៅរួច ដើម្បីបង្ការកុំឲ្យមានការបំផ្លិចបំផ្លាញច្រើនធ្ងន់ធ្ងរខ្លាំង៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ NASA (ថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១)

Leave A Reply

Your email address will not be published.