ទីបំផុត Hubble អាយុ ៣១ឆ្នាំ អាចដំណើរការឡើងវិញ, NASA ចំណាយពេលច្រើនសប្តាហ៍ ទើបជួសជុលបាន

1,221

(អាមេរិក)៖ ទីបំផុតកែវយឺតអវកាស Hubble របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានវិលត្រលប់ទៅធ្វើប្រតិបត្តិការដូចដើមវិញហើយ ក្រោយខកខានអង្កេតមើលចក្រវាល អស់រយៈពេលជាងមួយខែ ដោយសារតែបញ្ហាប្រព័ន្ធកុំព្យូទ័រ ដ៏មានវ័យចំណាស់របស់វា។

កាលពីថ្ងៃទី១៣ ខែមិថុនាកន្លងទៅ ប្រព័ន្ធកុំព្យូទ័ររបស់ Hubble ដែលមានតួនាទីគ្រប់គ្រង និងសម្របសម្រួលឧបករណ៍វិទ្យាសាស្រ្តទាំងអស់ ដែលបំពាក់លើនោះសុខៗស្រាប់តែគាំងដំណើរការ។ នៅពេលដែលប្រព័ន្ធកុំព្យូទ័រធំរបស់វា មិនបានទទួលសញ្ញាពីប្រព័ន្ធកុំព្យូទ័រមួយនោះ ឧបករណ៍វិទ្យាសាស្រ្តទាំងអស់ ដែលវាប្រើសម្រាប់ប្រតិបត្តិការអង្កេតទីអវកាស គឺត្រូវបានបញ្ជាឲ្យផ្អាកដំណើរការ ដោយស្ថិតក្រោមទម្រង់សុវត្ថិភាព ឬ safe mode។ ចាប់ពីពេលនោះ Hubble ក៏លែងអាចបន្តការងារបានទៀត ខណៈដែលក្រុមបេសកកម្មនៅលើផែនដី ខំប្រឹងវិភាគស្ថានការណ៍ ដើម្បីព្យាយាមដោះស្រាយបញ្ហាឲ្យបានឆាប់។

ទោះជាយ៉ាងណា ពួកគេបានចំណាយពេលជាច្រើនសប្តាហ៍ ទម្រាំតែអាចកំណត់ឃើញមូលហេតុ ហើយធ្វើឲ្យ Hubble អាចដំណើរការដូចធម្មតាវិញ។ បើតាមក្រុមការងារបេសកកម្ម Hubble មូលហេតុគឺពាក់ព័ន្ធជាមួយឧបករណ៍មួយ ដែលគ្រប់គ្រងលើការផ្តល់ថាមពលចរន្តអគ្គិសនី ឲ្យទៅប្រព័ន្ធកុំព្យូទ័រដែលជួបបញ្ហាខាងលើ។

គួរបញ្ជាក់ថា កែវយឺតអវកាស Hubble បានធ្វើប្រតិបត្តិការឡើងវិញ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន។ វាត្រូវបានបញ្ជូនឡើងទៅកាន់ទីអវកាស តាំងពីឆ្នាំ១៩៩០មកម្ល៉េះ ដែលគិតមកទល់ពេលនេះគឺជាង ៣១ឆ្នាំហើយ ប៉ុន្តែវាបានជួយផ្លាស់ប្តូរការយល់ដឹងយ៉ាងច្រើន របស់មនុស្សយើងអំពីចក្រវាឡដ៏ធំល្វឹងល្វើយ ជាពិសេសគឺរូបភាពស្អាតៗល្បីៗអំពីចក្រវាល ដែលយើងមានដូចបច្ចុប្បន្ននេះ គឺសុទ្ធសឹងតែ Hubble ជាអ្នកផ្តិតយកបាន៕

ទីបំផុត Hubble អាយុ ៣១ឆ្នាំ អាចដំណើរការឡើងវិញ, NASA ចំណាយពេលច្រើនសប្តាហ៍ ទើបជួសជុលបាន

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space (ថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១)

480×240 Banner