ជាលើកដំបូង! រកឃើញ «ព្រះចន្ទកំពុងចាប់កំណើត នៅជុំវិញភពមួយចម្ងាយ ៤០០ឆ្នាំពន្លឺពីផែនដី» (មានវីដេអូបកស្រាយ)
(អាមេរិកឡាទីន)៖ ក្រុមតារាវិទូអន្តរជាតិបានប្រើប្រាស់ តេឡេស្កូប ALMA ដ៏ធំនៅលើភពផែនដី និងអង្កេតឃើញព្រះចន្ទមួយដួង កំពុងតែកកើតនៅជុំវិញភពមេរបស់វា ដែលស្ថិតនៅចម្ងាយខ្ទង់ ៤០០ឆ្នាំពន្លឺពីភពផែនដីយើង។ ភពនៅប្រព័ន្ធផ្កាយផ្សេងនោះមានឈ្មោះថា PDS 70c ដែលកំពុងគោចរនៅជុំវិញផ្កាយ PDS 70។

តាមពិតទៅនេះមិនមែនជាលើកដំបូងឡើយ ដែលក្រុមតារាវិទូបានអង្កេតឃើញ ព្រះចន្ទកំពុងកកើតជុំវិញភព ប៉ុន្តែវាជាលើកដំបូងបំផុតដែលពួកគេ បានកំណត់ប្រព័ន្ធច្បាស់លាស់មួយ ដែលមានទិដ្ឋភាពបែបនេះកើតឡើង និងប្រកាសចេញជាផ្លូវការឲ្យពិភពលោកបានដឹង។ តារាវិទូ Myriam Benisty អ្នកដឹកនាំការស្រាវជ្រាវខាងលើ មកពីសាកលវិទ្យាល័យ Grenoble និងសាកលវិទ្យាល័យ ឈីលី (Chile) បានលើកឡើងថា «ការងាររបស់យើងបានបង្ហាញឲ្យឃើញនូវបន្ទះឌីសមួយ ដែលភពរណប (ព្រះចន្ទ) កំពុងប្រមូលផ្តុំរូបរាងនៅក្នុងនោះ»។

គួរបញ្ជាក់ថា ភព PDS 70c គឺជាភពទី ២ នៅក្នុងប្រព័ន្ធផ្កាយ PDS 70 ដោយវានៅមានបងប្អូនមួយទៀតឈ្មោះ PDS 70b គោចរនៅកៀកផ្កាយនោះជាងគេ។ ភពវ័យក្មេងទាំងពីរនេះសុទ្ធសឹងតែជាប្រភេទ ភពឧស្ម័នយក្ស (Gas Giants) ដោយភព PDS 70c ដែលមានព្រះចន្ទមួយ កំពុងប្រមូលផ្តុំរូបរាងនៅជុំវិញខ្លួនវានោះ មានបុគ្គលិកលក្ខណៈ មិនសូវខុសពីភពព្រហស្បតិ៍ (Jupiter) របស់យើងឡើយ។

បើតាមតារាវិទូ Miriam Keppler ដែលជាអ្នកសហការក្នុងការសិក្សាខាងលើនេះ បានពន្យល់បន្ថែមថា «ភព Exoplanet ជាង ៤,០០០ភពមកហើយ ត្រូវបានរកឃើញគិតត្រឹមពេលនេះ ប៉ុន្តែភពទាំងអស់នោះត្រូវបានរកឃើញ នៅក្នុងលក្ខណៈដែលពួកវា បានរីកធំធាត់រួចទៅហើយ។ មិនដូចភពទាំងពីរគឺ PDS 70b និង PDS 70c ទាំងនេះទេ ដែលពួកវាកំពុងតែចាប់កំណើត ប្រៀបបីដូចជាភពសៅរ៍ និងភពព្រហស្បតិ៍ ដែលកំពុងចាប់កំណើតជាគូពីមុនដែរ… ពួកវាជាប្រភេទភព Exoplanets ដែលត្រូវបានក្រុមតារាវិទូអង្កេតឃើញថា កំពុងបន្តប្រមូលផ្តុំរូបរាងនៅឡើយ តាមរយៈបន្ទះឌីសធូលីនៅជុំវិញពួកវា…»។

ការរកឃើញខាងលើនេះដែរ គឺទទួលបានជំនួយដ៏ធំធេងពីតេឡេស្កូប Atacama (ALMA) និងមន្ទីរពិសោធន៍ ESO របស់អឺរ៉ុប ស្ថិតនៅលើវាលខ្សាច់ Atacama ភាគខាងជើងប្រទេសឈីលី។ បើតាមក្រុមការងារមកពីសាកលវិទ្យាល័យ Grenoble និងសាកលវិទ្យាល័យឈីលី កម្ទេចធូលីនៅជុំវិញភពរបស់ប្រព័ន្ធផ្កាយ PDS 70 អាចកកើតជាព្រះចន្ទសរុបរហូតដល់ទៅ ០៣ ឯណោះ ដែលពួកវានឹងអាចមានទំហំ ប្រហាក់ប្រហែលនឹងព្រះចន្ទរបស់ផែនដីយើង នៅពេលដំណើរការកកើតនោះរួចរាល់៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space (ថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១)
