គ្មានបញ្ហា! អាចម៍ផ្កាយមានទំហំប្រហែល មហាប្រាសាទពីរ៉ាមីដ Giza ទើបហោះឆ្លងកាត់ផែនដី ប្រកបដោយសុវត្ថិភាព…
(បរទេស)៖ អាចម៍ផ្កាយមួយដុំដែលមានទំហំប្រហាក់ប្រហែលនឹង មហាប្រាសាទពីរ៉ាមីដនៅជីសា (Great Pyramid of Giza) នៃប្រទេសអេហ្ស៊ីប បានហោះឆ្លងកាត់ភពផែនដី ដោយសុវត្ថិភាពកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។ បើតាមអង្គការ NASA អាចម៍ផ្កាយខាងលើនេះមានឈ្មោះសម្គាល់ថា 2008 GO20 បានហោះឆ្លងកាត់ពីមុខភពផែនដី នៅក្នុងរយៈចម្ងាយ ៤.៥លានគីឡូម៉ែត្រ នៅក្នុងល្បឿនជិត ២៩,០០០គីឡូម៉ែត្រក្នុង១ម៉ោង។

បើតាមក្រុមអ្នកវិទ្យាសាស្ត្រ អាចម៍ផ្កាយមានទំហំមុខកាត់ចាប់ពី ១៥០ម៉ែត្រឡើងទៅ ដែលត្រូវបានអង្កេតដឹងថា នឹងហោះមកកៀកភពភពផែនដីចាប់ពីគម្លាត ៧.៥លានគីឡូម៉ែត្រចុះក្រោម គឺនឹងត្រូវចាត់ទុកថា អាចមានលទ្ធភាពបង្កការគំរាមកំហែង ចំពោះសុវត្ថិភាពភពយើង។ ហេតុដូច្នេះទើបអង្គការ NASA បានដាក់ការតាមដានចំពោះ 2008 GO20 ដែលត្រូវបានគេដឹងថា នឹងហោះមកក្នុងគម្លាតត្រឹមតែ ៤.៥-៥លានគីឡូម៉ែត្រប៉ុណ្ណោះ។

2008 GO20 មានមុខកាត់ចន្លោះពី ៩៧-២២០ម៉ែត្រ ខណៈមហាប្រាសាទពីរ៉ាមីដនៅ Giza មានមានកម្ពស់ ១៣៨ម៉ែត្រ (ធំក្រោមស្តួចលើ) ដូច្នេះយើងអាចចាត់ទុកបានថា គឺមានទំហំប្រហាក់ប្រហែលគ្នា។ យ៉ាងណាក៏ដោយ នេះមិនមែនជារឿងគួរឲ្យព្រឺក្បាល សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រនោះឡើយ ដោយអ្វីដែលគួរឲ្យរន្ធត់បំផុតនោះ គឺកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ អាចម៍ផ្កាយមួយដុំមានឈ្មោះថា 2020 QG បានហោះឆ្លងកាត់ភពផែនដី ក្នុងគម្លាតត្រឹមតែ ២,៩៥០គីឡូម៉ែត្រប៉ុណ្ណោះ ពីលើតំបន់មហាសមុទ្រឥណ្ឌា ប៉ុន្តែវាមានទំហំតូចប៉ុណ្ណោះ បើទោះបីជាធ្លាក់មកលើផែនដី ក៏ត្រឹមផ្ទុះខ្ទេចអស់ក្នុងបរិយាកាស និងមិនអាចគំរាមកំហែង ដល់អាយុជីវិតមនុស្សឡើយ។

បើតាមអង្គការ NASA អាចម៍ផ្កាយ 2008 GO20 ធ្លាប់បានមកបំពេញទស្សនកិច្ចជិតៗភពផែនដីយើង ប៉ុន្មានលើករួចមកហើយដែលមនុស្សបានដឹង នោះគឺកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ១៩០១ វាបានមកជិតផែនដីក្នុងគម្លាត ១.៣លានគីឡូម៉ែត្រ និងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ១៩៣៥ ក្នុងគម្លាត ១.៨៥លានគីឡូម៉ែត្រ ដែលកៀកជាងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ នេះឆ្ងាយណាស់៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ NASA/Space (ថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១)
