តើការរកឃើញ «ចំហាយទឹក» ជះចេញពីព្រះចន្ទយក្ស Ganymede នៃភពព្រហស្បតិ៍ មានន័យដូចម្តេច?

2,354

(បរទេស)៖ លទ្ធផលសិក្សាថ្មីមួយបានបង្ហាញថា ក្រុមតារាវិទូបានរកឃើញជាលើកដំបូង នូវភស្តុតាងនៃ «ចំហាយទឹក» នៅលើព្រះចន្ទធំជាងគេបំផុត ក្នុងប្រព័ន្ធព្រះអាទិត្យ គឺព្រះចន្ទយក្ស ហ្គេនីមីដ (Ganymede) របស់ភពព្រហស្បតិ៍ (Jupiter) ដែលកំពុងទាក់ទាញឲ្យក្រុមអ្នកស្នេហាវិស័យវិទ្យាសាស្ត្រ និងអវកាសមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ការស្រាវជ្រាវកន្លងៗមកបានឲ្យតំរុយថា ព្រះចន្ទ Ganymede ដែលមានទំហំធំជាងភពពុធ (Mercury) និងតូចជាងភពអង្គារ (Mars) បន្តិចនោះ ប្រហែលមានផ្ទុកទឹកច្រើនជាង នៅលើផែនដីទៅទៀត។ ក៏ប៉ុន្តែព្រះចន្ទ Ganymede មានសីតុណ្ហភាពត្រជាក់ខ្លាំង ដែលធ្វើឲ្យទឹកនៅលើផ្ទៃ របស់វាកករឹងទាំងអស់។ សម្រាប់ទឹកដែលវាអាចមានក្នុងទម្រង់រាវ គឺច្បាស់ជាត្រូវកប់នៅជម្រៅប្រហែល ១៦០គីឡូម៉ែត្រពីផ្ទៃខាងលើ។

យោងតាមការសិក្សាពីមុនៗដដែល ទឹកកកនៅលើផ្ទៃរបស់ព្រះចន្ទ Ganymede អាចប្រែក្លាយពីទម្រង់រឹងទៅជាឧស្ម័នផ្ទាល់តែម្តង ដោយពុំត្រូវឆ្លងកាត់ ការប្រែទៅជាទម្រង់រាវសិនឡើយ។ ដូច្នេះហើយ ក្នុងស្រទាប់បរិយាកាសដ៏ស្តើងរបស់វា អាចមានផ្ទុកទៅដោយចំហាយទឹក ហើយទើបតែឥឡូវប៉ុណ្ណោះ ដែលភស្តុតាងនៃចំណាយទឹកនេះ ត្រូវបានប្រទះឃើញ។

តើការរកឃើញ «ចំហាយទឹក» ជះចេញពីព្រះចន្ទយក្ស Ganymede នៃភពព្រហស្បតិ៍ មានន័យដូចម្តេច?

គួរបញ្ជាក់ថា ក្នុងការសិក្សាថ្មីនោះ ក្រុមអ្នកស្រាវជ្រាវបានចំណាយពេល វិភាគទៅលើទិន្នន័យទាំងចាស់ទាំងថ្មី អំពីព្រះចន្ទ Ganymede ដែលបាន មកពីកែវយឺតអវកាស Hubble របស់ទីភ្នាក់ងារអវកាសអាមេរិក NASA។ ជាមួយអង្កត់ផ្ចិត ៥,២៦៨គីឡូម៉ែត្រ ព្រះចន្ទ Ganymede ជាព្រះចន្ទធំជាងគេបង្អស់ នៅក្នុងប្រព័ន្ធព្រះអាទិត្យ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ NASA/Space (ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១)

480×240 Banner