វាធំជាងភពព្រហស្បតិ៍យើង «៦ដង» និងមានឈ្មោះ «Coconuts-2b» ដែលជាភពមានលក្ខណៈពិសេសប្លែក (មានវីដេអូបកស្រាយ)

8,527

(បរទេស)៖ ភ្នែករបស់មនុស្សលោកតែងមើលឃើញ ដួងផ្កាយរាប់មិនអស់នាពេលរាត្រី ដែលមានមេឃស្រឡះល្អ ប៉ុន្តែយើងមិនអាចមើលឃើញភព ដែលគោចរជុំវិញពួកវា ឬដឹងថា ផ្កាយណាមួយមានភពកំពុងគោចរជុំវិញនោះឡើយ ប្រសិនបើគ្មានឧបករណ៍តេឡេស្កូបពិសេសៗ ដែលរង់ចាំសម្ងំអង្កេតមើលរាប់ខែឆ្នាំ ដើម្បីស្វែងរកពួកវាទាំងនោះតាមរយៈវិធីសាស្ត្រ Transit ឬការធ្វើដំណើរឆ្លងកាត់ពន្លឺ។

និស្សិតទើបតែបញ្ចប់ការសិក្សានៅឯវិទ្យាស្ថានតារាសាស្ត្រ នៃសាកលវិទ្យាល័យរដ្ឋ Hawaii សហរដ្ឋអាមេរិក បានផ្តិតយកដោយផ្ទាល់នូវរូបភាពភព Exoplanet មួយដែលស្ថិតនៅកៀកផែនដីយើងក្នុងរយៈចម្ងាយតែ ៣៥ឆ្នាំពន្លឺប៉ុណ្ណោះ (១ឆ្នាំពន្លឺ = ៩.៤៦១ពាន់ពាន់លានគីឡូម៉ែត្រ)។ បើតាមសាកលវិទ្យាល័យរដ្ឋ Hawaii និស្សិតម្នាក់នេះឈ្មោះ Zhoujian Zhang គឺជាអ្នកដឹកនាំការសិក្សាអំពីភពមួយនេះ។

បើតាមការពន្យល់ពីក្រុមអ្នកសិក្សាភពខាងលើនេះ ភព Exoplanets សរុបជាង ៤,០០០ភពហើយ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្ររកឃើញ ប៉ុន្តែពួកវាភាគច្រើនបំផុត គឺត្រូវបានបញ្ជាក់ «វត្តមាន» តាមរយៈដំណើរគោចរ Transit ឆ្លងកាត់ពីមុខពន្លឺផ្កាយពួកវា ដែលនាំឲ្យពន្លឺបិទបាំងប៉ុណ្ណោះ។ ដោយឡែកសម្រាប់ការរកឃើញភព ដែលត្រូវបានដាក់ឈ្មោះថា Coconuts-2b ខាងលើនេះវិញ គឺមិនមែនតាមវិធីនេះឡើយ។

ក្រុមតារាវិទូនៅ Hawaii បានរកឃើញ Coconuts-2b តាមរយៈការផ្តិតរូបភាពវាដោយផ្ទាល់ តាមរយៈតេឡេស្កូបប្រើពន្លឺ infrared។ ដោយសារតែ Coconuts-2b ជាភពដែលទើបបង្កើតឡើងថ្មីៗ និងមានទំហំធំជាងភពព្រហស្បតិ៍យើង រហូតដល់ទៅ ៦ដង នោះវាក៏បានអនុញ្ញាតឲ្យតេឡេស្កូប infrared ដែលមានមុខងារសម្រាប់បំពេញតួនាទីនេះ មើលឃើញពន្លឺនៃកំសួលកម្តៅ​នៅក្នុងបរិយាកាសភពនេះបាន ដែលជាហេតុនាំឲ្យពួកគេដឹងថា នោះជាភពមួយដែលកំពុងគោចរជុំវិញតារារបស់វា ស្ថិតនៅចម្ងាយ ៣៥ឆ្នាំពន្លឺពីផែនដី។

តាមពិតទៅ Coconuts-2b ត្រូវបានរកឃើញតាំងតែពីឆ្នាំ២០១១មកម្ល៉េះ ប៉ុន្តែកាលណោះក្រុមតារាវិទូបានគណនាថា ភពនេះទំនងជា «ភពតែលតោល» តែឯងប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ សម្រាប់អត្ថបទស្រាវជ្រាវតារាសាស្ត្រ ដែលត្រូវបានចុះផ្សាយនៅក្នុងកាសែត Astrophysical Journal Letters នៅចុងខែកក្កដា ឆ្នាំ២០២១វិញបានបង្ហាញថា Coconuts-2b តាមពិតទៅកំពុងគោចរ នៅជុំវិញផ្កាយមួយមានឈ្មោះថា Coconuts-2 ដែលពីមុនមកត្រូវបានដាក់ឈ្មោះថា ប្រព័ន្ធផ្កាយ Coconuts-1។ គម្លាតរវាងភព Coconuts-2b និងផ្កាយមេរបស់វាគឺស្មើនឹងគម្លាតរវាងផែនដី និងព្រះអាទិត្យគុណនឹង ៦,០០០ដង (១៥០លានគីឡូម៉ែត្រ X ៦,០០០)៕

វាធំជាងភពព្រហស្បតិ៍យើង «៦ដង» និងមានថា «Coconuts-2b» ជាភពមានលក្ខណៈពិសេសប្លែកមួយ…

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Cnet (ថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២១)

480×240 Banner