នេះមិនមែនជាសញ្ញាល្អឡើយ, រូបភាពពីផ្កាយរណបបង្ហាញថា ចរន្តទឹកមហាសមុទ្រមានចលនាកាន់តែខ្លាំង

4,084

(អូស្ត្រាលី)៖ កន្លងមកនេះក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បានប្រាប់យើងគ្រប់គ្នារួចទៅហើយ អំពីការកើនឡើងយ៉ាងឆាប់រហ័សនៃកម្តៅមហាសមុទ្រ និងនីវ៉ូទឹកសមុទ្រកំពុងកើនឡើង, ប៉ុន្តែបញ្ហានៅមិនទាន់បញ្ចប់ត្រឹមនេះឡើយ។ តាមរយៈបណ្តាញផ្កាយរណបជាច្រើន ដែលប្រទេសធំៗលើពិភពលោក ជាពិសេសសហរដ្ឋអាមេរិក អូស្ត្រាលីនិងអឺរ៉ុប បានដាក់ពង្រាយទៅក្នុងគន្លងគោចរជុំវិញផែនដីនោះ ពួកគេអាចប្រមូលផ្តុំទិន្នន័យដ៏គួរឲ្យតក់ស្លុតបន្ថែមទៀត។

ទិន្នន័យដែលត្រូវបានប្រមូលផ្តុំនៅក្នុងរយៈពេល ៣ទសវត្សរ៍មកនេះ បានប្រាប់យើងឲ្យដឹងថា ចរន្តនៃផ្ទៃមហាសមុទ្រ បាននិងកំពុងបង្កើនសកម្មភាពខ្លាំងឡើងៗ ពីមួយដំណាក់កាលទៅមួយដំណាក់កាល។ នៅក្នុងលទ្ធផលនៃការស្រាវជ្រាវរបស់សាកលវិទ្យាល័យជាតិអូស្ត្រាលី (Australian National University) ដែលត្រូវបានចុះផ្សាយម្តងរួចមកហើយនៅលើព្រឹត្តបទ Nature Climate Change កាលពីខែមេសា ឆ្នាំ២០២១ បានពន្យល់យើងអំពីរបៀបដែលចរន្តទឹកមហាសមុទ្រ កាន់តែមានថាមពលលើមួយផ្នែកធំ នៃផ្ទៃមហាសមុទ្រផែនដី។

«Ocean eddies ឬ ចរន្តទឹកកួចនៅលើផ្ទៃមហាសមុទ្រ» គឺជាផ្នែកដ៏សំខាន់មួយនៃការធ្វើចលនារបស់មហាសមុទ្រ។ ពួកវាមានតួនាទីផ្លាស់ទី ទឹកក្តៅនិងត្រជាក់ពីកន្លែងមួយទៅកន្លែងមួយទៀត ហើយពួកវាគ្រប់គ្រងលើការលាយបញ្ចូលគ្នានៃកម្តៅ កាបូន អំបិល និងសារធាតុចិញ្ចឹម ព្រមទាំងជះឥទ្ធិពលទៅលើស្ថានភាពមហាសមុទ្រទាំងក្នុងតំបន់ និងទូទាំងពិភពលោក។ ចរន្តទឹកកួចទាំងនេះ មានវត្តមាននៅពាសពេញមហាសមុទ្រទាំងអស់។

តាមរយៈការប្រើប្រាស់ទិន្នន័យពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ២០២០ ក្រុមអ្នកស្រាវជ្រាវអន្តរជាតិ បានវិភាគលើកម្លាំងនៃចរន្តទឹកកួចទាំងនោះ នៅជុំវិញពិភពលោក។ ពួកគេបានរកឃើញថា កន្លែងដែលសម្បូរពួកវា (Ocean eddies) គឺកាន់តែមានកំណើនបន្ថែមទៀតហើយ ហើយជាមធ្យមចរន្តទឹកទាំងនោះ កាន់តែមានថាមពលកើនឡើងរហូតដល់ទៅ ៥ភាគរយ ជារៀងរាល់ទសវត្សរ៍។

តំបន់មួយដែលក្រុមអ្នកស្រាវជ្រាវរកឃើញការផ្លាស់ប្តូរធំជាងគេ គឺនៅមហាសមុទ្រខាងត្បូង (Southern Ocean) ជាទីដែលគេស្គាល់ថា កន្លែងប្រមូលផ្តុំកម្តៅ និងស្តុកទុកសារធាតុកាបូនរបស់មហាសមុទ្រ។ រាប់ទសវត្សរ៍មកហើយ ក្រុមអ្នកវិទ្យាសាស្រ្តបានដឹងថា ចរន្តទឹកកួចនៅមហាសមុទ្រខាងត្បូង ជះឥទ្ធិពលទៅលើបាតុភូត ចរន្តផ្សាភ្ជាប់គ្នានៃមហាសមុទ្រទាំងអស់លើផែនដី ឬ overturning circulation។ ដូច្នេះហើយ កម្រិតការប្រែប្រួលនៃចរន្តទឹកកួច ដែលត្រូវបានមើលឃើញក្នុងការសិក្សាខាងលើ អាចប៉ះពាល់ដល់អត្រាដែលមហាសមុទ្រនានា «កាត់បន្ថយកម្តៅ និងកាបូន»។

រូបភាពពីផ្កាយរណបបង្ហាញថា ចរន្តទឹកមហាសមុទ្រមានចលនាកាន់តែខ្លាំង ដែលមិនមែនជាសញ្ញាល្អឡើយ…

យ៉ាងណាមិញ ចរន្តទឹកកួចទាំងនោះ ជារឿយៗមិនត្រូវបានគិតបញ្ចូលនោះឡើយ នៅក្នុងការព្យាករណ៍ពាក់ព័ន្ធនឹងកម្តៅផែនដី។ ដោយសារតែ ពួកវាមានទំហំតូចៗ ពួកវាទំនងជានឹងនៅតែជារបស់មិនអាចមើលឃើញ នៅក្នុងគំរូម៉ូដែលបច្ចុប្បន្ន ដែលគេប្រើប្រាស់ដើម្បីព្យាករណ៍អាកាសធាតុ នាពេលអនាគតនោះឡើយ។

ក្រុមអ្នកស្រាវជ្រាវខាងលើ បានលើកឡើងថា ការសិក្សារបស់ពួកគេ បានរំលេចឲ្យឃើញពីសារៈសំខាន់ ក្នុងការបញ្ចូលចរន្តទឹកកួចទាំងនេះ ទៅក្នុងការព្យាករណ៍អាកាសធាតុរបស់ពិភពលោក ហើយពួកគេបានសង្កត់ធ្ងន់ថា ប្រសិនបើយើងមិនធ្វើដូច្នោះទេ នោះពួកយើងអាចមើលរំលងនូវទិន្នន័យដ៏សំខាន់មួយ ដែលអាចជាកត្តាមួយផងដែរ ក្នុងការធ្វើជំរុញឲ្យភពផែនដីកើនឡើងកម្តៅ និងកើតមានបាតុភូតធម្មជាតិអាក្រក់ៗជាដើម៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ space (ថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១)

480×240 Banner